UPDATED៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៖ វិធានការថ្មីដែលអាជ្ញាធរប្រើទប់ស្កាត់កូដករណាហ្គាវើលដ៍ជា «រឿងមិនសមហេតុផល»

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ក្រុមអ្នក​ជំនាញនៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ចាត់ទុកវិធានការថ្មីដែលអាជ្ញាធរប្រើដើម្បីទប់ស្កាត់ការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ថា​ជា «រឿងមិនសមហេតុផល» ដោយថា អាជ្ញាធ​រ​មិនគួរ​ប្រើ​ច្បាប់មួយសម្រាប់​អ​នុ​វត្តទៅលើពួកគេក្នុងរូបភាពខុសគ្នា​ទៅនឹងសាធារណជនផ្សេងទៀត​នោះ​ឡើយ។ ​

ក្រុមអ្នក​ជំនាញ​ផ្នែកសិទ្ធិមនុស្ស នៅថ្ងៃ​ទី១៦ ​ខែ​កុម្ភៈ ​ឆ្នាំ២០២២ បា​ន​រិះ​គន់​ចំ​ពោះ​វិធា​នការពីសំណាក់អាជ្ញាធរ ដែលតម្រូវឱ្យក្រុមកូដករកា​ស៊ីណូណាហ្គាវើលដ៍បន្តធ្វើ​ចត្តាឡីស័​កក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺកូ​វីដ-១៩។ អ្នកជំនាញទាំងនោះលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​យក​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជាការ​សម្អាង​ក្នុង​ការ​​បង្រ្កាប​លើស​កម្ម​ភាពតវ៉ា​ស្របច្បាប់និងដោ​យសន្តិ​វិ​ធី​នោះ​ទេ។

​ក្រុមអ្នក​ជំនាញបានលើក​ឡើងថា ពួកគេបាន​ឃើញនៅមាន​ភា​ពមិន​ស៊ី​សង្វាក់​គ្នាជា​រួម ​និង​កង្វះ​តម្លា​ភាពក្នុងការអនុវត្ត​​វិធា​នការគ្រប់គ្រង​ជំងឺកូ​វីដ-១៩របស់រដ្ឋាភិបាល​កម្ពុជា។ ក្រុមអ្នកជំនាញថា អាជ្ញាធរមិន​អាច​មាន​ច្បាប់​មួយ​សម្រាប់​ប្រើលើក្រុមកូដករ និង​ច្បាប់​មួយ​ទៀត​សម្រាប់​សាធារណជន​ទូទៅ​នោះ​ទេ។

ក្រុមអ្នក​ជំ​នាញ​ក៏បានលើក​ឡើង​ទៀត​ថា៖ «​រ​បៀប​ដែល​អាជ្ញាធរ​បាន​ដាក់​កំ​ហិត​លើ​អ្នក​ធ្វើ​កូដ​កម្ម​ស្រប​ច្បាប់​និង​ដោយ​សន្តិ​វិ​ធី ​ដោយ​ផ្អែក​លើ​ការ​ព្រួយ​បា​រម្ភ​អំ​ពី​សុខ​ភាព​សា​ធា​រ​ណៈ​បែប​នេះ ​គឺ​មិន​សម​ហេ​តុ​ផល មិន​ចាំ​បាច់ ​និង​មិន​សមាមា​ត្រ​ក្នុង​កា​លៈ​ទេ​សៈ​នេះ​ទេ។ ​អាជ្ញាធរ​គួរ​តែ​ចូល​រួម​ក្នុង​កា​រសន្ទ​នា​ដោ​យសន្តិ​វិ​ធី ​និង​មាន​ភាព​អត់​ធ្មត់​ជា​មួ​យ​ក្រុ​មកូដ​ករ ​ជា​ជាង​កា​រ​ប្រើ​វិ​ធាន​ការ​ធ្ងន់ធ្ងរ​ទាំង​នោះ»។

​ក្រុមអ្នក​ជំនាញឯ​ក​រាជ្យដែល​ត្រូវបាន​តែង​តាំងដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស បាន​សម្ដែងការព្រួយបា​រម្ភថា ជាង​​មួយ​សប្ដាហ៍​បន្ទាប់ពីការ​បង្ខំ​ឱ្យធ្វើតេស្ត​រ​ក​មេ​រោ​គកូ​វីដ-១៩ ​ក្រុ​មកូដ​ករ​រាប់​រយ​នាក់បានផ្ដល់​ព័ត៌​មានថា ​ខ្លួន​នៅមិន​ទាន់​ទ​ទួ​លបាន​លទ្ធ​ផ​លតេស្ត ឬ​ភាព​ច្បាស់​លាស់​អំពី​ពេលវេលាដែល​ពួក​គេនឹង​ត្រូវបាន​អ​នុញ្ញាត​ឱ្យបញ្ចប់​ចត្តាឡី​ស័ក​នោះ​ទេ។

ការរិះគន់នេះ ក្រោយពេលរដ្ឋបាល​រាជធា​នី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ បាន​ចេញ​សេ​ចក្ដីជូន​ដំ​ណឹង​ណែ​នាំ​ក្រុ​មកូដ​ករ​ឱ្យ​ផ្លាស់​ទៅធ្វើកូដ​កម្ម​នៅ​ទី​លានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ​ ដែលឆ្ងាយ​ពី​កា​រ​មើល​ឃើញ​និង​ស្ដាប់​ឮ​​របស់​កា​ស៊ីណូ​ណាហ្គាវើលដ៍ ដោយមិនអនុញ្ញាតឱ្យកូដករធ្វើសកម្មភាពតវ៉ានៅលើទីតាំង​ចាស់ក្នុងខណ្ឌ​ចំការមន​នោះឡើយ។

ប្រភពដដែលអះអាងថា ការមិនអនុញ្ញាតនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

លើសពីនេះ អាជ្ញាធរថែមទាំងព្រមានចាត់វិធានការច្បាប់ដោយគ្មានការលើកលែង ប្រសិន​បើពួកគេបំពានសេចក្ដីជូនដំណឹងនេះ។

អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បដិសេធបកស្រាយជុំវិញការ​លើកឡើង​របស់ក្រុម​អ្នក​ជំនាញសិទ្ធិមនុស្សនេះ។

លោកថា៖ «បងពុំមានកាតព្វកិច្ចឆ្លើយតបរឿងនេះទេ ហើយក៏ពុំមានយោបល់អីដែរ។ ខ្លឹមសារក្នុងសេចក្ដី​ជូនដំណឹងដូចជាគ្រប់គ្រាន់អស់ហើយ»។

ចំណែក​ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ នៅថ្ងៃទី​១៧ ខែកុម្ភៈនេះ បានប្រកាសបដិសេធ​ទាំង​​ស្រុងចំពោះការលើកឡើងនេះ ដោយថា ការអត្ថាធិប្បាយរបស់អ្នកជំនាញសិទ្ធិមនុស្សទាំង​នោះបង្កឱ្យមានការភ័ន្តច្រទ្បំ គ្មានទំនួលខុសត្រូវ និងមិនផ្អែកលើមូលដ្ឋានអង្គហេតុពិត ​ពាក់​ព័ន្ធនឹង​វិធាន​​សុខា​ភិបាល និង​វិធាន​ការ​ផ្លូវច្បាប់​ដែល​​អនុវត្តចំពោះការធ្វើកូដកម្មខុសច្បាប់នោះទេ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវថា៖ «អាជ្ញាធរកម្ពុជាពុំធ្លាប់ដាក់កំហិតណាមួយលើការធ្វើកូដកម្មដែលស្របតាមច្បាប់ការងារនោះឡើយ។ ប្រសិនបើទីកន្លែងសាធារណៈត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលផ្ដុំ ទង្វើនេះក្លាយជាបាតុកម្មដែលត្រូវអនុវត្តឱ្យបានស្របតាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ដូចប្រទេស​ប្រជាធិបតេយ្យដទៃទៀតដែរ កម្ពុជាបានបម្រុងទុកជាពិសេសនូវ​ទីលាន​សម្រាប់ពលរដ្ឋដែលមានបំណងចង់សម្ដែងមតិរបស់ខ្លួន។ ប្រការនេះ គឺដើម្បីធានានូវនិរន្តរភាពនៃសេរីភាពក្នុងការជួបជុំដោយសន្តិវិធី»។

បើតាមស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ការដែលអះអាងថាកូដកម្មនោះស្របច្បាប់ គឺ​ជាការយល់ខុសទាំងស្រុង។ ប្រភពដដែលបញ្ជាក់ថា កម្មករនិយោជិត និងសហជីពមានសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានាមុនកូដកម្មនោះអាចធ្វើឡើងដោយស្របច្បាប់បាន។

កូដ​កម្មដែ​លបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី១៨ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ​ត្រូវបានផ្អាក​នៅ​ដើម​ខែ​កុម្ភៈ ​ក្រោយ​ពេល​អាជ្ញាធ​របា​នប្រ​កាសថា​ មា​នកូដ​ករម្នាក់ត្រូវបាន​រក​ឃើញថា​មា​នវិជ្ជ​មា​នកូ​វីដ-១៩ ​បើ​ទោះ​បីជា​បុគ្គល​នោះមិន​មាន​វត្ត​មាន​នៅ​ទី​តាំងធ្វើកូដ​កម្មប្រ​មាណ២​សប្ដាហ៍ ​មុន​ពេលដែល​គាត់​មា​នវិជ្ជ​មា​នកូ​វីដ-១៩​ក៏ដោយ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា នឿន ឆេងគ័ង សាទរដែល​ក្រុមអ្នក​ជំនាញសិទ្ធិមនុស្ស​​នៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ ជំរុញឱ្យ​​អាជ្ញាធរកម្ពុជា​បញ្ឈប់​ការប្រើ​​វិធា​នកា​រសុខា​ភិបាលជាលេស​ក្នុងការ​បង្រ្កាប​លើស​កម្ម​ភាពតវ៉ា​ស្របច្បាប់និងដោ​យសន្តិ​វិ​ធី​បែបនេះ។

កញ្ញាថា៖ «[អ្នកជំនាញ] អង្គការសហប្រជាជាតិ គេមកលើកទឹកចិត្តអ៊ីចឹង ខ្ញុំរំភើបណាស់ ព្រោះអីក្រសួង​ [ការងារ] គាត់អត់ចេញមកដោះស្រាយផង។ គាត់ដឹងតែហៅឱ្យទៅយកប្រាក់សំណង។ បងដឹងស្រាប់ហើយ ឃើញ [ពួកខ្ញុំធ្វើ] កូដកម្ម [អាជ្ញាធរ] ចាក់មេក្រូក្ដែងៗឱ្យកូដករឈប់ធ្វើកូដកម្មទៅ ទៅយកលុយសំណងដែលគេផ្ដល់ឱ្យ ដែលអត់ត្រូវតាមច្បាប់ហ្នឹង»។

កញ្ញា នឿន ឆេងគ័ង បន្តថា អ្វីដែលកូដករចង់ឱ្យរដ្ឋាភិបាលជួយ គឺដោះលែងតំណាងសហជីពទាំង១១នាក់ឱ្យមានសេរីភាព​វិញ និង​ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមកចូលតុចរចា​រក​ការដោះស្រាយ និងអនុញ្ញាតឱ្យបុគ្គលិកទាំង៣៦៥នាក់ដែលត្រូវក្រុមហ៊ុនបញ្ឈប់ទាំងអយុត្តិធម៌បានត្រលប់ចូលធ្វើការវិញ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏​បានចេញសេចក្ដីថ្លែងការណ៍​មួយ ដោយប្រាប់ទៅរដ្ឋាភិបាលកម្ពុជា​ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកវិធានការសុខភាពសាធារណៈ ជាលេសដើម្បីគាបសង្កត់សិទ្ធិធ្វើកូដកម្មរបស់កម្មករនិងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀត។

ស្ថាប័នអន្តរជាតិមួយនេះបន្តថា ចាប់តាំងពីសហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតខ្មែរណាហ្គាវើលដ៍ (LRSU) បានធ្វើកូដកម្មកាលពីខែធ្នូ ឆ្នាំ២០២១មក អាជ្ញាធរកម្ពុជាបានចាប់ខ្លួន ឃាត់ខ្លួន និងកាត់ទោស​ថ្នាក់ដឹកនាំ និងសកម្មជនសហជីពជាបន្តបន្ទាប់តាមអំពើចិត្ត។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទៅលើសកម្មជនសហជីព ទំនងជាសំដៅកាត់បន្ថយសាមគ្គីភាពនិងកម្លាំងនៃចលនាសហជីពនៅកម្ពុជាដែលកំពុងតែកើនឡើង និងការគាំទ្ររបស់ពួកគេចំពោះកូដករណាហ្គាវើលដ៍»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ