តុលាការ​បន្ត​សួរ​ដេញដោល​លើ​ភស្តុតាង​ដោះបន្ទុក​របស់​សហមេធាវី​ការពារក្ដី​ឱ្យ​ជនជាប់ចោទ កឹម សុខា

សហមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ បានបើកសវនាការបន្តទៀតលើភស្តុតាងដោះបន្ទុករបស់​​សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ជាប់ពាក់ព័ន្ធបទចោទ «ក្បត់ជាតិ ឬគប់គិតជាមួយ​​រដ្ឋ​​បរ​​​​ទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ដែលមានសហរដ្ឋអាមេរិកនៅក្រោយ និងគាំទ្រឱ្យមាន​​ចលនា​បដិ​វត្ត​ន៍​​​ពណ៌​។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់ជំនុំជម្រះ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ លោក ផែង ហេង សហមេធាវីការពារក្ដីរបស់លោក កឹម សុខា បញ្ជាក់ថា សវនាការដែលប្រើពេលពេញ​​មួយ​​ព្រឹក​​​​​នេះ គឺតុលាការដំណើរការក្ដីសួរដេញដោលទៅលើភស្តុតាងដោះបន្ទុក ដែល​​សហ​​មេ​ធា​វីការពារក្ដី ឱ្យ​ជន​​ត្រូវចោទដាក់ជូនតុលាការដើម្បីពិចារណា។

លោកបន្តថា មូលហេតុដែលនាំឱ្យ​​សហ​​​មេធាវី​​ការពារក្ដីរប​ស់លោក កឹម សុខា ដាក់ភស្តុតាងដោះបន្ទុកនេះ ជាការឆ្លើយតបទៅ​នឹង​​ការ​​ចោទប្រកាន់ពីព្រះរាជអាជ្ញា និងសហមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី។

លោកបន្តថា៖ «អ៊ីចឹងយើងដាក់ភស្តុតាង គឺគោលបំណងដោះបន្ទុកហ្នឹងឯង ដោយសារ​តំណាង​អយ្យ​​​​​​​ការ​គាត់ដាក់ភស្តុតាងមក គឺថាមានបទសន្ទិដ្ឋិភាព បទហិង្សា ឬក៏ប្រទូសរ៉ាយ​អ៊ីចឹងជា​ដើម​​​​។ ​​ដូច្នេះ យើងបង្ហាញតបទៅវិញថា វាអត់មានប្រទូសរ៉ាយ វាអត់មានហិង្សា ហើយក៏វា​អត់មាន​ការ​​ត្រូវរ៉ូ​​វជាប្រទេសហ្នឹងដែរ»។

បើតាមលោកមេធាវី ផែង ហេង មកដល់ពេលនេះ តុលាការបានចាក់វីដេអូនៅក្នុងអង្គជំនុំជម្រះដែល​​ជាភស្តុតាង​​ដោះ​​បន្ទុក​បាន១៥វីដេអូហើយ គិតចាប់ពីវីដេអូទី៧មក។ លោកបន្តថា នៅ​សល់២​វីដេអូ និងឯកសារដោះបន្ទុកមួយចំនួន នឹងត្រូវសួរដេញដោលនៅក្នុងអង្គជំនុំជម្រះបន្ត សម្រាប់សវនាការថ្ងៃពុធសប្ដាហ៍ក្រោយ​​​​។

ដោយឡែក សហមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី លោក គី តិច បានបដិសេធ​​ក្នុងការ​អត្ថា​ធិប្បាយ ដោយបញ្ជាក់ថា កំពុងជាប់រវល់ ខណៈអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ មិនអាច​​សុំ​ការ​​បំភ្លឺបាននៅថ្ងៃពុធសប្ដាហ៍នេះ។

លោក កឹម សុខា ធ្វើដំណើរចាកចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោក កឹម សុខា ធ្វើដំណើរចាកចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

យ៉ាងនេះក្ដី លោក ផេង ហេង សហមេធាវីការពារក្ដីឱ្យជនត្រូវចោទ ប្រាប់ក្រុមអ្នកកាសែតនៅមុខ​តុ​លា​ការថា នៅក្នុងអង្គជំនុំជម្រះ សហមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ក៏បានឡើងជំទាស់​ដែរ​​ទៅ​​លើត្រង់បតិចរិត ឬសម្រង់សម្ដីដែលត្រូវបានគេកត់ត្រាគ្រប់ម៉ាត់គ្រប់ឃ្លាតាម​​សំ​ឡេង​ដើម​​របស់ជន​​ត្រូវ​​ចោទ ទៅលើភស្តុតាងដោះបន្ទុក។ ប៉ុន្តែការខ្វែងគំនិតគ្នាលើភស្តុតាងដោះ​​បន្ទុកលើ​​​នេះមិនធ្ងន់ធ្ងរ ដែលនាំឱ្យសវនាការត្រូវបន្តអូសបន្លាយដូចសវនាការលើកមុនៗទៀតទេ។

អាជ្ញាធរក្រុងភ្នំពេញ បានចូលចាប់ខ្លួនលោក កឹម សុខា ទាំងពាក់កណ្ដាលអធ្រាត្រ កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្នុង​ពេល​​ដែល​​លោក​​នៅមាន​អភ័យ​​​​ឯក​សិទ្ធិសភានៅឡើយ។ ការចាប់ខ្លួន​​ដែល​​ធ្វើ​​​ឡើងដោយតក់ក្រហល់ និងស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាសបែប​នេះ ត្រូវបានអាជ្ញាធ​រ​ថ្លែង​ការពារ​ថា នេះជា​​បទ​​​​ល្មើសជាក់ស្ដែង និងមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលនាំ​ឱ្យមានអំពើ​ប្រ​ទូសរ៉ាយ ជាពិសេសធ្វើឱ្យខូចប្រយោជន៍​​ដល់សន្តិ​សុខ​​​ជាតិ​​។

ក្រោយចាប់ខ្លួន លោកត្រូវ​​បាន​​គេបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំង​​ផ្លុងភ្លាមៗ ក្នុងខេត្តត្បូង​ឃ្មុំ​ ជាប់​​​ព្រំ​​ដែនកម្ពុជា-វៀតណាម។ បន្ទាប់ពីឃុំនៅទីនោះ ពេញ១ឆ្នាំ លោក កឹម សុខា ត្រូវបាន​​បញ្ជូន​​មក​​​ឃុំ​​ខ្លួន​​នៅគេ​​ហ​​ដ្ឋាន​​របស់លោកវិញ ក្នុងខណ្ឌ​​ទួល​​គោក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការព្យា​យាម​ដាក់ភស្តុតាងដោះបន្ទុកនេះ វាជាភារកិច្ចរបស់មេធាវីការពារក្ដីឱ្យជនត្រូវចោទហើយ ប៉ុន្តែ​​ការ​​សម្រេចបែប​ណា​នោះ វាអាស្រ័យលើការឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សា​​ជំនុំជម្រះឯណោះ​​ទៅ​​​វិញ​ទេ។ លោកបន្តថា ការដោះស្រាយតាមបច្ចេកទេសតុលាការ វាមិនខុសទាស់ទេ ប៉ុន្តែបញ្ហានេះ​​គេ​បានដឹងរួចទៅហើយថាវាជារឿងនយោបាយ ដូច្នេះ បើចង់រំលត់ឱ្យបានលឿន លុះត្រាត្រូវដោះ​ស្រាយតាមផ្លូវនយោបាយដែរ។

លោកបន្តថា៖ «ខ្ញុំមើលឃើញអញ្ចេះទេ ទាំងសហគមន៍ជាតិនិងអន្តរជាតិ គេយល់ថា វាជា​រឿង​​នយោ​​បាយដ៏ធំមួយសម្រាប់ស្រុកខ្មែរ។ ដូច្នេះដំណើរការនីតិវិធីនៅតុលាការ វាជារឿងមួយហើយ ប៉ុន្តែអ្វីដែល​ជាសញ្ញា ហើយអាចបញ្ចប់បាន​លឿន គឺប្រសិន​បើមានការចរចា​ផ្នែកនយោបាយ​ជាមួយអ្នក​​នយោបាយ វាអាចនឹងឈានទៅដល់ការបញ្ចប់រឿងក្ដីរបស់ឯកឧត្ដម កឹម សុខា បានលឿនដែរ»។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនា​ការលើ​​ភស្តុ​តាង​​ដោះ​បន្ទុកក្នុងរឿងក្ដីព្រហ្មទណ្ឌនេះ​ នៅព្រឹកថ្ងៃទី២៣ ខែ​កុម្ភៈ ជាថ្មីទៀត​។ ក្នុងពេលអង្គសវនាការ​កំពុងបន្តជំនុំជម្រះ នៅខាងក្រៅបរិវេណតុលាការឯណេះវិញ គេ​​សង្កេត​ឃើញ​​​កម្លាំង​សមត្ថកិច្ចចម្រុះជាច្រើន​នាក់ត្រូវបានដាក់​​ពង្រាយដើម្បីរក្សាសន្តិសុខ។ ក្នុងពេល​​ជា​មួយ​​​គ្នានោះដែរ ​​អ្នក​គាំទ្រនិងអ្នក​នយោ​បាយ​​​ពីបក្សផ្សេងដែលមានឈាមជ័រជាអ្នកនយោបាយ​របស់​​​គណបក្ស​សង្រ្គោះជាតិដែលត្រូវ​​បាន​​តុលាការរំលាយ ក៏បានចូលរួមឃ្លាំមើលពីការជំនុំ​ជម្រះ​​នេះដែរ។ បើទោះជាបែបណា ការបន្តតាមដានពីសវនាការនេះ ពួកគេដែលនៅខាង​​ក្រៅបរិវេណតុ​លា​​ការរក្សាភាពស្ងៀមស្ងាត់ និងមិនមានអំពើហិង្សាកើតឡើងទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ