អាជ្ញាធរ​ហាម​ដាច់ខាត​មិនឱ្យ​បុគ្គលិក​ណាហ្គា​ធ្វើ​កូដកម្ម​នៅ​ទីតាំងចាស់​ទៀត​ឡើយ

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

អាជ្ញាធររាជធានីភ្នំពេញ បានព្រមានចាត់វិធានការដោយគ្មានការលើកលែងទៅលើកូដកម្មបុគ្គលិកណាហ្គាវើលដ៍ ប្រសិនបើពួកគេបន្តការប្រមូលផ្ដុំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាទីតាំងចាស់ក្បែរអគារកាស៊ីណូណាហ្គាវើលដ៍។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានបង្គាប់ឱ្យបុគ្គលិកណាហ្គាវើលដ៍ទៅធ្វើកូដកម្ម ឬប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យថ្មី ដែលស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវវិញ។

លិខិតបានសរសេរថា៖ «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្ដុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណីរឹងរូស បន្តសកម្មភាពខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយគ្មានការលើកលែង»។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់បានផ្អាកការជួបជុំគ្នាធ្វើកូដកម្មអស់រយៈពេលជាងមួយសប្ដាហ៍មកហើយ ក្រោយពីរកឃើញកូដករមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ និងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនតំណាងរបស់ពួកគេចំនួន៣នាក់បន្ថែមទៀតទៅឃុំខ្លួននៅព្រៃស ខណៈកូដករ៤នាក់ទៀតត្រូវបានតុលាការបញ្ជាឱ្យចូលខ្លួនឆ្លើយបំភ្លឺពាក់ព័ន្ធការចោទថា ពួកគេរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ