សកម្មជនបរិស្ថានស្នើអាជ្ញាធរខេត្តសៀមរាបពិនិត្យបញ្ហាបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប

លោក ថុន រដ្ឋា ធ្វើការបង្ហាញបញ្ហាទឹកកខ្វក់នៅស្ទឹងសៀមរាបតាមវីដេអូដែលបង្ហោះលើហ្វេសប៊ុករបស់លោក។ (ហ្វេសប៊ុក៖ ថុន រដ្ឋា)

សកម្មជនបរិស្ថាន​ដែលទើបចេញពីពន្ធនាគារ បានស្នើទៅអាជ្ញាធរខេត្តសៀមរាបពិនិត្យ​ឡើងវិញ​ពី​ការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ដើម្បីការពារនិងទប់ស្កាត់ផលប៉ះពាល់សុខភាពសាធារណៈ​និង​បរិស្ថាន ក្រោយពួកគេ​​រកឃើញថា ទឹកស្អុយហូរចេញពី​​​លូចូលស្ទឹង​នោះមិនបាន​ចម្រោះជា​មុន​នោះ​ឡើយ។

សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលទើបចេញពីពន្ធនាគារ​កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកំពុងរងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» នោះ បានចេញផ្សាយវីដេអូដំបូង ស្ដីពី «បញ្ហានៃការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប»

ក្នុងវីដេអូដែលមានរយៈពេលជិត៣នាទី លោក ថុន រដ្ឋា សកម្មជនបរិស្ថានដែលកំពុងជាប់បម្រាមនៅតុលាការផងនោះ បានលើកឡើងថា ក្នុងខេត្តសៀមរាបមានអាងចម្រោះទឹកស្អុយមួយ​កន្លែង​ដែល​មានទំហំជាង​១២ហិកតា ដែលចំណាយថវិកាអស់១៤លានដុល្លារសម្រាប់ចម្រោះទឹកស្អុយ​ដែលហូរចេញពីលូ​ មុននឹងបង្ហូរចូលស្ទឹងសៀមរាប។ តែបច្ចុប្បន្ន លោកថា អាង​ចម្រោះ​ទឹកនោះបែរ​ត្រូវ​បា​ន​​គេយក​ទៅ​ចិញ្ចឹម​ត្រី​ទៅ​វិញ។

លោក ថុន រដ្ឋា បន្តអះអាង​ថា បច្ចុប្បន្ននេះ ទឹកស្អុយដែលហូរចេញ​ពីផ្សារ ពីមន្ទីរ​ពេទ្យ សណ្ឋា​​គារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្ទះប្រជាពលរដ្ឋ កំពុងបង្ហូរចូលស្ទឹងសៀមរាប ដោយមិនបានចម្រោះឱ្យស្អាតនោះឡើយ។

លោកថា៖ «អាងចម្រោះទឹកកង្វក់​នេះប្រែក្លាយជាអាងចិញ្ចឹមត្រីទៅវិញ ខ្ញុំក៏បានព្យាយាមស្វែង​​​រក​ព័ត៌មាន​ទាក់ទងនឹងអាងចម្រោះទឹកថ្មី​ តែរកមិនឃើញទាល់តែសោះ​។ ខ្ញុំបារម្ភថា ទឹកស្អុយដែលបង្ហូរចូលស្ទឹងសៀមរាប ហើយបន្តហូរចូលបឹងទន្លេសាប​​ដោយមិនបានឆ្លងកាត់ការចម្រោះ ធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា និងបំផ្លាញជីវចម្រុះក្នុងទឹក មិនត្រឹមតែប៉ុណ្ណោះ ទឹកនេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បីស្រោចដំណាំ ដាំបន្លែ ចិញ្ចឹមត្រី និងនេសាទ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ»។

សកម្មជនបរិស្ថានរូបនេះ​បន្តថា ក្នុងនាមខ្លួនជាយុវជនដែលស្រឡាញ់សន្តិភាពពេញលេញ និងបរិស្ថានស្អាត​នោះ លោក​ចង់ឃើញទឹកស្ទឹងសៀមរាប មានទឹកថ្លា​ស្អាត ទាក់​ទាញ​ភ្ញៀវទេស​ចរទៅ​លេង​កម្សាន្ត មិន​មែនប្រែក្លាយជាស្ទឹងទឹកលូទៀត។ ករណីនេះ លោក ថុន រដ្ឋា ស្នើ​ទៅមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ពិនិត្យឡើងវិញ និងដោះស្រាយដោយបើកឱ្យដំណើរការ​​អាងចម្រោះទឹកស្អាតដែល​យកទៅចិញ្ចឹមត្រីនោះ​ឡើងវិញ។

លោក ថុន រដ្ឋា ​បានបន្ថែមថា មូលហេតុដែល​លោកចាប់ផ្ដើមចូលរួមសកម្ម​ភាព​សង្គម​​វិញ ក៏ដូចជា​ការ​ចេញជាវីដេអូខ្លីនេះ ​ដោយ​សារតែលោក​យល់ថា សកម្មភាពដែលលោក​បានធ្វើកន្លងមកមិនមែនជារឿងខុសច្បាប់ ហើយ​​​ការធ្វើនេះ​ក្នុងនាមជាពលរដ្ឋ​ ក៏ដូចជាយុវជនម្នាក់ដែលខ្វល់​ខ្វាយ និង​ឈឺឆ្អាលរឿងបរិស្ថាន រួមទាំងចង់បានបរិស្ថានស្អាត។

លោកថា៖ «ខ្ញុំគិតថា អាហ្នឹងវារឿងដែលធ្វើឱ្យខ្លាចជាងគេ ហើយខ្ញុំជឿជាក់ថា វីដេអូដែលខ្ញុំធ្វើទាក់ទងរឿងបរិស្ថាន មិនគួរត្រូវបានចាប់​ខ្លួន ប៉ុន្តែបើសិនមានការចាប់ខ្លួនទៀត គឺជារឿងដែល​គួរឱ្យអស់សំណើច ហើយបញ្ជាក់យ៉ាង​ច្បាស់​ថា ប្រទេសយើង គឺលែងមានការបញ្ចេញសិទ្ធិសេរីភាពហើយ ព្រោះគ្រាន់តែយុវជន​និយាយ​ក្នុង​វីដេអូ ហើយនិ​យាយរឿងបរិស្ថាន ដើម្បីទាមទារឱ្យមានដំណោះស្រាយ ត្រូវបាន​ចាប់​ខ្លួននិងចោទប្រកាន់បន្តទៀតនោះ នឹងធ្វើឱ្យសហគមន៍អន្តរជាតិចាប់ផ្ដើមមើលពីការអនុវត្តច្បាប់នៅកម្ពុជា»។

អតីតសកម្មជនចលនា​មាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារជាង​១ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ករណីពួកគេបាននាំគ្នាធ្វើយុទ្ធនាការ​​ដើរថ្មើជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីសុំ​អន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងតាមោក។

ពួកគេត្រូវបានតុលាការដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់អនុវត្ត​ទោសចប់ ប៉ុន្តែអ្នកទាំង៣ក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើពួកគេមួយករណីទៀត ពីបទ «រួមគំនិតក្បត់»

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួនយុវជនបរិស្ថានមាតាធម្មជាតិ៣រូបផ្សេងទៀត ក្នុងនោះមានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចន្ទ្រដារ៉ាវុធ ក្រោម​​បទចោទប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ហើយពួកគេត្រូវបានតុលាការ​ឃុំនៅពន្ធនាគារអស់រយៈពេល៥ខែ។

ក្រោពីចេញពន្ធនាគារភ្លាមៗនិងកំពុងជាប់បណ្ដឹងនៅតុលាការ សកម្មជនមាតាជាតិទាំង៦នាក់ បានទទួលពានរង្វាន់ជួរមុខលើសកម្មភាពការពារបរិស្ថានប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិ ​ហ្រ្វន់ឡាញ​ឌីហ្វិនឌឺ (Frontline​ ​Defenders) ​មាន​មូលដ្ឋាន​នៅ​ប្រទេស​​អៀរ​ឡង់ (​Ireland​​)។​ ការទទួលពានរង្វាន់នេះ ផ្ដោតលើ​ភាព​ក្លាហាន​និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិ​នៅប្រទេស​កម្ពុជា​។​

វីអូឌី មិនអាចទាក់ទងអភិបាលខេត្តសៀមរាប លោក ទៀ សីហា​ និងអភិបាលរងខេត្ត លោក លី សំរិទ្ធ បាននៅឡើយទេ នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ