លោក ហ៊ុន សែន ថា «យើង​មិនអាច​ប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​នោះទេ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​លើ​​វេទិកា​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ ថាគេមិន​អាច​ប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាមនោះទេ​ ពោលគឺមានតែការចរចាប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមបាន។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​បានធ្វើឡើងតាមរយៈសុន្ទរកថា​បើកក្នុង​កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» នាទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ឆ្នាំនេះជាខួបលើកទី៧២ នៃ​សង្គ្រាម​កូរ៉េ ដែល​បានចាប់ផ្ដើមនៅថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៥០។ លោកថា សង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់​បាញ់ នៅថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ តែមិនមែនបញ្ចប់ដោយ​សន្ធិ​សញ្ញាសន្តិ​ភាព​អចិន្ត្រៃយ៍នោះទេ។

មេដឹកនាំកម្ពុជារូបនេះបន្តថា ទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាព​ត្រូវ​បានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែជាអកុសល សន្ធិសញ្ញាសន្តិភាពមិនទាន់អាចសម្រេចបាន​នៅ​ឡើយ។ ហេតុដូច្នេះ លោកថា នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាព​នៅ​ឧបទ្វីបកូរ៉េ និងត្រូវការចាំបាច់នូវសេចក្ដីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្ត​ថា សន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរនៅក្នុងបញ្ហាពិភពលោកដ៏តានតឹងនិងស្មុគស្មាញ ដែលត្រូវការដំណោះស្រាយ។

នាយករដ្ឋមន្ត្រីកាន់អំណាចជិត៤០ឆ្នាំរូបនេះ បង្ហាញសុទិដ្ឋិនិយមថា កម្ពុជានិងតំបន់មេគង្គ​អាច​​ផ្ដល់​មេរៀនស្ដីពីការបង្កើតសន្តិភាព ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ លោកបានលើកជា​ឧទាហរណ៍ថា គោលនយោបាយឈ្នះ-ឈ្នះនៅកម្ពុជា អាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា។

លោក​ថា៖ «យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម»

ប៉ុន្តែអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល បានលើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែដោះលែងអ្នកទោសនយោបាយ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ដើម្បីឱ្យស្របគ្នានឹងសារស្រឡាញ់​សន្តិភាពរបស់លោក។ លោកថា អ្នកនយោបាយ​មិនគួរក្លាយ​ជាអ្នកទោសនោះទេ ខណៈពួកគេមិនមែនជាអ្នកទោសនៃសង្គ្រាមនោះ​ដែរ។

លោក​បន្តថា៖ «ពួកគេគួរតែមានសេរីភាពក្នុងការប្រកួតនៅលើឆាកនយោបាយ មិនមែនត្រូវគេឃុំឃាំងឡើយ។ ការឃុំឃាំងបានតែរាងកាយសត្រូវរបស់អ្នកប៉ុណ្ណោះ យ៉ាងណាអ្នកមិនអាចបញ្ចប់គំនិតរបស់ពួកគេបានទេ។ គំនិតរបស់ពួកគេនៅតែបន្តស្ថិតនៅក្នុងខ្លួនដដែល»

សាស្ត្រាចារ្យរូបនេះបន្តថា ជនស្រឡាញ់សន្តិភាពរូបណាក៏យល់ស្របនឹងការលើកឡើងឱ្យបញ្ចប់សង្គ្រាមដោយសន្តិវិធីនេះដែរ។ តែយ៉ាងណា លោកថា អ្វីដែលត្រូវកត់សម្គាល់ ថាតើអ្នកនិយាយនោះមានដែលបង្កអំពើហិង្សាឬទេ? តើពួកគេពាក់ព័ន្ធនឹងការសម្លាប់មនុស្សដែរឬ​ទេ? លោកថា បើមានជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ វាគឺជាសន្តិភាពអវិជ្ជមាន ខណៈកម្ពុជា​បច្ចុប្បន្នកំពុងឈរនៅចំណុចនេះនៅឡើយ។

លោក អៀ សុផល និយាយ​ថា៖ «ទេ! គ្មានកិច្ចសន្ទនាដោយសន្តិវិធីនិងការចរចាឈ្នះឈ្នះនៅកម្ពុជាទេ ពោលគឺមានតែការរំលាយបក្សប្រឆាំង ការចាប់ខ្លួន និងអំពើឃាតកម្មលើអ្នករិះគន់ម្ដងម្កាល»។

ចំណែកអ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី លើកឡើងថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង គឺជាទស្សនៈដែលត្រឹមត្រូវបំផុតតាមមូលដ្ឋានតក្កវិទ្យា ខណៈសង្គ្រាមមិនអាចដោះស្រាយសង្គ្រាម ហើយភ្លើងគឺមិនអាចពន្លត់ភ្លើងបានទេ។

តែយ៉ាងណា លោក​ថា៖ «ប៉ុន្តែបើសួរថា តើអ្វីដែលគាត់លើកឡើងហ្នឹងវាឆ្លុះបញ្ចាំងពីកម្ពុជាអត់? វាឆ្លុះបាន ៥០% ឆ្លុះនៅក្នុងមុំមួយថា ក្នុងនាមជាអ្នកដែលកសាងសន្តិភាពសម្រាប់កម្ពុជា ក៏ប៉ុន្តែវាមិនឆ្លុះបញ្ចាំងអំពីសន្តិភាពមួយដែលពលរដ្ឋកំពុងត្រូវការពិតប្រាកដ ដែលយើងសរុបរួមថា ជាសន្តិភាពមួយដែលត្រូវការការគោរពសិទ្ធិមនុស្ស ជាសន្តិភាពមួយដែលត្រូវការយុត្តិ​ធម៌​សង្គម ជាសន្តិភាពមួយដែលត្រូវការសមធម៌ ជាសន្តិភាពមួយដែលផ្ដល់នូវក្ដីសង្ឃឹមលើគន្លងប្រជាធិបតេយ្យទេ»។

យ៉ាងណា លោក សេង សារី ចង់ឃើញកម្ពុជាជជែកនិយមន័យនៃ «សន្តិភាព» ឡើងវិញ ជាពិសេសនៅក្នុងចំណោមអ្នកនយោបាយ ដោយធ្វើយ៉ាងណាព្រមព្រៀងគ្នាដើរលើផ្លូវប្រកួតប្រជែងក្នុងន័យនយោបាយដែលគ្រប់គ្នាអាចទទួលយកបាន។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន អះអាងថា ករណីរំលាយបក្សប្រឆាំង ការចាប់និង​ឃុំខ្លួនបុគ្គលនានានៅ​កម្ពុជា ចាត់​ថា​ជារឿងក្នុងប្រទេស និងជារឿងដាច់ដោយឡែកពីអ្វីដែលលោកនាយកមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នាពេលនេះ។

យ៉ាងណា លោកថា អ្នកដែល​ផ្ដល់យោបល់ពាក់ព័ន្ធបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនានា ហើយ​អះអាងថា​ខ្លួនជាសង្គមស៊ីវិលឬអង្គការក្រៅរដ្ឋាភិបាលនោះ​ គួរមានជំហរនៅកណ្ដាល និង​បង្កើត​វប្បធម៌សន្ទនា ​ជាជាង​ឈរនៅមួយ​ចំហៀង ហើយមកឈ្លោះជាមួយភាគីមួយចំហៀងទៀត។

លោក ផៃ ស៊ីផាន ថ្លែង​ថា៖ «សង្គមខ្មែរយើងត្រូវការពេលវេលា ត្រូវការឥរិយាបថមួយ ដើម្បីបង្កើតវប្បធម៌ជជែកគ្នា ឬក៏វប្បធម៌សន្ទនាហ្នឹងឱ្យបាន។ សូម្បីតែគណបក្សនយោបាយធំៗរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ក៏អត់ទាន់មានសមត្ថភាពក្នុងការបង្កើតនូវវប្បធម៌សន្ទនានេះទេ។ យើងឃើញបរាជ័យវប្បធម៌សន្ទនាក្លាយជាមានរឿងដទៃទៀត»

យ៉ាងណាក្ដី នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព យល់ថា ទស្សនទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជារឿងត្រឹមត្រូវ ខណៈការដោះស្រាយបញ្ហាទាល់​តែឆ្លងកាត់ការជជែក មិនមែនប្រើអាវុធ ឬប្រើហិង្សា ឬតាមរយៈការធ្វើសង្គ្រាមឡើយ។

អ្នកស្រីថា ទស្សនទាននេះគួរតែត្រូវបានយកមកអនុវត្តគ្រប់ស្ថានការណ៍ទាំងអស់ មិនមែនតែសម្រាប់ដោះស្រាយសង្គ្រាមទ្រង់ទ្រាយធំ ឬរវាងប្រទេសនិងប្រទេសទេ សូម្បីតែករណីហិង្សា វប្បធម៌និទណ្ឌភាពនៅក្នុងប្រទេស ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយឫសគល់នៃបញ្ហាដោយសន្តិវិធី។

លោកស្រី ចក់ សុភាព ថា៖ «បើយើងឆ្លុះបញ្ចាំងមកបញ្ហានៅក្នុងប្រទេសកម្ពុជា ក៏មានរឿងជាច្រើនដែលយើងឃើញហើយ អាជ្ញាធរជាទូទៅ គាត់បានប្រើប្រាស់នូវកម្លាំងក្នុងការចាប់បង្ខំ ឬក៏ក្នុងការប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋនៅក្នុងករណីដីធ្លី ក្នុងករណីបង្រ្កាបលើការជួបជុំដោយសន្តិវិធីអីទាំងអស់ហ្នឹង»

គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ក្នុងនាមជាសហប្រធាន ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃទី១២ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីនឹងទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» លើកទី៥ ដែលផ្ដល់ដោយអង្គការសហព័ន្ធសន្តិភាពសកល UPF៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ