លោក កឹម សុខា បន្ត​បង្ហាញ​ភាព​ស្អាតស្អំ ខណៈ​តុលាការ​មិន​ទាន់​ទម្លាក់​បទចោទ

លោក កឹម សុខា ជួបស្វាគមន៍លោកស្រី Sarah Taylor ឯកអគ្គរាជទូតថ្មី នៃប្រទេសកាណាដា ប្រចាំបីប្រទេសគឺកម្ពុជា ថៃ និងឡាវ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Kem Sokha)

មេដឹកនាំគណបក្សសង្គ្រោះជាតិ​ដែលតុលាការរំលាយ លោក កឹម សុខា បន្តផ្ញើសារ​បង្ហាញពីភាពស្អាតស្អំរបស់​លោក​ អំឡុងពេលដែលតុលាការនៅបន្តបិទផ្លូវធ្វើនយោបាយនៅឡើយ ​ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់​ដ៏ចម្រូងចម្រាសពីបទ«ក្បត់ជាតិ»។

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយអស់​រយៈពេល​ជាង៤ឆ្នាំមកហើយ គិតចាប់​ពី​ថ្ងៃដែល​កង​កម្លាំង​រដ្ឋាភិបាលឆ្មក់ចូលចាប់ខ្លួន ដោយចោទថា លោក​គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្ដួល​​រំ​​លំ​រដ្ឋាភិបាល​ ឬ «ក្បត់ជាតិ» ដែលបទចោទនេះ សាលាដំបូងរាជធានីភ្នំពេញនៅបន្តបើកសវនា​ការ​មក​ដល់​​បច្ចុប្បន្ន ​ក្រោយពីពន្យារពេលជាង២ឆ្នាំរួចមក។

លោក កឹម សុខា សរសេរលើទំព័រ​ហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រនេះ ក្រោយជួបឯកអគ្គរាជទូតថ្មី​នៃប្រ​​ទេស​កាណាដា​ប្រចាំ៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ លោកស្រី Sarah Taylor ថាកាណាដាគឺជា​ប្រ​ទេ​ស​មហា​អំណាច​ប្រជាធិបតេយ្យដែល​មាន​សេដ្ឋកិច្ចជឿនលឿន និង​ជាមិត្តរបស់កម្ពុជា។

លោ​កបន្តថា ប្រទេសនេះក៏ដូចជាសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ ដែលថា រហូតម​ក​ដល់​បច្ចុប្បន្ន កម្ពុជានៅតែទទួលបានផលប្រយោជន៍ពីប្រទេសប្រជាធិបតេយ្យទាំងនោះរាប់ពាន់លា​ន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗតាមរយៈទីផ្សារ​សម្លៀកបំពាក់កាត់ដេរ។

លោក កឹម សុខា​ បន្តទៀត​​ថា អំណោយ​ផលនេះ​ក៏បង្កើតការងារឱ្យកម្មករ​ខ្មែរ​រាប់​លាន​នាក់មាន​ការងារ​ធ្វើ និង​មាន​ប្រាក់ចំណូលដូច​សព្វថ្ងៃនេះ និងអាចប្រសើរឡើងទៀតទៅថ្ងៃ​អនាគត បើកម្ពុជាមានទំនាក់ទំនងនិងសហប្រ​​តិបត្តិការល្អជាមួយគ្នា ដោយគោរពគុណតម្លៃគ្នាទៅវិញទៅមក។

លោក កឹម សុខា បញ្ជាក់​ថា៖ «ការសិក្សាស្វែងយល់​អំពីលទ្ធិប្រជាធិបតេយ្យ […] ជាមួយមិត្តរបស់កម្ពុជា គឺមិនមែនជាអំពើក្បត់ជាតិ ឬការបង្កមហន្តរាយដល់ជាតិនិងប្រជាពលរដ្ឋឡើយ»។

ដូចគ្នានេះដែរ កាលពីថ្ងៃ​ម្សិលមិញ ក្រោយជំនួបជាមួយឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា លោក កឹម សុខា អះអាងថា តំណាងសភាពអឺរ៉ុប លោកស្រី Carmen Moreno បានធ្វើការកត់សម្គាល់ចំពោះការពន្យា​រពេល ការលើកពេល និងការដាក់កម្មវិធីដ៏យឺតយ៉ាវ​នៃដំណើរការសវនាការលើ​សំណុំរឿងក្ដីរបស់លោក។

លោកស្រីបញ្ជាក់ថា៖ «ការទំនាក់ទំនង​បរទេស ខ្ញុំធ្វើជាមួយមិត្តរបស់កម្ពុជា ដើម្បីផលប្រយោជន៍ខ្មែរ ខ្ញុំមិនដែលនិងមិនធ្វើជាមួយបរទេសណាដែលជាសត្រូវរបស់កម្ពុជានោះឡើយ»។

ប្រ​ធានក្រុ​មអ​ង្គភា​ពអ្ន​កនាំពាក្យ​រដ្ឋាភិបាល លោក​ ផៃ​ ស៊ីផាន ​ធ្លាប់អះ​អាងថា សំណុំ​រឿង​លោក​ កឹម ​សុខា ស្ថិតក្នុងដៃតុ​លាកា​រ ហើយ​​ថា​​សារជំ​រុញ​ណាមួយ​មិនមា​នឥ​ទ្ធិពល​ទៅលើ​តុ​​លាកា​​រ​ក​ម្ពុជាទេ។

លោកថា៖ «សារហ្នឹងជាសាររបស់ឯកជនទេ ពីព្រោះរដ្ឋាភិបាលគ្មានអ្វីពាក់ព័ន្ធជាមួយតុលាការ ហើយទាំង​​សង​ខាង​គ្មាន​នរណាដឹងថាតើតុលាការវិនិច្ឆយថាមានទោស​ឬអត់​ទោស អាហ្នឹងជារឿងផ្សេងមួយទៀត»។

​​សាស្ត្រា​ចារ្យវិ​ទ្យាសា​ស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ​បង្ហា​ញជា​ទ​ស្សនៈថា​ ​សារ​លោ​​​ក កឹម សុខា អាច​​ចង់​ប្រាប់ថា​ ការ​ទំនា​ក់ទំនងរបស់គាត់​ជាមួ​យប​រទេ​សប​ច្ចុប្បន្ន ក៏ដូចពីអតីតកាលដែរ គឺជា​ទំនាក់ទំនងដើម្បី​​ប្រយោជន៍ជាតិ ​ដែល​ផ្ទុយ​ទៅនឹង​បទចោទ។ មួយវិញទៀត លោកថា ជាមុំ​នយោបាយ ការ​បង្ហាញវត្ត​មាន​ញឹក​ញាប់​រវាង​មន្ត្រីជាន់ខ្ពស់ប្រទស​លោ​​ក​សេ​រី ជាមួយមេបក្សប្រឆាំង​រូប​នេះ ក៏ជា​ទម្ងន់ផ្នែក​ការ​ទូតសម្រាប់​បក្សកាន់អំណាចពិចារណាកែស្ថានការណ៍​នយោ​បា​​​យ​​នៅកម្ពុជាដែរ បើពុំនោះទេកម្ពុជានឹងបន្តខាត​បង់។

លោកថា៖ «នេះជាទម្ងន់មួយដែលឱ្យតុលាការឬក៏បក្សកាន់អំណាចហ្នឹងគិតពិចារណារឿងការចោទប្រ​កាន់ហ្នឹង ព្រោះវាធ្វើឱ្យខូចដែលគេហៅថាគោលនយោបាយការបរទេស សម្រាប់គណបក្សកាន់អំ​ណា​ច ក្នុង​ស្ថានភាពខ្លួនឯងជាអ្នកដឹកនាំប្រទេស»។

យ៉ាងណា លោក ឯម សុវណ្ណរ៉ា បារម្ភថា បើរបត់នយោបាយមិនវិលទៅរកការ​ស្ដារប្រជាធិបតេយ្យ​ឡើង​​វិញទេ នោះ​ក្រុ​ម​ប្រទេសលោកសេរីនឹងបន្តដាក់សម្ពាធតាម​មធ្យោបាយដែលពួកគេអាចធ្វើបាន ដែលការ​ណ៍នេះ ​នឹ​​ងជំរុញឱ្យមានការប្រឈមកាន់តែខ្លាំងនៃយន្តការក្រាញអំណាចនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ