ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​ការ​គំរាម​ចាប់ខ្លួន​អ្នកកាសែត​បរទេស​ដែល​ចុះ​យក​ព័ត៌មាន​កូដកម្ម​ណាហ្គាវើលដ៍

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ស្ថាប័នមិនមែនរដ្ឋាភិបាលចំនួន២ ថ្កោលទោសចំពោះការយាយី ការបំភិតបំភ័យ និងការគំរាមចាប់ខ្លួនអ្នកសារព័ត៌មានបរទេសម្នាក់នាពេលថ្មីៗនេះ ខណៈអ្នកសារព័ត៌មានរូបនោះចុះយកព័ត៌មានពីសកម្មភាពកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍នៅរាជធានីភ្នំពេញ។

សកម្មភាពគំរាមនេះកើតឡើងកាលពីរសៀលថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ នៅពេលអ្នកសារព័ត៌មានរូបនោះកំពុងថតរូបនិង​ថតវីដេអូអំពីការជជែកគ្នារវាងអាជ្ញាធរនិងកូដករកាស៊ីណូណាហ្គាវើលដ៍ នៅទីសាធារណៈក្នុងរាជធានីភ្នំពេញ​។  

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ​ថ្កោលទោសចំពោះការគំរាមចាប់ខ្លួនអ្នកសារព័ត៌មានបរទេសនោះ ដោយថា គឺជាការរំលោភលើសេរីភាពសារព័ត៌មានថ្មីបំផុតនៅកម្ពុជា។

ប្រភពដដែលបន្តថា ពេលនោះមានបុរសម្នាក់ក្នុងសម្លៀកបំពាក់ធម្មតា​ដែលប្រាប់ថា ខ្លួនជាមន្ត្រីអន្តោប្រវេសន៍បានមករារាំងអ្នកសារព័ត៌មានបរទេសរូបនោះ និងទាមទាររកលិខិតឆ្លងដែន ​និងបណ្ណការងារ ប៉ុន្តែមន្ត្រីរូបនោះបានបដិសេធបង្ហាញនូវឯកសារបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមន្ត្រី។

ក្នុងលិខិតដដែលបន្តថា អ្នកសារព័ត៌មានរូបនោះបម្រើការនៅបណ្ដាញសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​​ និងជាសមាជិក​​​​នៃក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា បានបង្ហាញបណ្ណព័ត៌មានដែលចេញដោយ​ CCIM និងបង្ហាញលិខិតឆ្លងដែនថតចម្លងរបស់គាត់។

សេចក្ដីថ្លែងការណ៍សរសេរថា៖ «យ៉ាងណា មន្ត្រីរូបនោះបានទាមទាររកលិខិតឆ្លងដែនច្បាប់ដើម និងបាន​គំរាមចាប់ខ្លួនអ្នកសារព័ត៌មានរូបនោះ ប្រសិនបើគាត់បន្តថតរូបនិងថតវីដេអូ ហើយមិនព្រមចាកចេញពីទីកន្លែងនោះ ដោយបង្ខំឱ្យអ្នកសារព័ត៌មានបញ្ឈប់ការធ្វើសេចក្ដីរាយការណ៍និងចាកចេញពីទីនោះ»។

លិខិត​បញ្ជាក់ថា អាជ្ញាធរមានសិទ្ធិពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ខណៈអ្នកសារព័ត៌មានក៏មាន​សិទ្ធិធ្វើសេចក្ដីរាយការណ៍ព័ត៌មានផងដែរ។ ច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ​១៩៩៥ ហាមឃាត់ការចាប់ពិរុទ្ធមុនការបោះពុម្ពផ្សាយ ដូចអ្វីដែលត្រូវបាន​បង្ហាញ​អំឡុងពេលហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ទៅលើអ្នកសារព័ត៌មានបរទេសនេះស្រាប់។

លិខិតដដែលបន្តថា៖ «ប្រសិនបើសេរីភាពសារព័ត៌មានពិតជាមានមែននៅកម្ពុជា ដូច្នេះត្រូវតែអនុញ្ញាតឱ្យអ្នកសារព័ត៌មានទាំងអស់​ធ្វើការងារដោយគ្មានការរារាំងដែលមិនត្រឹមត្រូវពីសំ​ណាក់អាជ្ញាធរ។ ចំណុចនេះ គឺរួមទាំងការធ្វើបទសម្ភាសជាមួយប្រភពដោយសេរី ការឃ្លាំ​មើល ការថតរូបនិងការថតវីដេអូអំពីពលរដ្ឋ ព្រឹត្តិការណ៍និងសកម្មភាពនា​នានៅតាមទីសាធារណៈ»។

ប្រធាននាយកដ្ឋាន​ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ថ្លែងថា គោលបំណងនៃការចេញសេចក្ដីថ្លែងការណ៍នេះ គឺដើម្បីឱ្យមានការទទួលស្គាល់ពីរដ្ឋាភិបាលថា ពិតជាមានសកម្មភាពរារាំងពីសំណាក់អាជ្ញាធរទៅលើអ្នកសារព័ត៌មាន ខណៈការរារាំងគំរាមចាប់ខ្លួនបែបនេះមិនមែនជាករណីទីមួយទេ។

លោកបន្ថែមថា ក្រៅពីករណីអ្នកសារព័ត៌មានបរទេសរបស់វីអូឌីត្រូវបានអាជ្ញាធររារាំងក្នុងពេលបំពេញការងារនៅទីតាំងកូដកម្មណាហ្គាវើលដ៍នៅថ្ងៃទី៥ ខែកុម្ភៈនោះ កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកសារព័ត៌មានផ្សេងទៀតរបស់វីអូឌី ក៏ត្រូវបានអាជ្ញាធររារាំងដែរ នៅពេលសម្ភាសពលរដ្ឋតវ៉ាបណ្ណកម្មសិទ្ធិដីធ្លីនៅពីមុខសាលាក្រុង។

លោក អ៊ិត សូធឿត មានប្រសាសន៍ថា៖ «ឃើញថាការគំរាមកំហែង ការរារាំងអ្នកសារព័ត៌មានហ្នឹង វានៅតែបន្តកើតឡើងជាបន្តបន្ទាប់។ សំខាន់អាជ្ញាធរមានសមត្ថកិច្ចគាត់ [ត្រូវ] យល់អំពីតួនាទីរបស់អ្នកសារព័ត៌មាន ហើយបន្ទាប់ពីយល់នូវ[តួនាទីអ្នកសារព័ត៌មាន] គឺគាត់ត្រូវបើកលំហ [ដោយ] អនុញ្ញាតឱ្យអ្នកសារព័ត៌មានបំពេញតួនាទីរបស់គាត់ដោយសេរី»។

អ្នកយកព័ត៌មានមួយរូប លោក ស៊ុន ណារិន ប្រាប់វីអូឌីថា នេះមិនមែនជារឿងថ្មីទេ ខណៈកន្លងទៅ អាជ្ញាធរក៏ធ្លាប់ធ្វើសកម្មភាពរារាំងបែបនេះដែរ ដូចជានៅទីតាំងគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាដើម។

លោកចាត់ទុកថា សកម្មភាពនេះជាការរឹតត្បិតសេរីភាព ដោយតាមពិត អ្នកកាសែតអាចចុះយកព័ត៌មាននៅកន្លែងសាធារណៈដោយសេរី តួនាទី​របស់អ្នកសារព័ត៌មានគ្រាន់តែសហការបង្ហាញកាតស្ថាប័នគឺគ្រប់គ្រាន់។ លោកបន្ថែមថា ករណីទាំងនេះទាមទារឱ្យមានការណែនាំពីក្រសួងស្ថាប័នមកមន្ត្រីថ្នាក់ក្រោម ដើម្បីឱ្យយល់ពីតួនាទីសេរីភាពរបស់អ្នកសារព័ត៌មាន។

លោកបន្តថា៖ «ហើយយើងដឹងហើយថា ករណីណាហ្គានេះជាករណីដែលអាជ្ញាធរតាមដានមែនទែន ខ្ញុំមើលទៅវាដូចជាករណីហ្នឹងវារសើបសម្រាប់អាជ្ញាធរ អ៊ីចឹងហើយបានជាមានការត្រួតពិនិត្យខ្លាំង។ កន្លងទៅ យើងឃើញមានការចុះថតអ្នកព័ត៌មាន បង្ហាញនេះបង្ហាញនោះ នេះគឺជាទង្វើមួយដែលវាមិនទាន់ត្រឹមត្រូវនៅឡើយទេ ហើយវាមិនទាន់ផ្ដល់ភាពសេរីដល់អ្នកសារព័ត៌មាននៅឡើយ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ លើកឡើងថា លោកមិនហ៊ានសន្និដ្ឋានពីករណីអ្នកសារព័ត៌មានបរទេសរបស់វីអូឌីដែលត្រូវបានអាជ្ញាធររារាំងនេះថាមានសភាពយ៉ាងណានោះទេ ខណៈលោកមិនស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់។ យ៉ាងណា លោកទទួលស្គាល់ថា កន្លងមកមានអាជ្ញាធរមូលដ្ឋានខ្លះពិតជាមិនយល់ពីតួនាទីរបស់អ្នកសារព័ត៌មានប្រាកដមែន តែមន្ត្រីបែបនេះមានភាគតិចប៉ុណ្ណោះ។

លោក សុវណ្ណ ថា៖ «ការអនុវត្តឆ្គាំឆ្គងរបស់មន្ត្រីខ្លះ មួយចំនួនតូចនោះ អាហ្នឹងយើងពិបាកថាវាជាព្រៃទាំងមូល! ជារឿងមួយករណីៗ ពីព្រោះកន្លែងខ្លះវាចៀសមិនផុតពីមានមន្ត្រីខ្លះដែលគាត់អនុវត្តឆ្គាំឆ្គងអ៊ីចឹង វាមានគ្រប់ ច្រើនស្ថាប័នអ៊ីចឹង វាកើតឡើង។ យើងក៏មិនលើកទឹកចិត្តឱ្យមានមន្ត្រីបែបហ្នឹង»។

លោកបន្ថែមថា៖ «អ៊ីចឹងបានយើងទាមទារឱ្យមានការបណ្ដុះបណ្ដាលមន្រ្តីយើងឱ្យបានគ្រប់ផ្នែកៗទាំងអស់ មិនមែនតែផ្នែកណាមួយទេ ព្រោះជួនកាលអ្នកដែលថ្នាក់លើគាត់ៗធ្លាប់នៅ [ឋានៈ] តូច គាត់ដឹងបញ្ហាអស់ហ្នឹង! តែនៅពេលគាត់ត្រូវបានតែងតាំង ផ្ទេរភារកិច្ចទៅកន្លែងផ្សេងទៅ រើសអ្នកថ្មីមកទៀត អ្នកថ្មីហ្នឹងមានបញ្ហាទៀត។ អ៊ីចឹងហើយបានជាយើងឃើញបញ្ហាប្រឈមរហូត ទម្រាំអ្នកហ្នឹងចេះ ត្រូវបានផ្ទេរទៅកន្លែងថ្មី អ៊ីចឹងវាអត់បានធានានៅកន្លែងហ្នឹងដឹងទាំងអស់ទេ»។

ទោះបីជាយ៉ាងនេះក្ដី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី យល់ថា ការដែលអាជ្ញាធរទាមទាររកលិខិតឆ្លងដែននិងបណ្ណការងាររបស់អ្នកសារព័ត៌មានបរទេសនៅពេលកំពុងបំពេញការងារយ៉ាងដូច្នេះ វាជារូបភាពដែលធ្វើឱ្យមានភាពភ័យខ្លាចនិង​ការគំរាមកំហែង។

លោកថា៖ «គាត់បម្រើការងារនៅក្នុងប្រទេស ក៏ដូចជនបរទេសផ្សេងៗទៀតដែរ។ មែនទែនទៅ សមត្ថកិច្ចយើងមិនដែលទៅឆែកមើលប៉ាស្ព័រ គាត់មិនដែលទៅឆែកមើលការស្នាក់នៅ បណ្ណធ្វើដំណើរអីផ្សេងៗ សម្រាប់ជនបរទេសផ្សេងទៀតទេ។ ហើយបើសិនជាគាត់ទៅធ្វើរូបភាពបែបហ្នឹងជាមួយនឹងអ្នកសារព័ត៌មាន វាគឺជាចេតនាមួយនៃការរារាំង ចេតនាមួយនៃការរឹតត្បិត ចំពោះការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មានដែលជាជនបរទេសនៅក្នុងប្រទេសកម្ពុជាយើងហើយ»។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ថ្លែងថា នៅពេលអាជ្ញាធរប្រើប្រាស់អំណាចរបស់ខ្លួនតាមអំពើចិត្ត និងបំពានលើសេរីភាព​​សារព័ត៌មាន សង្គមនឹងប្រឈមកង្វះដំណឹងនិងព័ត៌មានដែលរកបានដោយសេរី​។

ពួកគេក៏បានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការបំពានដោយប្រើអំណាចតាមអំពើចិត្តទាំងឡាយ ព្រមទាំងបញ្ឈប់នូវការ​យាយីនិងការគំរាមកំហែងអ្នកសារព័ត៌មាន ហើយស្នើឱ្យមានការ​ស៊ើបអង្កេតឯករាជ្យលើករណីរំលោភបំពានបែបនេះផងដែរ៕ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ