មន្រ្តី​រដ្ឋាភិបាល​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ហ៊ុន សែន ខណៈ​តុលាការ​បារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលថ្លែងការពារជំហររបស់លោកនាយករដ្ឋមន្រ្តី​ ជុំវិញ​​ការ​​ចោទ​​​ប្រកាន់​​របស់​​មេធាវីការពារក្ដីឱ្យសហស្ថាបនិកគណបក្សសង្រ្គោះ​ជាតិដែលត្រូវបានតុលា​ការរំលាយ ដោ​​យ​​​​អះ​​អាង​​ថា តុលាការ​ប្រទេសបារាំងពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនលោក ហ៊ុន សែន ឡើយ​​​​។

ប្រតិកម្មរបស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនេះ នៅបន្ទាប់ពី​​មេធាវី​​របស់​​លោក សម រង្ស៊ី ដែលជាជនជាតិបារាំងលោក ពីជែរ អូលីវីយ៉េ សៀ (Pierre Olivier Sur​) ត្រូវបានសារព័ត៌មាន AFP ស្រង់សម្ដីមកចុះផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយលើកឡើងថា តុលា​​ការ​​របស់​​ប្រ​​ទេស​​បារាំងកំពុងឈានទៅចាប់ខ្លួនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

តាមរយៈបទសម្ភាសន៍នេះ លោក ពីជែរ អូលីវីយ៉េ អះអាងថា ប្រសិនបើលោក ហ៊ុន សែន មិនមានអភ័យឯកសិទ្ធិការទូតទេ ប្រហែលពេលនេះ លោកនាយករដ្ឋមន្រ្តីកំពុង​​នៅក្នុង​​រង្វង់​​ក្រចកសេះជំនួសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាកូនចៅរបស់លោក​បាត់​​ទៅ​​ហើយ។

យ៉ាងនេះក្ដី សម្រាប់លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបញ្ជាក់ជំហរថា តុលាការ​​ប្រ​ទេស​​​​បារាំងមិនអាចធ្វើអ្វីស្រេចតែនឹងចិត្តបានឡើយ ម្យ៉ាងវិញទៀត​ កម្ពុជាមិនមែនស្ថិតក្រោម​​ឥទ្ធិ​​​​ពល​ប្រទេសបារាំងនោះដែរ។

លោក​បន្ថែមថា ក្រៅពីនេះ លោក ហ៊ុន សែន ក៏​មិនមែន​​ជាឧក្រិដ្ឋជននោះដែរ ហើយ​​​ថែមទាំងជាមេដឹកនាំដែលកំពុងកាន់អំណាចកើត​​ចេញពីការ​​បោះ​​​ឆ្នោត​​ថែម​ទៀតផង វាមិនមាន​​ហេតុ​​​​ផលណាមួយដែលតុលាការបារាំងត្រូវប្រើអំណាចរំលោភលើកម្ពុជាដែលផ្ទុយពី​​ច្បាប់​អន្តរ​​ជាតិ​​នោះឡើយ។

លោកបន្តថា៖ «ខ្ញុំអត់ជឿ! អត់ជឿតែម្ដង! ទី១ នាយករដ្ឋមន្រ្តីកម្ពុជាមិនមែនជាភេរវករ។ ទី២ មិនមែនជា​​អ្នក​​​សម្លាប់​​មនុស្សក្រៅប្រព័ន្ធតុលាការដូចខ្មែរក្រហម ដែលគេហៅថាបនប្រល័យពូជសាសន៍។ ទី៣​​ យុត្តាធិការបារាំង និងកម្ពុជា ហើយនៅក្នុងគោលការណ៍ច្បាប់ អត់មានកំណត់បែបហ្នឹងផង»។

បើតាមលោក ផៃ ស៊ីផាន មានតែលោក សម រង្ស៊ី ទៅវិញទេ ដែលជាអ្នកប្រព្រឹត្តបទល្មើស ហើយ​​ព្យា​​យាម​​ប្រើប្រាស់វេទិកាអន្តរជាតិនេះ ទម្លាក់កំហុសប្រឆាំងលោក ហ៊ុន សែន។

លោក ម៉ែន សុថាវរិន្ទ្រ មន្រ្តីដែលស្និទ្ធិនឹងលោក សម រង្ស៊ី ហើយក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ មក​​ពីណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ អះអាងថា ការពិតហើយ លោក​នាយ​ករ​​ដ្ឋមន្រ្តីអាចនឹង​ត្រូវប្រឈមមុខពីការចាប់ខ្លួនដោយ​​តុលាការ​​ប្រ​ទេ​សបារាំង។ លោកបន្តថា មូល​​ហេតុដោយសារលោក ហ៊ុន សែន ព្យាយាមការពារជនជាប់ចោទដែលជាកូនចៅរបស់លោក និង​​ជាអ្នកស្ថិត​​នៅពី​​ក្រោយ​​នៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃកាលពី២៥ឆ្នាំមុន។

លោកបន្តថា៖ «គេនឹងធ្វើហើយ! ព្រោះឥលូវនេះគេធ្វើមិនបាន ប៉ុន្តែថ្ងៃណាមួយដែលគាត់លែងជានាយក​រដ្ឋមន្រ្តី អាហ្នឹងគេអាចធ្វើបានហើយ។ តុលាការគេអាចធ្វើបានហើយ»។

ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ចូលក្នុងហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន ពោលកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានបណ្ដាលឱ្យមនុស្ស១៦​​នាក់​​ស្លាប់​​នៅនឹងកន្លែងកើតហេតុ និងជាង១០០នាក់ផ្សេងទៀត​រងរបួស។ ចាប់តាំងពីថ្ងៃកើតហេតុរហូត​​មក​​ដល់​​​​ពេល​​នេះ គេនៅរកមិនទាន់ឃើញអ្នកប្រព្រឹត្តបទល្មើសនេះនៅឡើយទេ។

ជុំវិញរឿងក្ដីព្រហ្មទណ្ឌមួយនេះ ​កាលពីចុងខែធ្នូ ឆ្នាំ២០២១ តុលាការប្រទេស​​​បារាំង​បាន​​ចេញ​ដីកា​ឱ្យ​​​ចាប់ខ្លួន​​មនុស្ស​​២នាក់ គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុន ពិសិដ្ឋ។ បទចោទប្រឆាំង​​មនុស្ស​​ជំនិតរបស់លោកនាយករដ្ឋមន្រ្តីទាំងពីរនាក់នេះ ជាប់ទាក់ទិនការប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកពេលនោះ។

ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្រ្ទ លោក សុក សំអឿន ក៏ឯកភាពដូចទៅនឹង​​ជំហរ​​រដ្ឋាភិ​​បាល​ដែរថា តុលាកា​​រ​​ប្រទេសបារាំង ពិតជាមិនមានលទ្ធភាពណាមួយក្នុងការចាប់ខ្លួន​​លោក​​នាយក​​រដ្ឋ​​​​មន្រ្តី ហ៊ុន សែន នោះឡើយ។ លោក​​បន្ត​​​​​ថា ប្រសិនបើតុលាការត្រូវការចាប់ខ្លួនលោក ហ៊ុន សែន មែន លុះ​​ត្រាតែលោកត្រូវឆ្លងកាត់ឬ​​ចូល​​ក្នុងទឹកដីនៃប្រទេសបារាំង ទើបអាចអនុវត្ត​​ដី​​កា​​​​នេះបាន។

លោកបន្តថា៖ «បើសិនជាគេចេញបែបហ្នឹង អ្នកដែលត្រូវគេបង្គាប់ឱ្យចាប់ គឺមិន​អាចចូលស្រុក​​បា​​រាំង​​​​​​បានទេ។ បើហ៊ានតែចូល គេនឹងចាប់ តែនៅក្នុងប្រទេសមានស្អី! ក្រៅពីប្រទេសបារាំងក៏អត់ដែរ ព្រោះប៉ូលិសមិនអាចធ្វើសកម្មភាពអីបានភ្លាមៗទេ ហើយបើចូលប្រទេសគេ ត្រូវឆ្លងច្បាប់​​ប្រទេស​​គេ​​ទៀត»។

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមនិងនយោបាយ ក៏យល់ស្របដែរថា រឿង​​ចាប់​​ខ្លួនលោក ហ៊ុន សែន ដោយតុលាការប្រទេសបារាំងនេះ វាមិនអាចទៅរួចទេ ព្រោះលោក​​នាយក​​រដ្ឋ​​មន្រ្តីនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។

ផ្ទុយទៅវិញ លោកមើលឃើញថា អ្នកដែល​​ចំ​​ណេញ​​ពីដំណឹងនេះ គឺលោក សម រង្ស៊ី ឯណោះទៅវិញទេ ដោយថា យ៉ាងហោចណាស់ គេអាចដឹងបានថា តើអ្នកណាជាអ្នកបញ្ជាឱ្យមានព្រឹត្តិការណ៍បង្ហូរឈាមកាលពី២៥ឆ្នាំមុននោះ។

លោកបន្តថា៖ «សម្ដេចតេជោគាត់កំពុងនៅមានអភ័យឯកសិទ្ធិនៅឡើយ ជាក់ស្ដែងគឺកោះ​ហៅគាត់​អត់​បានទេ។ ចំណែកការផ្សព្វផ្សាយរបស់លោក សម រង្ស៊ី ហ្នឹងគ្រាន់តែបានចំណេញ​ខាងនយោ​បាយ​​។ មានន័យថា កាលណាបើគេដឹងឮច្រើនទៅ មហាជនដឹងថា​សម្ដេចតេជោមាន​ជាប់ពាក់ព័ន្ធ​ការ​​​បោកគ្រាប់បែក ឆ្នាំ១៩៩៧ហ្នឹង»។

លោក ម៉ែន សុថាវរិន្រ្ទ លើកឡើងថា កាលពីឆ្នាំ២០២០កន្លងទៅ​ តុលាការប្រទេសបារាំងធ្លាប់​​​បាន​​​ស្នើ​​សុំ​បើកការស៊ើបអង្កេតក្នុងរឿងក្ដីព្រហ្មទណ្ឌមួយនេះ ប៉ុន្តែត្រូវបានកម្ពុជាបដិសេធ។ ​ចំណែក​មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងជាញឹកញាប់ហើយថា សំណុំរឿងនេះមិនទាន់​​បាន​​​​បិទបញ្ចប់នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ