ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ០៣ ស្នើ​ជាថ្មី​ដល់​អាជ្ញាធរ​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់

ពលរដ្ឋរស់នៅសហគមន៍តាតុក ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ​ប្រមូលផ្ដុំនៅមុខរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​តាមដានញត្តិ និង​ស្នើសុំ​​ជាថ្មី​​ឱ្យ​​អាជ្ញាធរ​​អភិវឌ្ឍនៅនឹងកន្លែង ព្រម​ទាំង​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លីដល់ពួកគាត់ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ពលរដ្ឋប្រមាណ២០នាក់ តំណាងឱ្យ​៣៥គ្រួសារ រស់នៅសហគមន៍តាតុក ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នា​ប្រមូលផ្ដុំនៅមុខរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​តាមដានញត្តិ និង​ស្នើសុំ​​ជាថ្មី​​ឱ្យ​​អាជ្ញាធរ​​អភិវឌ្ឍនៅនឹងកន្លែង ព្រម​ទាំង​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លីដល់ពួកគាត់។

ប្រជាពលរដ្ឋ​សហគមន៍តាតុក អ្នកស្រី អ៊ឹម សារឿន មានប្រសាសន៍ថា កន្លងមក​ រដ្ឋាភិបាលមានគម្រោង​អភិវឌ្ឍប្រឡាយ​០៣ នៅក្នុងសង្កាត់​ជើង​ឯកនេះ ដែលការអភិវឌ្ឍនេះមាន​ផល​ប៉ះ​ពាល់​​ដល់​ពួកគាត់​ទាំង៣៥គ្រួសាររស់នៅតាមបណ្ដោយ​ប្រឡាយ​តាំង​ពី​ឆ្នាំ​២០០០​មក​។

ពាក់ព័ន្ធនឹងករណីនេះ អ្នកស្រីថា ពលរដ្ឋ​ធ្លាប់បានដាក់ញត្តិសុំទៅរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ចាប់តាំងពីឆ្នាំ២០១៨មក ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មាន​ការ​ឆ្លើយ​តប​ជាវិជ្ជមាន​​​នៅឡើយ ទើបនៅថ្ងៃពុធនេះ ពួកគាត់នាំគ្នា​ទៅរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីតាម​ដាន​ញត្តិ​ដែលបានដាក់កន្លងមក និងសុំអាជ្ញាធរ​ជាថ្មីឱ្យចេញបណ្ណ​កម្មសិទ្ធិកាន់​កាប់​ដីធ្លីនិងកាត់ឆ្វៀលដីឱ្យពួកគាត់ ហើយធ្វើការ​អភិវឌ្ឍនៅ​នឹងកន្លែង។

ទោះយ៉ាងណា បើ​តាម​តំណាងប្រជាពលរដ្ឋ​រូបនេះ​ អាជ្ញាធរ​រាជធានីភ្នំពេញនៅមិនទាន់​អនុ​ញ្ញាត​ឱ្យពួកគាត់​ចូលជួបនៅឡើយទេ ដោយ​ឱ្យពួកគាត់រង់ចាំជួបនៅម៉ោង២រសៀលវិញ ខណៈមន្ត្រីដែលកាន់រឿងនេះជាប់រវល់។

វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បាននៅឡើយទេ នៅព្រឹកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ