ពលរដ្ឋនៅសង្កាត់ជើងឯក ខកចិត្តការដែលអាជ្ញាធររុញដាក់គ្នាជុំវិញសំណើសុំដោះស្រាយរឿងដីធ្លី

ពលរដ្ឋរស់នៅសហគមន៍តាតុក ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ​ប្រមូលផ្ដុំនៅមុខរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​តាមដានញត្តិ និង​ស្នើសុំ​​ជាថ្មី​​ឱ្យ​​អាជ្ញាធរ​​អភិវឌ្ឍនៅនឹងកន្លែង ព្រម​ទាំង​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លីដល់ពួកគាត់ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ប្រជាពលរដ្ឋ​​រស់នៅតាមបណ្ដោយ​ប្រឡាយ​លេខ០៣ សង្កាត់ជើងឯក ខណ្ឌដង្កោ​ សម្ដែងការ​ខក​ចិត្តការ​ដែលរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី​រាជធានីភ្នំពេញ រុញដាក់គ្នា​ជុំវិញសំណើ​សុំ​ឱ្យ​ដោះស្រាយ​រឿងដីធ្លីរបស់​គាត់ ក្រោយពួកគាត់បានដាក់​ញត្តិ​​សុំឱ្យជួយអន្តរាគមន៍នាពេលកន្លងមក។

​តំណាងប្រជាពលរដ្ឋ​​​សហគមន៍តាតុក អ្នកស្រី អ៊ឹម សារឿន បានឱ្យដឹងថា នៅព្រឹកមិញនេះ ប្រជា​ពល​រដ្ឋ​ប្រមាណ២០​នាក់ តំណាង​ឱ្យ​៣៥​គ្រួសារ រស់នៅសហគមន៍តាតុក ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់ជើង​ឯក បាន​នាំ​គ្នា​ប្រមូល​ផ្ដុំនៅមុខរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​តាមដានញត្តិ និង​ស្នើសុំ​​ជាថ្មី​​ឱ្យ​​អាជ្ញាធរ​​អភិវឌ្ឍនៅនឹងកន្លែង ព្រម​ទាំង​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លីដល់ពួកគាត់។

ប៉ុន្តែអ្នកស្រីថា ក្រោយពីរង់ចាំជួប​មន្ត្រី ដើម្បីសួរនាំរឿងញត្តិតាំងពីម៉ោង​៩ព្រឹក​ដល់​ម៉ោង​ជាង២រសៀល  នោះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ថា ពុំបានទទួលញត្តិរបស់ពួកគាត់​ដែលបានដាក់នាពេល​កន្លងមកនោះឡើយ។ អ្នកស្រីបន្តថា ដោយមិនអស់ចិត្ត ពួកគាត់ក៏បានទៅសួរនាំរឿងញត្តិនោះនៅ​មន្ទីរ​រៀបចំដែនដីរាជធានីភ្នំពេញបន្ត​ទៀតនៅរសៀលនេះ ដោយ​មន្ត្រីមន្ទីររៀបចំដែនដីប្រាប់​ថា បានបញ្ជូន​ញត្តិនោះទៅរដ្ឋបាលរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី​០៤ ខែកុម្ភៈ។

តំណាងពលរដ្ឋ​រូបនេះយល់ថា​ អាជ្ញាធរហាក់​មានចេតនាគេចវេះដោះស្រាយរឿងដីធ្លីនេះ ខណៈមន្ត្រី​រុញ​ដាក់​គ្នា​នូវ​សំណើរបស់ពលរដ្ឋ។

អ្នកស្រីថា៖ «ដឹងយ៉ាងម៉េច? ប្រហែលជាគាត់ចង់បោះបាល់ [ឱ្យ​គ្នាទៅវិញទៅមក​ មិនដោះស្រាយ​ឱ្យ​]ពួកខ្ញុំទៀតក៏មិនដឹងទេ នេះគ្រាន់តាមការប៉ាន់ស្មានរបស់ខ្ញុំទេ។ លើកមុនថាបញ្ជូនទៅក្រុងហើយ ដល់​តែពេលឥលូវហ្នឹង​ គេឆែកនៅក្រុងអត់ឃើញ»។

បើតាមអ្នកស្រី អ៊ឹម សារឿន កន្លងមក រដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ប្រឡាយ០៣ នៅសង្កាត់ជើង​ឯកនេះ ហើយ​ការអភិវឌ្ឍនេះមានផលប៉ះពាល់ដល់ពលរដ្ឋចំនួន៣៥គ្រួសារដែលបាន​រស់នៅតាម​បណ្ដោយប្រឡាយនេះតាំងពីឆ្នាំ២០០០មក។

តំណាងពលរដ្ឋ​រូបនេះបន្ត​ថា ពលរដ្ឋ​ធ្លាប់បានដាក់ញត្តិសុំទៅរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ចាប់តាំងពីឆ្នាំ២០១៨មក ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មាន​ការ​ឆ្លើយ​តប​ជាវិជ្ជមាន​​​នៅឡើយទេ ទើប​ពួកគាត់នាំគ្នាមកតាមដានញត្តិជាថ្មីទៀតនៅថ្ងៃនេះ។

អ្នកស្រី អ៊ឹម សារឿន បន្ថែមថា៖«អាជ្ញាធរឆាប់ចេញបណ្ណកម្មសិទ្ធិឱ្យពួកខ្ញុំទៅ ដើម្បីងាយស្រួលពួកខ្ញុំនឹងធ្វើសំណង់ [ផ្ទះ] ឱ្យបានសមរម្យ ចាក់ដីចាក់អីឱ្យបានល្អ។ ដោយសារពួកខ្ញុំខ្លះ គ្នាអត់ហ៊ានចាក់ ខ្លះចាក់នោះចាក់ទាំងប្រថុយប្រថាន ដោយមានការភ័យខ្លាច ក្រែងលោថ្ងៃក្រោយអាជ្ញាធរគេឱ្យយើងរើចេញទៅ អត់មានដំណោះស្រាយអីឱ្យយើងសមរម្យ វាពិបាកអ៊ីចឹង! ដល់ពេលឱ្យយើងចេញទៅ គេឱ្យយើង ១០០០ [ទៅ] ២០០០ [ដុល្លារអាមេរិកក្នុងមួយគ្រួសារ] ម្នាក់ ហើយក្នុងមួយផ្ទះមាន ៣ [ទៅ] ៤ គ្រួសារ [ថ្មី] ហើយទៅរស់នៅម៉េចទៅ?»

វីអូឌី មិនអាចទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ​បានទេ នៅថ្ងៃទី​០៩ ខែកុម្ភៈនេះ។

ចំណែកអភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បដិសេធបកស្រាយ ដោយអះអាងថាធ្លាប់បានប្រជុំសម្របសម្រួលជាមួយពលរដ្ឋរួចហើយ។

លោកស្រីថា៖ «ខ្ញុំបានធ្លាប់ប្រជុំសម្របសម្រួលជាមួយប្រជាជនហើយនិងម្ចាស់បុរី ពីការព្រមព្រៀងឯកភាពគ្នាហើយ អ៊ីចឹងគាត់អនុវត្តតាមហ្នឹងទៅ»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា ការដែលប្រជាពលរដ្ឋបារម្ភពីបណ្ណកម្មសិទ្ធិដីធ្លី គឺជារឿងត្រឹមត្រូវ។ លោកថា បើសិនជាមិនមានប្លង់កម្មសិទ្ធិ ពួកគាត់នឹងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំនៅថ្ងៃណាមួយ ហើយដីរបស់ពួកគាត់អាចនឹងធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុន ឬជនមានអំណាចណាមួយ។

យ៉ាងណា លោកចាត់ទុកការដែលអាជ្ញាធរ​រាជធានីភ្នំពេញមិនអនុញ្ញាតឱ្យពលរដ្ឋចូលជួប និងមានការ​រុញដាក់គ្នា​ទៅវិញទៅមក​ ថាជាការគេចវេះនិង​ខ្វះទំនួលខុសត្រូវ​របស់អាជ្ញាធរក្នុងការដោះស្រាយបណ្ដឹងឬសំណូមពរប្រជាពលរដ្ឋ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។  

លោក វណ្ណ សូផាត មានប្រសាសន៍ថា៖ «វាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់យើង ដែលថាអង្គការរដ្ឋត្រូវយកចិត្តទុកដាក់និងទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងពិចារណាក្នុងការដោះស្រាយឱ្យបានសមរម្យ និងយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ អាហ្នឹងមានន័យគាត់ [អាជ្ញាធរ​រាជធានីភ្នំពេញ] មិនបានបំពេញតួនាទីក្នុងនាមជាអ្នកគាំទ្រ ការពារប្រជាពលរដ្ឋទេ ប៉ុន្តែភាគច្រើនៗតែមានការគេចវេះ ហើយនិងរុញពីមួយទៅមួយហ្នឹង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតែមានការភ័យខ្លាច ហើយនិងរងទុក្ខវេទនា ដោយសារតែការបណ្ដេញចេញ ដកហូតយកដីរបស់ពួកគាត់ហ្នឹង»។

លោក វណ្ណ សូផាត យល់ថា មានកត្តាសំខាន់ៗចំនួន​៣ ដែលធ្វើឱ្យមានការអូសបន្លាយលើការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ក្នុងនោះ ​ទី១ អាជ្ញាធរថ្នាក់ក្រោមមិនមានសិទ្ធិសម្រេចចុងក្រោយលើការ​ផ្ដល់បណ្ណ​កម្មសិទ្ធិជូនពលរដ្ឋ គឺ​មានតែថ្នាក់កំពូលដែលហ៊ានសម្រេច ទី២ ដីនោះអាចមានប្លង់រួចហើយដែលរដ្ឋមានគម្រោង​​​​​នឹ​ង​ផ្ដល់ដល់ក្រុមហ៊ុន ឬអ្នកមានអំណាច និងទី៣ ដីនោះអាចជាចំណីថ្នល់ ដីចំណី​ប្រឡាយ​របស់​រដ្ឋ ដែលមិនអាចកាត់ឱ្យពលរដ្ឋបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ