លោក ហ៊ុន សែន ឡើង​ទទួល​ពាន​រង្វាន់​សន្តិភាព ខណៈ​អ្នកវិភាគ​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលឡើងទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» ពីអង្គការមួយរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ទទួល​ពាន​រង្វាន់​សន្តិភាព​ «ស៊ុកហាក់»​ លើកទី៥ ​ដែល​ផ្ដល់​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ ខណៈអ្នក​វិភាគ​សង្គម​ចង់​ឃើញ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

នៅក្នុង​ពិធីមួយ​ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវ​បាន​ផ្សាយ​បន្តផ្ទាល់​មកកម្ពុជា​តាមរយៈគណនីហ្វេសប៊ុក​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​នេះ។

លោកថា​៖ «ខ្ញុំពិត​ជាមាន​កិត្តិយស និង​សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​គណៈកម្មាធិការ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ដែល​បាន​ទទួល​ស្គាល់​នូវ​ស្នាដៃ​របស់​ខ្ញុំ​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការ​កសាង​បាន​នូវសុខសន្តិភាព​ពេញលេញ និង​ដ៏យូអង្វែង​នៅកម្ពុជា»

លោកបានចាត់ទុកថា ការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នាពេលនេះ គឺមិនមែនសម្រាប់តែលោកតែម្នាក់ឯងនោះទេ ហើយក៏មាន​មនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ។

ប៉ុន្តែអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល បានលើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែដោះលែងអ្នកទោសនយោបាយ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ដើម្បីឱ្យ​ស្រប​គ្នានឹងសារស្រឡាញ់​សន្តិភាពរបស់លោក។ លោកថា អ្នកនយោបាយ​មិនគួរក្លាយ​ជាអ្នកទោសនោះទេ ខណៈពួកគេមិនមែនជាអ្នកទោសនៃសង្គ្រាមនោះ​ដែរ។

លោក​បន្តថា៖ «ពួកគេគួរតែមានសេរីភាពក្នុងការប្រកួតនៅលើឆាកនយោបាយ មិនមែនត្រូវគេឃុំឃាំងឡើយ។ ការឃុំឃាំងបានតែរាងកាយសត្រូវរបស់​អ្នកប៉ុណ្ណោះ យ៉ាងណាអ្នកមិនអាចបញ្ចប់គំនិតរបស់ពួកគេបានទេ។ គំនិតរបស់ពួកគេនៅតែបន្តស្ថិតនៅក្នុងខ្លួនដដែល»

លោកសាស្ត្រាចារ្យ អៀ សុផល បានឆ្លើយតបនឹងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថា «យើង​មិនអាច​ប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​នោះទេ»។ តែលោកថា អ្វីដែលត្រូវកត់សម្គាល់ ថាតើអ្នកនិយាយនោះមានដែលបង្កអំពើហិង្សាឬទេ? តើពួកគេពាក់ព័ន្ធនឹងការសម្លាប់មនុស្សដែរឬ​ទេ? លោកថា បើមានជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ វាគឺជាសន្តិភាពអវិជ្ជមាន ខណៈកម្ពុជា​បច្ចុប្បន្នកំពុងឈរនៅចំណុចនេះនៅឡើយ។

លោក អៀ សុផល និយាយ​ថា៖ «ទេ! គ្មានកិច្ចសន្ទនាដោយសន្តិវិធីនិងការចរចាឈ្នះឈ្នះនៅកម្ពុជាទេ ពោលគឺមានតែការរំលាយបក្សប្រឆាំង ការចាប់ខ្លួន និងអំពើឃាតកម្មលើអ្នករិះគន់ម្ដងម្កាល»

ពានរង្វាន់សន្តិភាព​​ស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយអង្គការ​សហព័ន្ធសន្តិភាពសកល (UPF) នៅប្រទេស​កូរ៉េខាងត្បូងនេះ គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់លោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ដែលបានរួមចំណែក​ដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ