មន្ត្រី​សន្និដ្ឋាន​ថា កម្មករ​ជិត​៧០នាក់​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តតាកែវ​ដួល​សន្លប់​មកពី​ធុំក្លិនជ័រ

មន្ត្រីកាកបាទកម្មករនិងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខនិងយកអំណោយជូនកម្មករ-កម្មការនីដែលដួលសន្លប់ក្នុងរោងចក្រ ហាធ័រ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមូលដ្ឋាន ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ទូរទស្សន៍ជាតិគោកធ្លក ខេត្តតាកែវ)

​មន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវ លើកឡើងថា ក្រុមកម្មករ​រោងចក្រ​កាត់ដេរស្បែកជើង និង​កាបូប ​ឈ្មោះ ហា​ធ័​រ (Harter factory) ប្រមាណ៧០នាក់ដែលដួលសន្លប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អាចបណ្ដាលមកពីធុំក្លិនជ័រក្នុងរោងចក្រ។

ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ លោក អៀម ថៃ បានថ្លែងប្រាប់ VOD​ ថាក្រុមកម្មករដែលបានដួលសន្លប់មានសរុបចំនួន៦៦នាក់ ហើយត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យនិងមណ្ឌល​សុខភាពនៅក្បែរនោះ។ ​យ៉ាងណា លោកថា មន្ត្រីជំនាញសន្និដ្ឋានថា ការសន្លប់នោះអាចបណ្ដាលមកពីក្លិនជ័រក្នុងរោងចក្រ។

លោកបន្ថែមថា៖ «មកដល់ពេលនេះ យើងមិនទាន់ដឹងនៅឡើយទេថាមានអ្វីដែលប៉ះពាល់ដល់រោងចក្រនោះទេ មិនទាន់មានចំណាត់ការទេ។ ពេទ្យបានសន្និដ្ឋានថា ការដួលសន្លប់ជាច្រើននាក់បន្តៗគ្នានេះបណ្ដាលមកពីមូលហេតុជ័របិទកាបូប ស្បែកជើង ធុំក្លិន»។

ប្រភពដដែលបន្តថា រហូតមកដល់ពេលនេះ ក្រុមកម្មករទាំងនោះមានសុខភាពល្អប្រសើរ ស្របពេលអាជ្ញាធរខេត្តនិងមន្ត្រីជំនាញបន្តតាមដានសុខភាពពួកគាត់បន្ថែមទៀត៕   ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ