អាជ្ញាធរ​រម្លឹក​ជាថ្មី​មិនឱ្យ​អង្គុយ​លើស​ពី​៧នាក់​ក្នុង​មួយ​តុ​សម្រាប់​ពិធី​មង្គលការ​ឬ​ការ​ជួបជុំ​ផ្សេងៗ

មន្ត្រីនិងអាជ្ញាធរខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយកន្លែង ឱ្យអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងបាត់ដំបង)

អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយនៅថ្ងៃនេះ ដោយ​ក្រើនរម្លឹកជាថ្មី មិនអនុញ្ញាតឱ្យ​មនុស្ស​អង្គុយ​លើសពី​៧នាក់​ក្នុង​មួយ​តុ សម្រាប់ការរៀបចំកម្មវិធីមង្គលការឬពិធី​ជួបជុំផ្សេងៗ។

អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយស្ដីពីការក្រើនរម្លឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងនោះ អាជ្ញាធររាជធានីភ្នំពេញបានណែនាំ​ឱ្យ​​អាជ្ញាធរខណ្ឌនីមួយៗត្រូវបន្តធ្វើយុទ្ធនាការអប់រំ​ផ្សព្វផ្សាយតាមគ្រប់រូបភាពនៅតាមទីប្រជុំជននានា និង​ទីផ្សារ ដើម្បីដាស់តឿនអាជីវករនិងអតិថិជនចេញឬ​ចូលផ្សារឱ្យពាក់ម៉ាស បាញ់​អាល់កុល វាស់​កម្ដៅ និងរក្សាគម្លាតសុវត្ថិភាព និង​ពិនិត្យបណ្ណចាក់វ៉ាក់សាំង ជាដើម។ បន្ថែមពីនេះ ចំពោះទីតាំងដែលមានការប្រមូលផ្ដុំមនុស្សច្រើន ដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន ឬកន្លែងជួបជុំ​កម្សាន្ត​នានា ត្រូវ​ណែនាំឱ្យ​រៀបចំ​កៅអីអង្គុយ​មាន​គម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី៧នាក់ក្នុងមួយតុ។

ការក្រើនរម្លឹកនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារជាសំឡេងជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃ​ការរីករាលដាលខ្លាំងនៃមេរោគកូវីដ-១៩ ប្រភេទ «អូមីក្រុង»។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកាត់បន្ថយការជួបជុំផឹកស៊ីកម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព រួមទាំងមង្គលការ​ និងពិធីបុណ្យសាសនា ជាដើម គួរតែមានការជួបជុំគ្នា «កាន់តែតិច កាន់តែល្អ»

នៅថ្ងៃនេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី «អូមីក្រុង» ចំនួន២៦២នាក់ថែមទៀត ក្នុងនោះ៣៦នាក់ជាករណីនាំចូលពីក្រៅប្រទេស និង២២៦នាក់ជាករណីឆ្លងក្នុងសហគមន៍។

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១២២ ៤៦៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១១៨ ៤២០នាក់ និងស្លាប់ចំនួន៣ ០១៥​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ