តុលាការ​សម្រេច​ឃុំ​ខ្លួន​កូដករ​ណា​ហ្គាវើលដ៍​៣​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​បន្តធ្វើ​ជាធម្មតា​នៅថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ ​ខណៈ​ក្រុម​គ្រូពេទ្យ ​និង​កូដករ បានលើកដៃ​សំពះអង្វរ​គ្នាទៅវិញ​ទៅមក​ដើម្បី​ធ្វើ​តេស្ត​រកវីរុស​កូវីដ-១៩ ខណៈក្រុមកូដករបានស្នើឱ្យ​លើកពេល​ទៅធ្វើនៅ​ថ្ងៃសៅរ៍​វិញ។ (រូប៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ៣នាក់ នៅពន្ធនាគារព្រៃសនៅថ្ងៃពុធនេះ ក្រោមបទចោទ«រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា កូដករទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី៩ ខែកុម្ភៈនេះ ពីបទ«រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

កាលពីថ្ងៃទី៥ ខែកុម្ភៈ​ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ ៣នាក់ទៀតត្រូវបានបញ្ជូនទៅសាកសួរបន្ត ក្រោមហេតុផលថា ពួកគាត់​ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

កូដករ ៣នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនពេលនេះ រួមមានលោក សេង វណ្ណារិទ្ធ លោក ជួន ចាន់ណាត និងលោក សៅរ៍ សម្បត្តិ។

យ៉ាងណាក្រុមកូដករមួយចំនួនធ្លាប់ប្រាប់វីអូឌីថា ពួកគេមិនបានរារាំងការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឡើយ ដោយពួកគេគ្រាន់តែស្នើទៅមន្ត្រីជំនាញឱ្យពន្យារពេលធ្វើតេស្តសំណាកតែប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំសហជីព និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១១ នាក់ហើយ ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីបទញុះញង់ឱ្យមានកូដកម្ម និងល្មើសវិធានការច្បាប់ប្រឆាំងកូវីដ-១៩ ខណៈកូដករ ៤នាក់ទៀត ត្រូវប្រឈមការចាប់ខ្លួនក្រោមបទចោទថា រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»ផងដែរ។

ស្របពេលវិវាទការងារក្រុមហ៊ុនល្បែងមួយនេះនៅមិនទាន់ត្រូវបានដោះ​ស្រាយ ហើយការឃុំខ្លួនថ្នាក់ដឹកនាំសហជីព និងកូដករបន្តកើតឡើង​​ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពតំណាងឱ្យ ១៣៤ស្ថាប័ន ក៏បានចេញមុខស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានប័នធំៗរបស់ជាតិជាបន្តបន្ទាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលឱ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ពួកគេនឹងបន្តដើរដាក់លិខិតចំហរនៅតាមស្ថាប័នជាតិសំខាន់ៗរបស់ជាតិ ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងដោះលែងតំណាងសហជីព និងទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។ តាមគម្រោង​ ពួកគេនឹងដាក់លិខិតចំហរទៅកាន់ក្រសួងសំខាន់ៗចំនួន៣​ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការងារ និងក្រសួងកិច្ចការនារី។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមអង្គការសង្គមស៊ីវិលតំណាងឱ្យ​ ១៣៤​ស្ថាប័ននេះ ក៏បានរួម​គ្នា​ដាក់​លិខិត​ចំហ​រនេះជូន​ក្រសួងមហាផ្ទៃ និង​រដ្ឋសភាជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ