តំណាងពលរដ្ឋ២នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការចេញដីកាកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះហៅតំណាងពលរដ្ឋ២នាក់ទៀត រួមមាន លោក ឈឹម សាផាន ឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី២២ ខែកុម្ភៈ ខណៈតំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ជុំ ស្រីនៅ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ថា «បានបង្កចលាចលនិងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ៨៤៣គ្រួសារ នៅឃុំកណ្ដោល មានប្រសាសន៍ថា ករណីតុលាការកោះហៅរូបលោក និងតំណាងពលរដ្ឋផ្សេងទៀតនេះ ជារឿងអយុត្តិធម៌។ លោកអះអាងថា ពួកគាត់បានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក ដោយអាជ្ញាធរមិនបានដោះស្រាយ បែរជាប្ដឹងពួកគាត់ទៅតុលាការថែមទៀត។ លោកចាត់ទុកករណីនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីដល់សហគមន៍មិនឱ្យតវ៉ាតែប៉ុណ្ណោះ។
លោក សាផាន ថ្លែងថា៖ «រដ្ឋបាលសាលាខេត្ត គាត់ប្ដឹងតំណាងសហគមន៍មួយចំនួនចូលទៅតុលាការ ដោយមិនផ្ដល់ដំណោះស្រាយទេ ប្ដឹងទៅតុលាការតែម្ដង។ គំរាមកំហែងបំបាក់ស្មារតីដល់សហគមន៍ណាៗទាំងអស់ តែចំពោះតំណាងពលរដ្ឋខ្ញុំទាំងអស់គឺអត់មានបាក់ស្មារតីទេ ដើម្បីខ្លួនយើង បើយើងមិនងើប បើយើងមិនតស៊ូ យើងមានតែងាប់ទេ»។
អ្នកស្រី ជុំ ស្រីនៅ ដែលអះអាងថាជាតំណាងពលរដ្ឋម្នាក់ទៀត ឱ្យដឹងថា ពួកគាត់ប្រហែលដាក់ពាក្យពន្យារពេលចូលបំភ្លឺ ដោយសារពុំទាន់រកមេធាវីមកជួយការពារក្ដីបាន។
តំណាងពលរដ្ឋរូបនេះបន្តថា តុលាការកោះហៅតំណាងពលរដ្ឋឱ្យឆ្លើយបំភ្លឺនេះ ធ្វើឡើងក្រោយពីពួកគាត់សកម្មក្នុងការដឹកនាំពលរដ្ឋតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ដែលបានឈូសឆាយរំលោភយកដីរបស់ពួកគេអស់តាំងពីឆ្នាំ២០០៦។
អ្នកស្រីបន្ថែមថា៖ «រឿងនេះវាអយុត្តិធម៌ខ្លាំងសម្រាប់ខ្ញុំ។ ខ្ញុំមិនបានទៅបង្កចលនាធ្វើឱ្យខូចសណ្ដាប់ធ្នាប់សង្គមដូចការចោទប្រកាន់ឡើយ។ ពួកខ្ញុំគ្រាន់តែដើរតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្ញុំ[ដែល]ក្រុមហ៊ុនរំលោភយកតែប៉ុណ្ណោះ។ អាជ្ញាធរមិនដោះស្រាយ បែរជាប្ដឹងពួកយើងទៅតុលាការថែមទៀត»។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ក៏បានកោះហៅតំណាងពលរដ្ឋ២៤៣គ្រួសារ គឺអ្នកស្រី ភាព តេង ឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រោមការចោទប្រកាន់ថា បានបង្កចលាចលនិងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោយពីគាត់សកម្មតវ៉ាដីធ្លីជាមួយក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់ឧកញ៉ា លី យ៉ុងផាត់ ផងដែរ។
អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង ប្រាប់វីអូឌីកាលពីថ្ងៃទី៩ ខែកុម្ភៈ ថាអាជ្ញាធរស្រុកមិនបានប្ដឹងតំណាងពលរដ្ឋទៅតុលាការនោះទេ។
លោកបន្តថា ពលរដ្ឋទាំង៣ក្រុមដែលកំពុងតវ៉ានោះ គឺក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង បានចេញលិខិតបដិសេធមិនដោះស្រាយឱ្យជាច្រើនដងមកហើយ ដោយថា ក្រុមពលរដ្ឋទាំងនោះទទួលបានការដោះស្រាយពីអាជ្ញាធររួចជាយូរមកហើយ។
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ធ្លាប់លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លី មិនមែនជាដំណោះស្រាយនិងជាវិធីល្អដើម្បីឱ្យពលរដ្ឋឈប់តវ៉ានោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យពលរដ្ឋឈឺចាប់និងស្អប់អាជ្ញាធរទៅវិញទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យស្រាវជ្រាវនិងដោះស្រាយតាមនីតិវិធី ជាជាងប្រើប្រព័ន្ធតុលាការចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លី១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀតកំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
សមាគមមួយនេះបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់និងចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ៕