ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៖ វិធានការថ្មីដែលអាជ្ញាធរប្រើទប់ស្កាត់កូដករណាហ្គាវើលដ៍ជា «រឿងមិនសមហេតុផល»

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ក្រុមអ្នក​ជំនាញនៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ចាត់ទុកវិធានការថ្មីដែលអាជ្ញាធរប្រើដើម្បីទប់ស្កាត់ការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ថា​ជា «រឿងមិនសមហេតុផល» ដោយថា អាជ្ញាធ​រ​មិនគួរ​ប្រើ​ច្បាប់មួយសម្រាប់​អ​នុ​វត្តទៅលើពួកគេក្នុងរូបភាពខុសគ្នាទៅនឹងសាធារណជនផ្សេងទៀតនោះឡើយ។ ​

ក្រុមអ្នក​ជំនាញ​ផ្នែកសិទ្ធិមនុស្ស នៅថ្ងៃ​ទី១៦ ​ខែ​កុម្ភៈ ​ឆ្នាំ២០២២ ម្សិលមិញ បា​ន​រិះ​គន់​ចំ​ពោះការ​ចាត់វិធា​នការពីសំណាក់អាជ្ញាធរដែលតម្រូវឱ្យក្រុមកូដករកា​ស៊ីណូណាហ្គាវើលដ៍​បន្តធ្វើ​ចត្តាឡីស័​កក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺកូ​វីដ-១៩។ អ្នកជំនាញទាំងនោះលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​យក​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជា​សម្អាងក្នុងការ​បង្រ្កាប​លើស​កម្ម​ភាពតវ៉ា​ស្របច្បាប់និងដោ​យសន្តិ​វិ​ធី​នោះ​ទេ។

​ក្រុមអ្នក​ជំនាញបានលើក​ឡើងថា ពួកគេបាន​ឃើញនៅមាន​ភា​ពមិន​ស៊ី​សង្វាក់​គ្នាជា​រួម ​និង​កង្វះ​តម្លា​ភា​ពក្នុងវិធា​នការគ្រប់គ្រង​ជំងឺកូ​វីដ-១៩របស់រដ្ឋាភិបាល​កម្ពុជា។

អ្នក​ជំនាញ​​បន្តថា ​ក្នុង​ក​រ​ណី​នេះ ​អាជ្ញាធរ​ហាក់​ដូចជាបាន​ប្រឹង​ប្រែ​ងរា​រាំង​ស​កម្ម​ភាព​តវ៉ាដោយ​សន្តិ​វិ​ធី​និង​ស្រប​ច្បាប់របស់ក្រុមអ្នកតវ៉ា ​ដោ​យ​យក​វិធា​នការ​សុខាភិបាលមកសម្អាង។ យ៉ាងណា ក្រុមអ្នកជំនាញថា អាជ្ញាធរមិន​អាច​មាន​ច្បាប់​មួយ​សម្រាប់​ប្រើលើក្រុមកូដករ និង​ច្បាប់​មួយ​ទៀត​សម្រាប់​សាធារណជន​ទូទៅ​នោះ​ទេ។

ក្រុមអ្នក​ជំ​នាញ​ក៏បានលើក​ឡើង​ទៀត​ថា៖ «​រ​បៀប​ដែល​អាជ្ញាធរ​បាន​ដាក់​កំ​ហិត​លើ​អ្នក​ធ្វើ​កូដ​កម្ម​ស្រប​ច្បាប់​និង​ដោយ​សន្តិ​វិ​ធី ​ដោយ​ផ្អែក​លើ​ការ​ព្រួយ​បា​រម្ភ​អំ​ពី​សុខ​ភាព​សា​ធា​រ​ណៈ​បែប​នេះ ​គឺ​មិន​សម​ហេ​តុ​ផល មិន​ចាំ​បាច់ ​និង​មិន​សមាមា​ត្រ​ក្នុង​កា​លៈ​ទេ​សៈ​នេះ​ទេ។ ​អាជ្ញាធរ​គួរ​តែ​ចូល​រួម​ក្នុង​កា​រសន្ទ​នា​ដោ​យសន្តិ​វិ​ធី ​និង​មាន​ភាព​អត់​ធ្មត់​ជា​មួ​យ​ក្រុ​មកូដ​ករ ​ជា​ជាង​កា​រ​ប្រើ​វិ​ធាន​ការ​ធ្ងន់ធ្ងរ​ទាំង​នោះ»។

​ក្រុមអ្នក​ជំនាញឯ​ក​រាជ្យដែល​ត្រូវបាន​តែង​តាំងដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស បានសម្ដែងការព្រួយបា​រម្ភថា ជាង​មួយ​សប្ដាហ៍​បន្ទាប់ពីការ​បង្ខំ​ឱ្យធ្វើតេស្ត​រ​ក​មេ​រោ​គកូ​វីដ-១៩ ​ក្រុ​មកូដ​ករ​រាប់​រយ​នាក់បានផ្ដល់​ព័ត៌​មានថា ​ខ្លួន​នៅមិន​ទាន់​ទ​ទួ​លបាន​លទ្ធ​ផ​លតេស្ត ឬ​ភាព​ច្បាស់​លាស់​អំពី​ពេលវេលាដែល​ពួក​គេនឹង​ត្រូវបាន​អ​នុញ្ញាត​ឱ្យបញ្ចប់​ចត្តាឡី​ស័ក​នោះ​ទេ។

​ការរិះគន់នេះ ក្រោយពេលរដ្ឋបាល​រាជធា​នី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ បាន​ចេញ​សេ​ចក្ដីជូន​ដំ​ណឹង​ណែ​នាំ​ក្រុ​មកូដ​ករ​ឱ្យ​ផ្លាស់​ទៅធ្វើកូដ​កម្ម​នៅ​ទី​តាំង​ក្រៅ​ទី​ប្រ​ជុំ​ជន​ទី​ក្រុង​ភ្នំ​ពេញ ដែលឆ្ងាយ​ពី​កា​រ​មើល​ឃើញនិង​ស្ដាប់ឮ​របស់កា​ស៊ីណូ​ណាហ្គាវើលដ៍ ដោយមិនអនុញ្ញាតឱ្យកូដករធ្វើសកម្មភាពតវ៉ានៅលើទីតាំងចាស់នោះឡើយ។ លើសពីនេះ អាជ្ញាធរថែមទាំងព្រមានចាត់វិធានការច្បាប់ដោយគ្មានការលើកលែង ប្រសិនបើពួកគេបំពានសេចក្ដីជូនដំណឹងនេះ។

ទោះបីជាយ៉ាងនេះក្ដី ​ក្រុមអ្នក​ជំនាញ​បាន​និ​យាយ​ថា ​បទ​បញ្ជា​ចុង​ក្រោយ​នេះ​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នោះ​ទេ។

កូដ​កម្មដែ​លបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី១៨ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ​ត្រូវបានផ្អាក​នៅ​ដើម​ខែ​កុម្ភៈ ​ក្រោយ​ពេល​អាជ្ញាធ​របា​នប្រ​កាសថា​មា​នកូដ​ករម្នាក់ត្រូវបាន​រក​ឃើញថា​មា​នវិជ្ជ​មា​នកូ​វីដ-១៩ ​បើ​ទោះ​បីជា​បុគ្គល​នោះមិន​មាន​វត្ត​មាន​នៅ​ទី​តាំងធ្វើកូដ​កម្មប្រ​មាណពី​រ​សប្ដាហ៍​មុន​ពេលដែល​គាត់​មា​នវិជ្ជ​មា​នកូ​វីដ-១៩​ក៏ដោយ៕  

​​សូមលោកអ្នកនាងរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដាររអំពីរឿងនេះនាពេលបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ