មន្ត្រី​បក្សប្រឆាំង​ម្នាក់​ទៀត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

លោក ម៉ែន សុថាវរិន្ទ្រ និងលោកស្រី អ៊ុង សុវណ្ណា។ (ហ្វេសប៊ុក៖ Men’s Sothavarin Page)

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានតុលាការរំលាយ លោកស្រី អ៊ុង សុវណ្ណា បាន​ដាក់​លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ ប៉ុន្តែ​ក្រសួងមហាផ្ទៃនៅមិនទាន់សម្រេចនៅឡើយ។

លោកស្រី អ៊ុង សុវណ្ណា ដែលគេស្គាល់ថាជាភរិយារបស់លោក ម៉ែន សុថាវរិន្ទ្រ ជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី នោះ បានសរសេរលិខិតមួយនៅថ្ងៃទី២៧ ខែមករា និងបានផ្ញើទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​កាលពីថ្ងៃទី២៨ ខែមករា ដោយស្នើសុំផ្ដល់នីតិសម្បទានូវសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញនៅមុនកាលកំណត់។

លោកស្រី អ៊ុង សុវណ្ណា គឺជាសមាជិកគណៈកម្មការនាយក និងជាអនុប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ។

លោកស្រីបានសរសេរថា៖ «ក្នុងរយ:ពេលជាង៤ឆ្នាំកន្លងទៅនេះ នាងខ្ញុំបានអនុវត្តយ៉ាងពេញលេញតាមអំណាចសាលដីការបស់តុលាការកំពូល។ ដូច្នេះហើយនាងខ្ញុំចង់ទទួលបាននីតិសម្បទានូវសិទ្ធិនយោបាយពេញលេញឡើងវិញមុនកាលកំណត់ ដើម្បីបានចូលរួមបម្រើសង្គម និងប្រទេសជាតិ ដូចប្រជាពលរដ្ឋទូទៅដែរ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»។

ប៉ុន្តែគិតត្រឹមថ្ងៃទី៩ ខែកុម្ភៈនេះ ក្រសួងមហាផ្ទៃនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេចំពោះការស្នើសុំនេះ ខណៈវីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឡើយនៅថ្ងៃពុធនេះ។

សូមជម្រាបជូនថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២២នេះ មានមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានតុលាការរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ចំនួន២៩​នាក់​ ក្នុងចំណោមអ្នក​​ជាប់បម្រាមមិនឱ្យធ្វើនយោបាយ​ចំនួន១១៨នាក់ ​​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ