ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ទុករយៈពេល៧ថ្ងៃឱ្យក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាក្រុមហ៊ុនចែកចាយនិងផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជា ទូទាត់ប្រាក់បំណុល ចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី១០ ខែកុម្ភៈ។
សេចក្ដីជូនដំណឹងរបស់ក្រសួងទាំងពីរ ឱ្យដឹងថា ក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។ ក្រសួងទាំងពីរបានសម្រេចទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។
តែសេចក្ដីជូនដំណឹងនេះមិនបានបញ្ជាក់ថាតើក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ជំពាក់បំណុលរដ្ឋប៉ុន្មាននោះទេ។
ប្រភពដដែលបន្តថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕