ឧកញ៉ា ឌួង ងៀប អះអាងថា​លោក​ទទួល​រង​ភាព​អយុត្តិធម៌​ពី​តុលាការ​រាជធានីភ្នំពេញ

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

លោកឧត្ដមសេនីយ៍ឯកផ្កាយមាស៣ និងជាឧកញ៉ាមួយរូប លោក ឌួង ងៀប បានលាតត្រដាងពីការទទួលរងភាពអយុត្តិធម៌ពីតុលាការ ទាក់ទងនឹងអំពើពុករលួយមួយចំនួនរវាងដៃគូសហការនិងក្រុមគ្រួសារ ខណៈលោកបានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកដើម្បីស្នើសុំទៅថ្នាក់ដឹកនាំ​ជួយអន្តរាគមន៍ តែគ្មានប្រយោជន៍ឡើយ។

វីដេអូចំនួនពីរ និងឯកសារមួយចំនួនដែលគាត់បានបង្ហោះលើទំព័រ Facebook កាលពីល្ងាចថ្ងៃចន្ទដល់ថ្ងៃអង្គារម្សិលមិញ លោកបាននិយាយថា លោកត្រូវបានកាត់ទោសពីបទ «ផិតក្បត់» ហើយកំពុងត្រូវបានកាត់ទោសពីបទ «ឆបោកជនជាតិតៃវ៉ាន់»។

លោក ឌួង ងៀប បាន​និយាយ​ក្នុង​វីដេអូ​ថា៖ «ខ្ញុំ​​ទ្រាំជាមួយចៅក្រមលែង​បាន​ហើយ ពេលនេះ​ខ្ញុំ​អស់​លុយហើយ ខ្ញុំគ្មានលុយឯណាឱ្យចៅក្រម​តទៅទៀតទេ»។

យោងតាមវីដេអូបង្ហាញថា បញ្ហារបស់លោកគឺរួមមានជម្លោះជាមួយជនជាតិតៃវ៉ាន់ និងការបែកបាក់ប្រពន្ធនិងកូនផងដែរ។

កូនប្រុសរបស់លោក ឌួង ងៀប គឺលោក ឌួង ឆាយ ដែលជាពាណិជ្ជករមួយរូបផងនោះ​ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ក្រោយមានវីដេអូ​បង្ហាញការវាយដំប្រពន្ធរបស់គាត់នៅក្នុងផ្ទះរបស់ពួកគេ។

កិច្ច​ព្រម​ព្រៀង​អាជីវកម្ម​នេះ ​គឺ​សម្រាប់​ការ​សាង​សង់​រោងចក្រ​បីកន្លែង។ លោក ឌួង ងៀប បាន​និយាយ​ថា ដៃគូរកស៊ីបាន​សុំ​ឱ្យ​គាត់​សរសេរ​មូលប្បទានបត្រ​ពីរ​សន្លឹក​ក្នុង​តម្លៃ ៣លាន​ដុល្លារ និង៤លាន​ដុល្លារ ដើម្បី​ធ្វើ​ឱ្យដៃគូសហការជឿថាពួកគេមានលុយ។ ​​​

លោកបន្ថែម​ថា បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារក៏បានបណ្ដាលឱ្យគាត់​បាន​ចាក​ចេញ​ពី​ផ្ទះ បន្ទាប់​មក​ប្រពន្ធ​របស់​គាត់​បាន​យក​ឯកសារ​អាជីវកម្ម​របស់​គាត់​ទាំង​អស់។

លោកនិយាយថា សហការី និងប្រពន្ធរបស់គាត់បានជំរុញឱ្យគាត់ខ្ចីលុយចំនួន១លានដុល្លារពីធនាគារមួយ ហើយលោកចោទថាប្រពន្ធ​យកពាក់កណ្ដាលទៅលេងល្បែងភ្នាល់ទឹកភ្លៀង។

លោកនិយាយពីប្រពន្ធថា៖ «​នាងចាញ់ល្បែងភ្នាល់ទឹកភ្លៀង»។

មកដល់ពេលនេះ លោកបាន​ប្រឈម​នឹង​បណ្ដឹង​ពី​បទ​ឆបោក ហើយ​សំណុំ​រឿង​នេះ​បាន​ឈាន​ទៅ​ដល់​សំណុំ​រឿង​ព្រហ្មទណ្ឌថែមទៀតផង។

លោកបន្តថា៖ «បន្ទាប់​ពី​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​អង្វរ​តុលាការ​ឱ្យជួយ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដែល​​បោក​អ្នក​ណា​មួយ​រៀល​ទេ។ ប៉ុន្តែ​ខ្ញុំ​ទៅ​តុលាការ​ម្ដងខ្ញុំ​ត្រូវ​បង់​លុយម្ដង ទោះ​បី​ជា​ខ្ញុំ​មិន​មាន​កំហុស ក៏ខ្ញុំ​ត្រូវ​តែ​បង់​លុយ។ ខ្ញុំ​យល់ពី​របៀប​ដែល​តុលាការនិង​ចៅក្រម​ធ្វើ​ការ វាមិនសមនោះទេ»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ការ​ចោទ​ប្រកាន់​របស់​លោក ឌួង ងៀប ​នោះទេ។

លោកបន្តថា៖ «ដូច​ភាគី​ទាំងអស់​ដែល​ជឿ​ថា​ពួកគេ​បាន​រង​នូវ​ភាព​អយុត្តិធម៌ ​ដោយសារ​ភាព​មិន​ប្រក្រតី​របស់​តុលាការ គាត់​អាច​ដាក់ពាក្យបណ្ដឹងទៅ​ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ប្រសិន​បើ​គាត់​មាន​មូល​ដ្ឋាន​ច្បាស់​លាស់និង​រឹង​មាំ គេ​នឹង​ស៊ើប​អង្កេត»។

លោក ឌួង ងៀប បានបន្ថែមនៅក្នុងវីដេអូរបស់គាត់ថា លោកបានទៅជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដើម្បីសុំជំនួយ ដោយទី១ គឺលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានអាណិតនិងជួយយកលិខិតរបស់លោកទៅប្រធានខុទ្ទកាល័យលោក ហ៊ុន សែន។ ទី២ លោក ហូ សិទ្ធី ដែលជានាយខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សិទ្ធី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀតទៅ​ក្រសួង​យុត្តិធម៌។

លោក ឌួង ងៀប ក៏បានជួបប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ដែលបានប្រាប់គាត់ឱ្យប្ដឹងទៅក្រសួងមហាផ្ទៃផ្ទាល់តែម្ដង។ ដោយលោក​មិន​អាច​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ ​បានឱ្យ​លោក ប៊ុន ហ៊ុន អតីត​ប្រធាន​គណៈមេធាវី​ទាក់ទង​ទៅ​តុលាការរាជធានី​ភ្នំពេញ។

លោកថា ចៅក្រមទីមួយគឺ “អាក្រក់” ហើយចៅក្រមថ្មីត្រូវបាននាំមកដើម្បីដោះស្រាយរឿងក្ដីរបស់គាត់ ​ត្រូវ​បាន​លោក​ចាត់​ទុក​ថា​ជា​ចៅក្រមរួមគ្នាធ្វើស៊ីរូបលោក។

ឧកញ៉ាដដែលនេះបាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​តាមគាត់អស់ហើយ ​គាត់​ចង់​បាន​លុយ​ប៉ុន្មាន ខ្ញុំ​​ឱ្យ​ទៅ​ប៉ុណ្ណឹង។ ប៉ុន្តែ​​ទី​បំផុត​ ពួកគេចង់ចាប់ខ្ញុំដាក់គុកទៀត»។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធករណីនេះទេ កាលពីម្សិលមិញ។

លោក ឌួង ងៀប បាន​និយាយ​ថា គាត់​ត្រូវ​បាន​កាត់​ទោស​រួច​ហើយ​ពី​បទ​ផិត​ក្បត់ ហើយ​​​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ និង​បាន​ស្នើ​សុំ​ការ​លើកលែង​ទោស​ពីលោក ហ៊ុន សែន និងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

លោកបាននិយាយថា៖ «ខ្ញុំបានរងការឈឺចាប់ដែលមិនអាចថ្លែងបាន»៕

ប្រែសម្រួលពីអត្ថបទដើមភាសាអង់គ្លេស៖ Oknha Rails Against Court Pressure

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ