អាជ្ញាធរខេត្តព្រះវិហារទទួលស្គាល់ថាបទល្មើសព្រៃឈើនៅតែកើតមាន

លោក អ៊ុង វុទ្ធី អភិបាលរងខេត្ដព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតាមដែនជម្រកបរិស្ថានសំខាន់ៗ ដូចជា​ដែន​ជម្រកព្រៃព្រះរការ ព្រៃឡង់​ និងព្រៃសហគមន៍ផ្សេងៗទៀតតែងតែកើតមាន បើទោះអាជ្ញាធរខេត្តចាត់មន្ត្រីអភិរក្សឱ្យប្រចាំការយ៉ាងណាក្ដី។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះវិហារ» ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

សកម្មជនការពារព្រៃឈើ ប្រជាសហគមន៍ ធ្លាប់បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃបទល្មើសសហគមន៍ព្រៃឡង់ ព្រៃព្រះរការ ជាដើម ក្នុងខេត្តព្រះវិហារ ថាកំពុងតែឈានចូលដំណាក់កាលប្រកាសអាសន្នហើយ ដែលទាមទារឱ្យមានវិធានការជាបន្ទាន់ បើពុំដូច្នោះ​ទេ​ព្រៃទាំងនោះនឹងវិនាសមិនខាន។

តបនឹងសំណួររបស់អ្នកយកព័ត៌មានវីអូឌី ពាក់ព័ន្ធបញ្ហាបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារក្នុងសន្និសីទសារព័ត៌មាននោះ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅខេត្តមួយនេះតែងតែកើតមានប្រាកដមែន បើទោះអាជ្ញាធរខេត្តមានវិធានការទប់ស្កាត់យ៉ាងណាក៏ដោយ។

លោកថា៖ «ខេត្តព្រះវិហារ គឺជាខេត្តមួយដែលសម្បូរទៅដោយព្រៃឈើ ដែលគ្រប់គ្រងទៅដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដែលមានផ្ទៃដីព្រៃឈើធំធេង គ្រាន់តែដីក្នុងដែនបរិស្ថានមាន១លានហិកតា។ ដូច្នេះបញ្ហាបទល្មើស វាតែងតែកើតមានឡើង»។

យ៉ាងណា អភិបាលរងខេត្តព្រះវិហាររូបនេះថា​ រដ្ឋបាលខេត្ត និងក្រសួងបរិស្ថានតែងតែមានមន្ត្រីអភិរក្សជាប្រចាំនៅតាមដែនជម្រកនានា ដូចជាដែនជម្រកបរិស្ថាន ដែនជម្រកគូលេនព្រហ្មទេព ព្រៃព្រះរការ ព្រៃឡង់​ និងព្រៃសហគមន៍ផ្សេងៗទៀត។ លើសពីនេះ ក៏​បានសហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ហើយបទល្មើសក៏មានការថយចុះដែរ។

លោក អ៊ុង វុទ្ធី ថា៖ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទល្មើសតែងតែកើតមានឡើង ប៉ុន្តែក៏មិនមែនថាយើងគ្មានវិធានការដែរ យើងមានវិធានការ។ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម គឺថាអាជ្ញាធរខេត្ត […] មានការណែនាំ មានការអប់រំ មានការដាក់វិន័យចំពោះបទល្មើស។ បទល្មើសណាដែលធំដុំ គឺថាយើងនឹងបញ្ជូនទៅតុលាការ។ ករណីដែលបទល្មើសតិចតួច ប្រជាជននៅក្នុងមូលដ្ឋានរបស់យើង គឺថាយើងមានការអប់រំ មានការណែនាំ មានការពន្យល់ គឺថានីតិវិធីយើងអនុវត្តសព្វបែបយ៉ាង។ ប៉ុន្តែមកដល់ពេលនេះ បទល្មើសផ្សេងៗមានការថយចុះជាលំដាប់»។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បដិសេធការលើកឡើងរបស់អភិបាលរងខេត្តព្រះវិហារ ដែលថាបទល្មើសព្រៃឈើនៅខេត្តព្រះវិហារមានការថយចុះ។ លោក អះអាងថា នៅតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ បច្ចុប្បន្នកំពុងត្រូវបានក្រុមហ៊ុនរបស់ឧកញ៉ា និងអ្នកមានអំណាច សហការគ្នាកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ដើម្បីយក​ទៅលក់នៅក្រៅប្រទេស។

លោកបន្តថា ពលរដ្ឋតូចតាចមិនអាចបំផ្លាញព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់បានទេ មានតែអ្នកមានអំណាចធំៗប៉ុណ្ណោះដែលជាអ្នកបំផ្លាញព្រៃពិតប្រាកដ ខណៈបទល្មើសព្រៃឈើធំៗកើតចេញពីក្រុមឧកញ៉ា និងមន្ត្រីមានអំណាចគ្រាក់ៗក្នុងជួររដ្ឋាភិបាល ហើយមានកិច្ចសហការពីអាជ្ញាធរផងដែរ។

លោកថា៖ «ចំពោះបទល្មើសតូចតាច ដូចជាកាប់ឈើប្រើប្រាស់នៅក្នុងប្រទេស អានេះវាមិនមែនជាលក្ខណៈដែលឱ្យមានវិនាសកម្មព្រៃឈើនៅប្រទេសកម្ពុជាទេ។ វិនាសកម្មព្រៃឈើដែលធ្វើឱ្យបាត់បង់​ព្រៃឈើនៅប្រទេសកម្ពុជា ក៏ដូចជាតំបន់ព្រៃឡង់អីហ្នឹង គឺសុទ្ធតែមានក្រុមហ៊ុន [របស់ឧកញ៉ា និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល] ទាំងអស់ហ្នឹងឯង ដែលជាអ្នកកំពុងតែប្រព្រឹត្តបទល្មើសទាំងអស់នោះ។ ហើយពួកទាំងអស់នោះតែងតែខ្ចីដៃប្រជាពលរដ្ឋឱ្យកាប់ឈើ ហើយយកទៅលក់ឱ្យខ្លួន ហើយបានទម្លាក់កំហុសថាប្រជាពលរដ្ឋជាអ្នកកាប់ទៅវិញ។ នេះជាយុទ្ធសាស្រ្តរបស់អ្នកដែលគេរកស៊ីកាប់ព្រៃឈើនិងរបស់មន្ត្រីដែលកំពុងតែសហការគ្នាយ៉ាងល្អបំផុតក្នុងការរកស៊ី ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់»។

លោក ហេង ស្រស់ យល់ថា អាជ្ញាធរសព្វថ្ងៃមិនបានចាត់វិធានការលើអ្នកកាប់ព្រៃឈើទេ តែបែរជាតាមចាត់ការលើអ្នកការពារព្រៃទៅវិញ។ ​ ជាក់ស្តែង លោកត្រូវបានអាជ្ញាធរចាប់ខ្លួន និងរឹបអូសយកសម្ភារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែលោកបានថតគោយន្ត និងឡានដឹកឈើរបស់ក្រុមហ៊ុនមួយ។

លោកថា រដ្ឋាភិបាលត្រូវតែចាត់វិធានការច្បាប់ឱ្យម៉ឺងម៉ាត់លើមន្ត្រីខិលខូចណាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងបទល្មើសព្រៃឈើ ព្រមទាំងអនុញ្ញាតឱ្យសកម្មជនការពារព្រៃ និងប្រជាសហគមន៍អាចចូលរួមល្បាតព្រៃឡើងវិញ​។

បន្ថែមពីនេះ លោកថា ត្រូវបញ្ឈប់ជាបន្ទាន់​​នូវការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជននៅជាប់តំបន់ព្រៃការពារធម្មជាតិ និងបញ្ឈប់នូវការចេញលិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូននិងរកស៊ីឈើទាំងក្នុងនិងក្រៅប្រទេស​។

នាយកអង្គការលើកស្ទួយវប្បធម៌កួយ ​ដែលធ្វើការជិតស្និទ្ធជាមួយសហគមន៍ព្រៃឡង់ និងព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ​ លោក ហ៊ីង ប៊ុនណាត និយាយថា​ ប្រជាសហគមន៍បានរាយការណ៍ជាញឹកញាប់ពីបទល្មើសកាប់ឈើក្នុងព្រៃការពារថាមិនមានការថយចុះឡើយ។

លោកបន្តថា បទល្មើសនៅតែកើតមានឡើង ដោយសារការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព ​ដែលធ្វើឱ្យប្រជាសហគមន៍អស់ជំនឿទៅលើអាជ្ញាធរផងដែរ។ ​

លោក ហ៊ីង ប៊ុនណាត ថា៖ «សហគមន៍មិនអាចទប់ស្កាត់គេបានទេ។ បើទប់ស្កាត់ទៅ មួយសន្ទុះក្រោយមក គេតេទៅខាងក្រៅ គេមកដោះស្រាយភ្លាមៗ។ មានអី? គេឱ្យរួចខ្លួន អ៊ីចឹងបានសហគមន៍គាត់ថាបើសិនជាចាប់ហើយយកលុយ អ្នកដែលចាប់នៅតែចាប់ហើយ។ អ៊ីចឹងបានគាត់ថា បើសិនចាប់បាន កុំយកលុយ! ចាប់បានយកលុយៗ អ្នកដែលចាប់នៅតែចាប់ អ្នករកស៊ីនៅតែរកស៊ី ព្រោះគេអាងលុយ»។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញរបាយការណ៍ដោយ​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​ ​នៅ​តំបន់ជម្រកសត្វព្រៃ«​ព្រៃឡង់» និង «​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត១ម៉ឺនទីតាំង (៨ ៧៨៤)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ