តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​កញ្ញា សេង ធារី ទាំង​ចម្រូងចម្រាស

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសួរដេញដោលកញ្ញា សេង ធារី ដែលគ្រោងធ្វើនៅថ្ងៃនេះ ទោះបីជាមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងដែលត្រូវតុលាការរំលាយផ្សេងទៀត បាន​ជំទាស់ចំពោះ​ការ​ពន្យារពេល​សវនាការនេះក៏ដោយ។

សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបន្តបើកសវនាការសំណុំរឿងសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ ក្នុងសំណុំរឿង «ញុះញង់ ​និង​រួម​គំនិត​ក្បត់» ដោយ​សវនាការ​នា​ថ្ងៃ​នេះ នឹង​សួរដេញ​ដោល​កញ្ញា សេង ធារី ដោយ​មាន​ការ​ដាក់​បង្ហាញ​ភស្តុ​តាង​ភ្ជាប់​ជាមួយ​ផង​ដែរ។ ប៉ុន្តែស​វនាការ​នេះត្រូវបានមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី សុំពន្យារពេលវិញ ដោយថា រូបលោកជាមេធាវីការពារក្ដីមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ មិនអាចចូលរួមសវនាការបាន។

មុននឹងប្រកាសបន្ត ឬ​ពន្យារពេលសវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានសុំយោបល់ពី​តំណាង​អយ្យការ និង​មេធាវី​ការពារ​សិទ្ធិឱ្យសកម្មជនបក្សប្រឆាំងផ្សេងទៀត ក្នុង​នោះក៏មាន​លោក សំ សុគង់ ផងដែរ។

យ៉ាងណា ការស្នើរបស់លោក ជូង ជូងី មេធាវីការពារក្ដី​ឱ្យ​កញ្ញា សេង ធារី ត្រូវ​បាន​តំណាង​អយ្យការ​ លោក សេង ហៀង យល់ស្រប និងសុំឱ្យចៅក្រមពិចារណាលើសំណើសុំពន្យារពេលនេះ ដើម្បីគោរពតាមវិធានសុខាភិបាល និងឱ្យស្របតាមច្បាប់កូវីដ-១៩ផងដែរ។ មួយវិញទៀត លោក ជូង ជូងី ពិត​ជា​ជាប់​ពាក់​ព័ន្ធផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺកូវីដ-១៩ប្រាកដមែន ហើយលោកក៏ប្រឈមនឹងការឆ្លងដែរ។

ប៉ុន្តែលោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក កាក់ កុម្ភា និង​​លោក ហេង ច័ន្ទសុធី សកម្មជនបក្សប្រឆាំង បាន​ជំទាស់ ដោយថា ការស្នើសុំពន្យារពេលនេះបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្ដីរបស់​លោក​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​សវនាការ​នេះបាន​ពន្យារពេលអស់​រយៈពេលប្រមាណ១ខែទៅហើយនោះ។

មិនមែនតែលោក សំ សុគង់ ទេ ជនជាប់ចោទដែលកំពុងជាប់ពន្ធនាគារព្រៃស គឺលោក កាក់ កុម្ភា ក៏​បាន​លើក​ឡើង​ថា ការពន្យារពេលនេះបានធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ ខណៈរូបគាត់និងអ្នកផ្សេងទៀតបានជាប់​ពន្ធនាគារ​រយៈ​ពេល២០​ខែ១៥​ថ្ងៃ​ហើយ ប៉ុន្តែ​សវនាការជំនុំជម្រះរឿងក្ដីនៅមិនទាន់​ចប់​នៅ​ឡើយ ហើយ​ពួក​គាត់​ក៏មាន​វ័យកាន់តែជរា និងមានជំងឺប្រចាំកាយថែមទៀត។

លោកថា៖ «ដូចមេធាវី សំ សុគង់ ថាពាក្យហ្នឹង​អត់ជាក់លាក់ គាត់ថាប៉ះពាល់អ្នកកើតកូវីដ-១៩ ប៉ុន្តែអត់មាន​លិខិត​ពេទ្យ​បញ្ជាក់​ទេ។ ទី២ ខ្ញុំចង់ឱ្យលោកចៅក្រមពិចារណា ខ្ញុំជាជនរងគ្រោះ ចោទខ្ញុំទាំងបំពាន វាគ្រាន់តែជារឿងអតីតកាលសោះ។ ខ្ញុំមានជំងឺជាប់ខ្លួន ថ្ងៃមុនទៅសុំថ្នាំលេប គេឱ្យមកលេបហើយ អត់បាត់ទេ»។  

លោក កាក់ កុម្ភា បាន​​​ស្នើទៅចៅក្រមឱ្យពិចារណាបន្តសវនាការ ដោយថា ការ​ចោទប្រ​កាន់និង​ឃុំខ្លួន​រូបលោកធ្វើឡើងទាំងបំពាននិងអយុត្តិធម៌។

លោកថា៖ «បើសិនជាខ្ញុំស្លាប់ក្នុងពន្ធនាគារ ខ្ញុំមិនសោកស្ដាយនិងស្រក់ទឹកភ្នែកទេ ប៉ុន្តែវាអយុត្តិធម៌សម្រាប់​ខ្ញុំពេកហើយ»។

ចំណែកសកម្មជនម្នាក់ទៀត លោក ទុំ ប៊ុនថន លើកឡើងដែរថា បើសិនជានៅក្រៅឃុំនោះ ទោះបីជាតុលាការ​ពន្យារពេលសវនាការបន្តទៀត ក៏មិនអីដែរ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់កំពុងជាប់ពន្ធនាគាររយៈពេល​ជិត​២ឆ្នាំ ហើយបើសិនជាពន្យារពេលទៀ​ត លោកថា នឹងធ្វើឱ្យប៉ះពាល់ពួកគាត់។ ករណីនេះ លោកស្នើទៅ​ចៅក្រមឱ្យបើកសវនាការបន្តទៀត ដោយការសួរដេញដោលកញ្ញា សេង ធារី ទុកធ្វើថ្ងៃបន្ទាប់។

ប៉ុន្តែការលើកឡើងរបស់​លោក សំ សុគង់ មេធាវីការពារក្ដីសកម្មជនបក្សប្រឆាំង រួមទាំងជនជាប់ចោទដែលកំពុងជាប់ពន្ធនាគារ ត្រូវបានតំណាងអយ្យការ លោក សេង ហៀង ជំទាស់ ដោយថា តុលាការត្រូវអនុវត្តតាម​វិធាន​សុខាភិបាលនិងច្បាប់កូវីដ-១៩។ មួយវិញទៀត លោកថា កូនក្ដីដែលលោកមេធាវី ជូង ជូងី ទើប​ជួបនិង​ការពារឱ្យនោះពិតជាមានវិជ្ជមានកូវីដ-១៩ ដែលក្រសួងបានរកឃើញកាលពីថ្ងៃទី១០ ខែកុម្ភៈ។

ក្រោយពីមានភាពចម្រូងចម្រាស និងដក​ថយទៅពិចារណាប្រហែល៥នាទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសម្រេច​ពន្យា​រពេល ដោយសវនាការសំណុំរឿងនេះនឹងបន្តនៅអំឡុងសប្ដាហ៍ទី៤នៃខែកុម្ភៈ​​ខាងមុខវិញ ដោយនឹងត្រូវសួរដេញដោលលើកញ្ញា សេង ធារី។

លោក​ថា៖ «មូលហេតុត្រូវពន្យារពេលថ្ងៃនេះ ត្រូវសួរដេញដោលកញ្ញា សេង ធារី ប៉ុន្តែសំណុំរឿងនេះអវត្ត​មាន​មេធាវី​ហើយ កញ្ញា សេង ធារី ក៏អវត្តមានទៀត។ អ៊ីចឹង​ដើម្បីឱ្យដំណើរការនីតិវិធីល្អ និងមានយុត្តិធម៌ […] តុលាការត្រូវការស្ដាប់ពីមេធាវី និងកូនក្ដីឱ្យសមស្របជាមួយនឹងនីតិវិធី។ ដូច្នេះ ​តុលាការសម្រេចនឹងបន្តសវនាការនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២»។

ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ដែលតុលាការបើកសវនាការមានជនជាប់ចោទជាង៤០នាក់។ ក្នុង​​ចំណោម​អ្នកជាប់ចោទ​ជាង៤០​នាក់នោះ ក៏មានថ្នាក់ដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ ដូចជា លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក ឡុង រី ជាដើម ប៉ុន្តែថ្នាក់ដឹកនាំនិងមន្ត្រីទាំងនោះមិនបានចូលរួមឡើយ ដោយមេធាវីការពារក្ដីអះអាងថា អាជ្ញាធរបាន​ហាមឃាត់ពួកគាត់មិនឱ្យចូលមកកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ