អាជ្ញាធរ​ព្រមាន​វិធាន​ការ​ច្បាប់​​​គ្មាន​ការ​លើក​លែង​ បើ​បុគ្គលិក​ណា​ហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​លើ​ទីតាំង​ចាស់

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

អាជ្ញាធរព្រមានចាត់វិធានការច្បាប់ដោយគ្មានការលើកលែង ប្រសិនបើក្រុមកូដករ​ណាហ្គាវើលដ៍ នៅតែ​ធ្វើកូដកម្មនៅលើទីតាំងចាស់បន្តទៀត ដោយថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួន«អូមីក្រុង» ​ ខណៈអង្គការអន្តរជាតិមួយថារដ្ឋអំណាចយកលេសនេះដើម្បីគាបសង្កាត់សិទ្ធិធ្វើកូដកម្មរបស់កម្មករ។  ​

​រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសេចក្ដីជូនដំណឹងមួយ ដោយហាមដាច់ខាត មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់របស់កូដករណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។

ប្រភពដដែលអះអាងថា ការមិនអនុញ្ញាតនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

អាជ្ញាធរព្រមានថា ក្នុងករណីក្រុមអ្នកតវ៉ារឹងរូស បន្តសកម្មភាពខុសច្បាប់ទៀតនោះ ​នឹងចាត់វិធានការច្បាប់តែម្តង។

រដ្ឋបាលរាជធានីភ្នំពេញថា៖ «រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណីរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែង»។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្រុមកូដករហ៊ុនណាហ្គាវើលដ៍ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានសុខាភិបាល ដែលធានាថាលែងមានអ្នកវិជ្ជមានកូវីដ-១៩ ហើយចង់ប្រមូលផ្ដុំតវ៉ា ត្រូវធ្វើនៅកន្លែងបញ្ចេញមតិជាសាធារណៈ ឬទីលានប្រជាធិបតេយ្យ​ ដែលស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែត្រូវអនុលោមតាមគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីផងដែរ។  

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងថា វិធានការច្បាប់លើកូដករ ក្នុងករណីអ្នកតវ៉ាក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មនោះ គឺអាស្រ័យលើច្បាប់ស្តីពីវិធានការកូវីដ-១៩ និងអាស្រ័យទិដ្ឋភាពជាក់ស្តែង។

លោកថា«យើងទៅមើលច្បាប់ស្តីពីវិធានការកូវីដ-១៩ ​ ហើយអ្នកល្មើសវិធានការហ្នឹង គេមានទោសទណ្ឌរបស់គេពិន័យជាប្រាក់ ហើយករណីល្មើសផ្សេងទៀតគេពិន័យក្នុងការកសាងសំណុំរឿងទៅតុលាការ ហើយប្រឈមនឹងការដាក់ទោសទណ្ឌជាប់ពន្ធនាគារ។ បងអត់លម្អិតដល់អាច្បាប់ហ្នឹងទេ គ្រាន់តែថាអាហ្នឹងវាជាក់ស្តែង ថាវាខុសប៉ុណ្ណា គឺទទួលនូវវិធានការប៉ុណ្ណឹង»។

លោកបន្ថែមថា ការតវ៉ារបស់កូដករណាហ្គាវើលដ៍នៅទីសាធារណៈចាត់ទុកថាជាការធ្វើបាតុកម្មខុសច្បាប់។ យ៉ាងណា អាជ្ញាធរតម្រូវឱ្យធ្វើនៅទីលានប្រជាធិបតេ្យដែលច្បាប់អនុញ្ញាតដើម្បីសម្តែងមតិដោយសុវត្ថិភាពទើបជារឿងស្របច្បាប់។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ញឹម សាម៉ៃ អះអាងថា គាត់កំពុងធ្វើចត្តាឡីស័កតាមការតម្រូវរបស់អាជ្ញាធរ ខណៈខកខានតវ៉ាជិត ១០ថ្ងៃហើយ។ យ៉ាងណាអ្នកស្រីថា គាត់នៅតែរក្សាជំហរតវ៉ាទាមទាររកដំណោះស្រាយលើវិវាទជាមួយណាហ្គាវើលដ៍ដដែល។

អ្នកស្រី ញឹម សាម៉ៃ ថា«គេហាមសព្វបែបយ៉ាង! ហើយបើមិនឱ្យខ្ញុំធ្វើ (កូដកម្ម) នៅជិតក្រុមហ៊ុន ហើយឱ្យខ្ញុំទៅធ្វើនៅណាបង? ឱ្យទៅធ្វើនៅទីលានប្រជាធិបតេយ្យ? ហើយពួកខ្ញុំធ្វើកូដកម្ម ហើយមិនមែនធ្វើបាតុកម្មឯណា! ទីលានប្រជាធិបតេយ្យសម្រាប់តែគេធ្វើបាតុកម្មហ្នឹងបង។ ខ្ញុំមានទំនាស់តែជាមួយណាហ្គាវើលដ៍ហ្នឹង ពួកគេមិនព្រមរកដំណោះស្រាយ (ហើយ) រកគ្រប់វិធីសាស្ត្រធ្វើបាបពួកខ្ញុំ»

អ្នកស្រីថា ពេលចប់ចត្តាឡីស័ក គាត់ប្រកាន់ជំហធ្វើកូដកម្មនៅកន្លែងចាស់បន្តទៀត បើទោះដឹងថា អាចនឹងត្រូវប្រឈមការចាប់ខ្លួន ឬចាត់វិធានការច្បាប់ក៏ដោយ។

អ្នកស្រី ញឹម សាម៉ៃ បន្ត«ខ្ញុំតវ៉ានៅកន្លែងចាស់ ព្រោះខ្ញុំធ្វើកូដកម្មជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ទេ។ ហើយបើឱ្យខ្ញុំទៅធ្វើឱ្យឆ្ងាយចឹង ហើយខ្ញុំមានជម្លោះជាមួយក្រុមហ៊ុនហ្នឹង។ វិធានការច្បាប់គិតតែចាប់រហូត មិនទាន់ដោះស្រាយទេ គិតតែចាប់រហូតរាល់ថ្ងៃ! (បារម្ភថានឹងត្រូវអាជ្ញាធរចាប់ខ្លួនទេ បើទៅធ្វើកូដកម្មនៅកន្លែងចាស់?) អត់ខ្លាចទេបង បើគេចាប់ខ្ញុំរួចហើយ ព្រោះអីមិនបានធ្វើអីខុសទេ! បើមិនទាន់មានដំណោះស្រាយ (…) ខ្ញុំចង់ធ្វើកូដកម្មនៅជាប់របងក្រុមហ៊ុន បើមិនបានធ្វើនៅជាប់ក្រុមហ៊ុន បាននៅជិតអែបៗក្រុមហ៊ុនចឹងបង»

​នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា វិវាទការងារនេះបានវិវត្តនូវភាពតានតឹងរវាងបុគ្គលិកជាមួយក្រុមហ៊ុនល្បែងមួយនេះ ក្លាយមកជាវិវាទរវាងក្រុមបុគ្គលិកជាមួយអាជ្ញាធរទៅវិញ។

លោកថា«បើយើងនិយាយទៅគឺវារំលោភសិទ្ធិកូដករហើយ ព្រោះការធ្វើកូដកម្ម យើងដឹងហើយថាវា មានវិវាទការងាររវាងណាហ្គាវើលដ៍ជាមួយក្រុមកូដករដែលគាត់ធ្វើកូដកម្ម។ ឥឡូវនឹងវាក្លាយទៅជាវិវាទរវាងក្រុមកូដករនឹងជាមួយអាជ្ញាធរទៅវិញ ចឹងយើងមើលទៅលើច្បាប់ការងារ វាខុសបាត់ទៅហើយ»។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី១៥ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រាប់ទៅរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ជាបន្ទាន់នូវការយកវិធានការសុខភាពសាធារណៈ ជាលេសដើម្បីគាបសង្កត់សិទ្ធិធ្វើកូដកម្មរបស់កម្មករ និងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀត។

ស្ថាប័នអន្តរជាតិមួយនេះបន្តថា ចាប់តាំងពីសហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតខ្មែរណាហ្គាវើលដ៍ (LRSU) បានធ្វើកូដកម្មកាលពីខែធ្នូ ឆ្នាំ២០២១មក អាជ្ញាធរកម្ពុជាបានចាប់ខ្លួន ឃាត់ខ្លួន និងកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនសហជីពជាបន្តបន្ទាប់តាមអំពើចិត្ត។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា អាជ្ញាធរកម្ពុជាកាន់តែធ្វើរឿងគ្មានសីលធម៌ ដោយធ្វើការចោទប្រកាន់បទព្រហ្មទណ្ឌ ក្រោមលេសវិធានការសុខាភិបាល ដើម្បីបញ្ចប់កូដកម្ម។

លោកថា«ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទៅលើសកម្មជនសហជីព ទំនងជាសំដៅកាត់បន្ថយសាមគ្គីភាព និងកម្លាំងនៃចលនាសហជីពនៅកម្ពុជាដែលកំពុងតែកើនឡើង និងការគាំទ្ររបស់ពួកគេចំពោះកូដករណាហ្គាវើលដ៍»។

ជាមួយគ្នានេះលោក អំ សំអាត យល់ឃើញថា ​ដើម្បីបញ្ចប់វិវាទ គឺទាមទារឱ្យមានដំណោះស្រាយជាក់លាក់ ដោះលែងតំណាងរបស់បុគ្គលិក និងចរចាដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ