បទយកការណ៍​៖​ យុវជន​ម្នាក់​ប្រែ​ពី​អ្នក​ប្រើប្រាស់​ទៅ​ជា​អ្នក​អប់រំ​អ្នក​ដទៃ​កុំ​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​

យុវជន​គ្រុយ ចាន់ឌឿន ជួយ​រៀបចំឱ្យ​កុមារ​ឈរ​តម្រង់​ជួរ​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ខ្ញុំ និង​អ្នក នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​ នៅ​ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ (រូបដោយ ផល្លា ផាន្និត)

យុវជន គ្រុយ ចាន់ឌឿន គឺ​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន ១០ ឆ្នាំ បាន​តាំង​ចិត្ត​បញ្ឈប់​ការ​ប្រើប្រាស់ ព្រោះមិន​ចង់​ឱ្យ​អ្នក​ភូមិ​មើល​ងាយ​គ្រួសារ ហើយ​ក្លាយជា​អ្នក​ចែករំលែក​បទពិសោធន៍​ និង​អប់រំ​ដល់​អ្នក​ភូមិ​វិញ ជាពិសេស​យុវជន​និង​ក្មេង​ជំនាន់​ក្រោយ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿង​ញៀន។​

យុវជនវ័យ ២៨ ឆ្នាំរូបនេះ មានស្រុកកំណើតនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលរូបនេះ គឺជាកូនច្បងក្នុងគ្រួសារក្នុង​ចំណោម​បងប្អូន​៦​នាក់ បានជួបការលំបាកកាន់តែខ្លាំងនៅពេលដែលម្តាយស្លាប់កាលពីឆ្នាំ២០២០ ហើយប្អូនៗ ២នាក់ទៀតរបស់ចាន់ឌឿន ក៏ប្រើប្រាស់ថ្នាំញៀនដែរ។​

ចាន់ឌឿន បញ្ជាក់ថា អំឡុងពេលប្រើថ្នាំញៀនប្រមាណ ១០ ឆ្នាំ រូបគាត់ មានសក់វែង ស្បែកអាក្រក់ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច សូម្បីតែបងប្អូន​សាច់ញាតិ​ជិតខាងក៏គេមិនហ៊ានរាប់រកដែរ។ ចំណែកប្អូនៗ២នាក់ទៀតដែលប្រើថ្នាំ ក៏មិនស្តាប់សម្តីចាន់ឌឿន ធ្វើឱ្យស្ថានភាពគ្រួសារមិនមាន​អ្នកណាស្តាប់​អ្នក​ណាទេ ខណៈឪពុកមានភរិយាក្រោយទៀត មិនសូវមានពេលមកមើលថែគ្រួសារដែលបែកបាក់គ្នានេះទេ ហើយអ្នកជិតខាងខ្លះក៏មិនឱ្យតម្លៃ និងមិនចង់រាប់​រក​ថែម​ទៀត។​

យុវជនគ្រុយ ចាន់ឌឿន៖ «បើអាច ធ្វើយ៉ាងណាកុំឱ្យក្មេងៗជំនាន់ក្រោយប្រើប្រាស់គ្រឿងញៀន ព្រោះពួកខ្ញុំវាជ្រុលហើយ ប្រើគឺធ្វើបាបខ្លួនឯង។ ដូចខ្ញុំចឹងទាល់តែបាត់បង់ម្តាយបានភ្ញាក់ខ្លួន»។​

កត្តាសុខភាពចុះខ្សោយ សាច់ញាតិជិតខាងមិនសូវរាប់រក គ្រួសារបែកបាក់ រកលុយបានតែមិនសល់ ដោយមានការអាណិតដល់ប្អូន និង ចង់ស្តារស្ថានភាព​គ្រួសារឡើងវិញ ធ្វើឱ្យចាន់ឌឿន តាំងចិត្តផ្តាច់ការប្រើប្រាស់គ្រឿងញៀនបានប្រមាណ៣ខែមកហើយ។​ ៣ខែសម្រាប់អ្នកតាំងចិត្តហាក់មានរយៈពេលខ្លី ដែលអ្នកខ្លះធ្លាប់ផ្តាច់បានយូរជាងនេះ នៅតែធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀនជាថ្មីទៀត ប៉ុន្តែសម្រាប់យុវជន គ្រុយ ចាន់ឌឿន ប្តេជ្ញាប្រាប់ខ្លួនឯងហើយថា មិនវិលវិញទេ។​

លោក គ្រុយ ចាន់ឌឿន៖ «នៅមានគេបបួលខ្ញុំធ្វើ [ជក់ថ្នាំញៀន] ដែរតើស តែខ្ញុំអត់ធ្វើផង ខ្ញុំថា អ្នកឯងដាក់តែម្នាក់ឯងទៅ ខ្ញុំថា អត់ទេ ព្រោះថា គ្មានអីខ្លាំងជាងចិត្តយើងទេ។ បើចិត្តយើងថា ធ្វើ កុំថាដាក់ក្នុងបន្ទប់ចាក់សោរ១ជាន់អី ទោះចាក់សោរ៥ជាន់ក៏នៅតែទៅរួចដែរ តែបើចិត្តមិនចង់​មិនបាច់ចាក់សោរ ឬដាក់ទ្វារក៏បានដែរព្រោះយើងមិនធ្វើ»។​

វិធីសាស្ត្រមួយចំនួនដែលចាន់ឌឿនប្រើដើម្បីជម្នះការលំបាកក្នុងការផ្តាច់គ្រឿងញៀន គឺការធ្វើការងារផ្ទះ និងការងារផ្សេងៗបំភ្លេចគ្រឿងញៀន មួយទៀតដកខ្លួនឆ្ងាយពីមិត្តភ័ក្តិដែលប្រើប្រាស់គ្រឿងញៀន រួមទាំងមិនឱ្យស្គាល់លេខទូរសព្ទ ឬ ហ្វេសប៊ុកជាដើម។​

ក្នុងមួយរយៈពេលចុងក្រោយនេះ យុវជន គ្រុយ ចាន់ឌឿន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនសម្ភាសន៍ពីបទពិសោធន៍នៃការផ្តាច់គ្រឿងញៀនងាកមក​កសាងជីវិតថ្មី។ ក្រៅពីនេះនៅក្នុងពេលជួបគ្នាជាលក្ខណៈបុគ្គល ឬ ជួបជុំនៅក្នុងកម្មវិធីផ្សេងៗ ក៏ចាន់ឌឿន ក្លាហានក្នុងការចែករំលែក​បទពិសោធន៍​នៃខ្សែជីវិតរបស់ខ្លួនដែរ។

ក្នុងកម្មវិធីផ្តល់សម្ភារសិក្សានៅបណ្ណាល័យខ្ញុំ និង អ្នក នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ យុវជន ចាន់ឌឿន ឈរនៅចំពោះមុខមនុស្សចាស់ក្មេងប្រមាណ៤០នាក់ រៀបរាប់ពីស្ថានភាពមិនល្អដែលខ្លួនធ្លាប់ជួបប្រទះពេលប្រើប្រាស់គ្រឿងញៀន និង លើកទឹក​ចិត្តដល់ក្មេងៗជំនាន់ក្រោយកុំឱ្យដើរតាមផ្លូវជីវិតរបស់គាត់។

យុវជន គ្រុយ ចាន់ឌឿន ថ្លែងក្នុងពិធីនោះ៖ «បើយើងជក់គ្រឿងញៀនមានតែរុញយើងឱ្យកាន់តែគ្រោះថ្នាក់ ហើយបើសិនជាយើងអត់លេង​យើងសប្បាយចិត្តអ្នកណាក៏គេរាប់អាន ទៅណាមកណា គេចូលចិត្ត។ និយាយទៅមានមោទនភាពខ្លួនឯង»។​

ពេលចាន់ឌឿន និយាយចប់ មនុស្សក្មេងចាស់ នៅទីនោះបានបញ្ចេញសំឡេងសាទរ និងទះដៃឡើង។ ចាន់ឌឿន ហាក់ប្រែខ្លួនចេញពីឋាននរកមកឋាន​មនុស្សវិញដោយកិត្តិយស ដែលពីមុនគេតែងខ្លាចញញើត តែពេលនេះអ្នកភូមិស្វាគមន៍សាកសួរ រាប់អាន ឱ្យចំណីអាហារ។​

នៅក្នុងឱកាសចែករំលែកបទពិសោធន៍នៅបណ្ណាល័យភូមិនោះ ចាន់ឌឿន ទទួលបានអំណោយលើកទឹកចិត្តពីអ្នករៀបចំកម្មវិធី។ ត្បិតតែអំណោយ​នោះត្រឹមតែអាវមួយនិងសម្ភារប្រើប្រាស់បន្តិចបន្តួច តែវាបានធ្វើឱ្យគាត់រំភើបខ្លាំងណាស់ស្ទើរតែហូរទឹកភ្នែក រំភើបនៅត្រង់ថា មនុស្សគ្រប់គ្នា​មិនបោះបង់គាត់ចោលទេ គឺគេគ្រប់គ្នានៅចាំជួយគាត់ នៅឱ្យតម្លៃលើរូបគាត់ដដែល។​

យុវជន គ្រុយ ចាន់ឌឿន និយាយបណ្តើរលាយសំឡេងសើចសប្បាយចិត្តបណ្តើរ៖ «ថ្ងៃមុនគេឱ្យកាដូមួយ គេឱ្យកាដូបានកាដូមួយ សប្បាយចិត្ត»។​

បើរំឭកពីអតីតកាល គឺពេលអ្នកភូមិមិនរាប់រកនោះ ចាន់ឌឿន មិនប្រកាន់ខឹងទេ ព្រោះ ចាន់ឌឿន ទទួលស្គាល់ថា ខ្លួនឯងរូបរាងគួរឱ្យខ្លាចមែន ហើយម្យ៉ាងបើអ្នកមិនប្រើប្រាស់ដើរជាមួយពេលដែលសមត្ថកិច្ចចាប់ខ្លួន​អាចត្រូវចាប់ទាំងអស់គ្នា។​

បច្ចុប្បន្នចាន់ឌឿន ប្រឹងប្រែងធ្វើការងាររកចំណូល ដើម្បីស្តារស្ថានភាពគ្រួសារហើយអប់រំប្អូនៗ ឱ្យមានអនាគតល្អ។ យុវជនវ័យ២៨ឆ្នាំ ដែលមិនទាន់មានប្រពន្ធរូបនេះបញ្ជាក់ថា នៅចំពោះមុខកិច្ចការអ្វីក៏ធ្វើដែរ ឱ្យតែបានចំណូល និងស្របច្បាប់។

យុវជន គ្រុយ ចាន់ឌឿន៖ «រាល់ថ្ងៃហ្នឹងការងារអីក៏ខ្ញុំធ្វើដែរ ឱ្យតែការងារស្របច្បាប់អត់ទៅលួចឆក់ប្លន់គេឱ្យតែគេហៅខ្ញុំទៅធ្វើហើយ»

ចាន់ឌឿន ឱ្យដឹងទៀតថា ពេលនេះ មិត្តភ័ក្តិគាត់៥នាក់កំពុងតែប្រឹងប្រែងបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនដូចរូបគាត់ដែរ ហើយគាត់ក៏បានជួយលើកទឹកចិត្តដល់មិត្តភ័ក្តិទាំងនោះដែរ។​

អ្នកស្រី សែម សុផល ជាអ្នកជិតខាងកត់សម្គាល់ឃើញថា យុវជនចាន់ឌឿន មានទឹកមុខហាក់មានភាពស្រស់ស្រាយជាងមុន និងធ្វើការងារសកម្ម។​

អ្នកស្រី សែម សុផល៖ «ឃើញគាត់ធ្វើការធ្វើអីល្អៗ មើលថែជ្រូក គោ បោសសម្អាតផ្ទះ បើកាលមុនសំរាមពេញក្នុងផ្ទះទាំងអស់»។​

អ្នកស្រី សែម សុផល ថ្លែងថា រូបគាត់សប្បាយចិត្តដែលឃើញយុវជនចាន់ឌឿនបានកែប្រែមករកផ្លូវត្រូវ។​

អ្នកស្រី សែម សុផល៖ «អារម្មណ៍បងសប្បាយចិត្ត ដូចបានជួយមនុស្សម្នាក់ដែលធ្លាក់អណ្តូងឱ្យបានឡើងវិញរួចចឹង។ បងសប្បាយចិត្ត ហើយអ្នកជិតខាងគេសរសើរគ្រប់គ្នា គេអរសប្បាយគ្រប់គ្នា»។​

អ្នកស្រី ហ៊ន តាំង ជាយាយរបស់យុវជន ចាន់ឌឿន ថ្លែងថា រូបគាត់សប្បាយចិត្តណាស់ពេលឃើញចៅកែប្រែបែបនេះ។​

អ្នកស្រី ហ៊ន តាំង៖ «ដល់ពេលចៅឈប់ចឹង ឃើញមានសាច់មានឈាម ខ្ញុំអរណាស់លោកគ្រូអើយ ឪពុកមិននៅ ម៉ែស្លាប់ចោល សូមឱ្យកែគំនិតរហូតទៅចៅអើយ»។​

ប្រធាន​សមាគមសង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន​កម្ពុជា DARAC លោក មាស សុវណ្ណ ឱ្យ​ដឹង​ថា សមាគមនេះបានប្រឹងប្រែងអប់រំផ្លូវចិត្តដោយ​ប្រើទស្សនៈផ្សេងៗ ដើម្បី​ជំរុញលើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់គ្រឿងញៀនប្រឹងប្រែងផ្ដាច់ការប្រើប្រាស់ដោយខ្លួនឯង។ លោកបន្តថា ជា​មធ្យម អ្នកដែលទទួលការព្យាបាលនៅសមាគមនេះ​​ប្រមាណ៥០ភាគរយ ទទួលបានលទ្ធផលល្អ។​ លោក មាស សុវណ្ណ អំពាវនាវដល់ប្រជា​ពលរដ្ឋកុំឱ្យរើសអើងដល់អ្នកប្រើប្រាស់​គ្រឿង​ញៀន ហើយ​ងាក​មក​រក​មធ្យោបាយ​ដើម្បីលើកទឹកចិត្តឱ្យអ្នកទាំងនោះឈប់ប្រើប្រាស់វិញ។​ លោកបន្ត​ថា មណ្ឌលរបស់​លោកនិងមណ្ឌលផ្សេងៗទៀតទទួលអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើង នៅក្នុងឆ្នាំ២០២១នេះ។​

លោកថ្លែងថា៖ «មណ្ឌលខ្ញុំធ្លាប់តែ១៣០ ឥឡូវដល់១៨០នាក់ទៅហើយ។ មណ្ឌលផ្សេងៗទៀត ខ្លះឡើងដល់២០០ ទៅ ៣០០នាក់ឯណោះ»​

លោកយុវជន ចាន់ឌឿន ឱ្យដឹងថា ពេលនេះរូបគាត់មានសុខភាពល្អ ហើយស្ថានភាពគ្រួសារក៏ល្អប្រសើរជាងមុន។ យុវជន ចាន់ឌឿន សង្ឃឹមថា ថ្ងៃខាងមុខនឹងវិលទៅធ្វើការងារនៅកន្លែងលក់ហ្គាសមិនដូចពេលញៀនថ្នាំវិញ ហើយជំហានបន្ទាប់ស្រម៉ៃថា ពេលសន្សំលុយបានបើក​កន្លែងលក់​ហ្គាសដោយខ្លួនឯង។

យុវជន ចាន់ឌឿន៖ «ចង់បានមុខរបរជាក់លាក់មួយ គឺបញ្ចូលហ្គាសវិញ។ នៅពេលមានលុយខ្លះៗខ្ញុំនឹងបើកកន្លែងខ្លួនឯងនៅផ្ទះនេះម៉ង ព្រោះថា នេះហើយជាជំនាញខ្ញុំក្នុងការរកស៊ី ពីមុនខ្ញុំបញ្ចូលហ្គាសរកបានសឹងអីហ្នឹង»។​

ចាន់ឌឿន ក៏នឹកឃើញថា ពេលមានលុយចូលរួមជួយដល់អ្នករងគ្រោះដោយសារថ្នាំញៀន និង ចាស់ជរាផងដែរ។​ យុវជន ចាន់ ឌឿន៖ «អនាគតទៅពេល​មាន​លុយហើយបើមានក្មេងៗរងគ្រោះចឹងទៀតខ្ញុំនឹងជួយដល់ក្មេងៗទាំងនោះ ហើយរួមទាំងចាស់ជរា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ