ស្ថានទូតចិន​ប្រចាំ​នៅ​អ៊ុយក្រែន​ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​ចៀសវាង​ទៅ​កាន់​តំបន់​អស្ថិរភាព

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។ (ធ្វីតទ័ររបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន/ Denys Shmyhal)

ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់ពលរដ្ឋនិងធុរកិច្ចទាំង​ឡាយរ​បស់ខ្លួន​ឱ្យចៀសវាងទៅកាន់តំបន់អស្ថិរភាពទាំងឡាយក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសមួយនេះ​បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងវិបត្តិ​ជាមួយប្រទេស​រុស្ស៊ី។

ទោះជាយ៉ាងណា ស្ថានទូតចិនពុំបានណែនាំពលរដ្ឋខ្លួនឱ្យពិចារណាចាកចេញពីប្រទេសអ៊ុយក្រែន ដូចអ្វីដែលប្រទេសជាច្រើនផ្សេងទៀតបានធ្វើនោះទេ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ស្ថានទូតចិនដែលបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «បច្ចុប្បន្ននេះ ស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន ស្ថិតនៅក្នុងភាពមិនច្បាស់លាស់»។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា៖ «ស្ថានទូតចិនប្រចាំនៅអ៊ុយក្រែន សូមធ្វើការក្រើនរម្លឹកដល់ពលរដ្ឋនិងសហគ្រាសរបស់ចិនទាំង​អស់​នៅអ៊ុយក្រែន ឱ្យមានការយកចិត្តទុកដាក់ខ្ពស់​លើសេចក្ដីជូនដំណឹងអំពីសុវត្ថិភាពនានា និងចៀងវាងទៅ​កាន់តំបន់អស្ថិរភាពទាំងឡាយ»។

ទាក់ទិនទៅនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសមួយចំនួនដែលរួមទាំង​សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់​ កាលពីដើមខែនេះ ក៏បានធ្វើការណែនាំដល់ពលរដ្ឋរបស់ពួកគេឱ្យត្រៀមចាកចេញពីអ៊ុយក្រែន​ផងដែរ ស្របពេលដែលមានក្ដីបារម្ភនៃការឈ្លានពានពីសំណាក់រុស្ស៊ីលើប្រទេសមួយនេះ។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេបាន​ចាប់ផ្ដើមកើនឡើង ខណៈរុស្ស៊ីបានបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈចលនា​ទ័ពរបស់ខ្លួននៅក្បែរព្រំដែនរបស់ប្រទេសមួយនេះ។

ទោះជាយ៉ាងណា រុស្ស៊ី ​កាលពីពេលកន្លងទៅ ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយលើអ៊ុយក្រែន ខណៈដែលពួកគេបានលើកឡើងថា កងទ័ពទាំងឡាយរបស់ពួកគេគឺមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ