កូដករណាហ្គាវើលដ៍ចំនួន៤នាក់គ្រោងចូលខ្លួនទៅបំភ្លឺនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រនេះ ក្រោយរងការចោទថា បានរារាំងដល់ការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ការចូលខ្លួនបំភ្លឺនេះ ធ្វើឡើងក្រោយមានដីកាបញ្ជាឱ្យចូលខ្លួនពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី «រារាំងដល់ការអនុវត្តវិធានការ» ខណៈស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ បានតម្រូវឱ្យអ្នកទាំង៤បង្ហាញខ្លួនឱ្យបានមុនថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីសាកសួរ។
ស្ត្រីជាកូដករណាហ្គាវើលដ៍ទាំង៤នាក់ដែលត្រូវចូលខ្លួនទៅបំភ្លឺនោះ រួមមាន ឈ្មោះ ខេង ចិន្ដា, អ៊ុក សុភ័ក្រម៉ូលីកា, អេង ស្រីបូ និង ម៉េង កាក់នីកា។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃសុក្រនេះ បានចេញសេចក្ដីជូនដំណឹងមួយដោយបញ្ជាក់ថា កូដករណាហ្គាវើលដ៍ទាំង៤នាក់នឹងទៅបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកុម្ភៈនេះ ដើម្បីបំភ្លឺតាមការដីការបស់ព្រះរាជអាជ្ញារងអមសាលាដំបូង។
អ្នកស្រី អ៊ុក សុភ័ក្រម៉ូលីកា ជាកូដករម្នាក់ក្នុងចំណោមកូដករណាហ្គាវើលដ៍៤នាក់ដែលនឹងត្រូវចូលខ្លួនបំភ្លឺនោះ ធ្លាប់បានប្រាប់វីអូឌីថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានជូនដំណឹងឱ្យក្រុមកូដករទៅផ្ដល់សំណាករកវិជ្ជមានកូវីដ-១៩។ អ្នកស្រីបន្តថា នៅថ្ងៃនោះ ពួកគាត់មិនបានរារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដូចការចោទប្រកាន់នោះទេ ដោយគ្រាន់តែពួកគេស្នើសុំទៅធ្វើតេស្តនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈប៉ុណ្ណោះ ប៉ុន្តែបែរជាតុលាការចោទប្រកាន់ពួកគេថា «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ទៅវិញ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនពួកគាត់បណ្ដោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
រហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំសហជីពនិងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១១នាក់ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានកូដកម្ម» និង «ល្មើសវិធានការច្បាប់ប្រឆាំងកូវីដ-១៩» ខណៈកូដករ៤នាក់ទៀតត្រូវប្រឈមការចាប់ខ្លួនក្រោមបទចោទថា «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ផងដែរ៕