ស្ត្រីថ្ងៃសុក្រ​រក​អន្តរាគមន៍​ពី​ស្ថានទូត​ជប៉ុន​និង​អាមេរិក​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​ស្វាមី

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាមកដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សុំអន្តរាគមន៍លើករណីឃុំខ្លួននិងចោទប្រកាន់លើសាច់ញាតិនិងស្វាមីពួកគេ។ (ជន ចាន់រ៉ែន)

ក្រុម​​ស្ត្រីថ្ងៃសុក្រប្រមាណ​១០​​នាក់​​បាន​​នាំគ្នា​​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាន​ទូតជប៉ុន និងស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​​ ជួយ​​​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះ​​លែង​​​ស្វាមី​ពួក​គេ ដើម្បី​ឱ្យស្វាមីរបស់ពួកគេ​​អាច​មាន​សិទ្ធិសេរីភាពក្នុងការចូលរួមជីវភា​ព​នយោបាយឡើងវិញ។

ការស្វែងរកកិច្ចអន្តរាគមន៍នេះបានធ្វើឡើង​តាមការប្រមូលផ្ដុំដាក់ញត្តិ​នៅស្ថានទូតទាំងពីរនេះ នៅថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០២២ ក្រោយពី​ស្វាមីរបស់​ពួកគេ​បាន​ជាប់​ពន្ធនាគារអស់​រយៈ​ពេលជិត២ឆ្នាំមក​ហើយ។

ប្រាប់អ្នកសារព័ត៌មាន​នៅមុខស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា​ អ្នកស្រី ព្រំ ចាន់ថា ​ជា​ភរិយា​​​លោក កាក់ កុម្ភា​ សកម្មជន​​បក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បាន​និយាយ​ថា ការដែលពួកគាត់​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​​ជប៉ុន​នេះ ដោយ​សារ​​តែ​​​ថ្មីៗ​នេះ ស្ថាន​ទូត​ជប៉ុន​បាន​ផ្ដល់ជំនួយ​និង​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុងឆ្នាំ២០២២ និង២០២៣ ខាងមុខ។

អ្នកស្រីបន្តថា កម្ពុជានៅមិនទាន់គោរពសិទ្ធិមនុស្ស និងបើកលំហលទ្ធិប្រជាធិបតេយ្យនៅ​ឡើយ ដោយ​សារ​សកម្មជន​នយោបាយ​គណបក្សប្រឆាំង​ជាច្រើននាក់​កំពុងជាប់ពន្ធនាគារ​ ក្រោម​​ការ​ចោទ​ប្រកាន់​របស់តុលាការ​ដែលបានធ្វើទាំងបំពាន ខណៈគ្រួសាររបស់គាត់និងអ្នកផ្សេងៗទៀតមិនបានធ្វើខុសអ្វីសោះ។

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាមកដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សុំអន្តរាគមន៍លើករណីឃុំខ្លួននិងចោទប្រកាន់លើសាច់ញាតិនិងស្វាមីពួកគេ។
ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាមកដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សុំអន្តរាគមន៍លើករណីឃុំខ្លួននិងចោទប្រកាន់លើសាច់ញាតិនិងស្វាមីពួកគេ។ (ជន ចាន់រ៉ែន)

អ្នកស្រី ព្រំ ចាន់ថា បង្ហាញក្ដីសង្ឃឹមថា ស្ថានទូតជប៉ុន និងសហរដ្ឋអាមេរិក នឹងជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យ​​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែងសកម្មជន​នយោបាយ​និងសង្គម​ដែលកំពុងជាប់​ពន្ធនាគារ​ទាំងអយុត្តិធ​ម៌​វិញ និង​ឈប់គំរាមកំហែងប្រជាពលរដ្ឋបន្តទៀត។

អ្នកស្រីថា៖ «អ៊ីចឹង​ខ្ញុំចង់ឱ្យគាត់ជួយ [ស្ថានទូតជប៉ុន និងអាមេរិក] ដើម្បីឱ្យគាត់ពិតប្រាកដ ​ព្រោះគាត់ក៏ជាម្ចាស់​ហត្ថលេខី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ អ៊ីចឹងគាត់ត្រូវធ្វើម៉េចឱ្យប្រទេសកម្ពុជាមាន​ប្រជាធិបតេយ្យពិតប្រាកដ មិនមែនចាប់ចងដាក់គុក ឱ្យតែដឹងរឿងសង្គម ចេះដឹងរឿងប្រទេសជាតិ សូម្បី​ក្មេងមិនទាន់គ្រប់អាយុក៏ចាប់ដាក់គុកដែរ អ៊ីចឹងវាខុសច្បាប់ទាំងស្រុង អត់មានប្រជាធិបតេយ្យពិតប្រាកដ​ទេ»។

ជារឿយៗ​ ក្រុមស្ត្រីថ្ងៃសុក្រ ដែលសុទ្ធសឹងតែជាភរិយាសកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ តែងតែនាំគ្នាដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសលោកសេរីមួយចំនួនប្រចាំកម្ពុជា ដើម្បី​ឱ្យស្ថានទូតទាំងនោះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិនិងទម្លាក់ចោលបទចោទប្រកាន់ហើយដោះលែងគ្រួសារពួកគេ។

បើតាមការអះអាងរបស់​អ្នកស្រី ព្រំ ចាន់ថា ​មន្ត្រី​ស្ថានទូតទាំងពីរនោះបាន​​ទទួល​​យក​ញត្តិរបស់ពួកគាត់​ហើយ និង​​​បាន​​សន្យា​​បញ្ជូន​ទៅកាន់រដ្ឋាភិបាល​របស់ពួកគេ​​​បាន​ដឹង។

ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុកការដាក់ញត្តិរបស់ក្រុមស្ត្រី​ទាំង​នោះ​​ថា គ្រាន់តែជា​សិទ្ធិសេរីភាព​បញ្ចេញមតិ​ដែល​មាន​និន្នាការ​នយោបាយប៉ុណ្ណោះ ​ប៉ុន្តែ​សកម្មភាព​នេះមិន​អាច​ជួយ​អ្វី​បាន​ឡើយ។

លោកថា៖ «ដូច្នេះ ញត្តិនេះ​មិនមានឥទ្ធិពលអីលើតុលាការ​ទេ ត្បិតតុ​លាការ​ជាស្ថាប័ន​ដែល​មាន​អំណាចឯករាជ្យ ដោយគ្មានស្ថាប័នណាមួយទៅដាក់សម្ពាធនិងលូកលាន់បានឡើយ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ត្បិតស្ថានទូតទាំងនោះមិនមានសិទ្ធិក្នុងការសម្រេចក៏ពិតមែន ប៉ុន្តែស្ថាប័នទូតនៃប្រទេសលោកសេរីមានតួនាទីត្រួតពិនិត្យ​ការអនុវត្តយុត្តិធម៌សង្គម និងការរំលោភសិទ្ធិមនុស្ស ខណៈកម្ពុជាក៏បានផ្ដល់សច្ចាប័ន ក៏ដូចជាផ្ដល់អនុសាសន៍​នានា ដើម្បីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលមានការចូលរួមពីបណ្ដាប្រទេសផ្សេងផងដែរ។

លោកបន្តថា បើសិនជាស្ថានទូតទាំងអស់នោះទទួលបានញត្តិឬ​របាយការណ៍ពាក់ព័ន្ធនឹងការរំលោភសិទ្ធិនិង​អំពើអយុត្តិធម៌​ដែល​នៅតែកើតមាន នោះ​កម្ពុជាអាចនឹង​​ទទួលរងសម្ពាធបន្ថែមទៀតពីសហគមន៍​អន្តរ​ជាតិ។

លោកថា៖ «បើសិនជាបញ្ហាអំពើអយុត្តិធម៌ទាំងអស់ចំណុចទាំងអស់នេះ គឺជាមូលដ្ឋានថ្មីបន្ថែម ដែលពួកគេនឹងលើកឡើងនៅក្នុងកិច្ចប្រជុំនៅ​ទីក្រុងហ្សឺណែវ។ អ៊ីចឹង​បញ្ហាទាំងអស់នេះ​ហើយ​ដែល​អន្តរជាតិមាន​ការ​លូកដៃនិងលើកឡើងនៅក្នុងកិច្ចប្រជុំទាំងអស់ហ្នឹង ដែលធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាក្នុង​ឆាកអន្តរជាតិ»។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ ចោទប្រកាន់​ពី​បទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ