ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ អំពាវនាវ​ក្នុងនាម​ជា​ព្រះ​ប្រធានបក្ស​ឱ្យ​សមាជិក​រួបរួមគ្នា

ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយពលរដ្ឋនិងមន្ត្រីបក្សមូលដ្ឋាន នៅខេត្តព្រះសីហនុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បានយាងទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃសុក្រនេះ ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្ស បន្ទាប់ពីព្រះអង្គត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងជាព្រះប្រធានគណបក្ស កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឱ្យដឹងថា ក្នុងឋានៈព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបន្តពីព្រះបិតា ព្រះអង្គបានប្ដេជ្ញាការពារគណបក្សហ្វ៊ុនស៊ិនប៉ិចឱ្យនៅគង់វង្សជារៀងរហូត។ បន្ថែមលើនេះ ព្រះអង្គក៏បានបន្តអំពាវនាវឱ្យថ្នាក់ដឹកនាំគណបក្សនៅក្នុងខេត្តព្រះសីហនុ ត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមសាមគ្គីគ្នា ដើម្បីកសាងគណបក្សហ្វ៊ុនស៊ិនប៉ិចឱ្យទទួលបានជោគជ័យសាជាថ្មី។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បុត្រា​ច្បងរបស់​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បច្ចុប្បន្នមានព្រះជន្ម៥២ព្រះវស្សា ​ត្រូវ​បាន​អង្គសមាជគណបក្ស​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ជា​ព្រះប្រធានគណបក្សបន្តពីបិតារបស់ព្រះអង្គ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថរបស់​ព្រះបាទសម្ដេច​​ ព្រះន​​រោ​​​ត្ដម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ១៩៧៨។ នៅក្នុងការបោះឆ្នោតជាតិ នីតិ​កាល​​ទី១ កាលពី​ឆ្នាំ១៩៩៣ គណបក្សហ្វ៊ុនស៊ិនប៉ិចបានឈ្នះ​​ការ​​បោះ​​ឆ្នោត ដោយទទួល​​បាន​​សំឡេង ៥៨​​អា​សនៈ បើធៀបនឹងគណបក្សប្រជាជនកម្ពុជា ទទួលបាន៥១អាស​នៈនៅក្នុងរដ្ឋសភា។ ប៉ុន្តែសំឡេង​​​នៃ​ការគាំទ្ររបស់គណបក្សរាជានិយមមួយនេះចេះតែបន្ត​​ធ្លាក់​​ចុះ​​ជា​​ហូរហែ រហូតដល់​​ឆ្នាំ​២០​​០៣ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេង​ត្រឹមតែ២​​អា​​​សនៈ ខណៈ​​គណបក្ស​​ប្រជា​​​ជន​​កម្ពុជាបានកើនឡើងរហូតដល់៩០អាសនៈនៅក្នុងរដ្ឋសភា។

ក្រោយឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិចលែងមានសំឡេងនៅក្នុងរដ្ឋសភារហូតដល់បច្ចុប្បន្ន និងមានភាពប្រេះឆាផ្ទៃក្នុងបក្សផង បានធ្វើឱ្យគណបក្សរាជានិយមមួយនេះត្រូវស្រកស្រុតចុះ​​ប្រ​​ជា​​​ប្រិយភាពជាបន្តបន្ទាប់ ទាំងនៅកម្រិតថ្នាក់ជាតិ​ និងមូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ