កម្ពុជា​កំណត់​កាល​បរិច្ឆេទ​ជាថ្មី​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​សប្ដាហ៍​ក្រោយ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានអញ្ជើញផ្ដល់ព័ត៌មានជូនដល់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមប្រព័ន្ធវីដេអូ ស្ដីពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

កម្ពុជានឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅសប្ដាហ៍ក្រោយ បន្ទាប់ពីខកខានកាលពីខែមុន។

សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា កិច្ចប្រជុំចង្អៀតនេះនឹងធ្វើឡើងវិញចាប់ពីថ្ងៃទី១៥ ដល់​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ តាមទម្រង់ចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះនឹងមានរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាអ្នកដឹកនាំ។

ប្រភពដដែលបន្តថា កិច្ចប្រជុំចង្អៀតនេះនឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំ​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ការផ្លាស់ប្ដូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទ​នា​នានា និងការលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប​និង​វិធី​សាស្ត្រ ដើម្បីកៀរគរ​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ការកំណត់ពេលកិច្ចប្រជុំជាថ្មីនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលគ្រោងធ្វើនៅខេត្តសៀមរាប កាលពីពាក់កណ្ដាលខែមុន ត្រូវ​បានលើក​ពេល ដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនមានភារកិច្ចនៅក្នុងស្រុកបន្ទាន់ដែលមិនអាចមកប្រជុំបាន។ ក៏ប៉ុន្តែការលើកពេលកិច្ចប្រជុំនេះត្រូវបានគេមើលឃើញថា គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ