លោក ហ៊ុន សែន បន្តភ្ជាប់បញ្ហាគ្រួសារទៅនឹងការជំរុញដំណោះស្រាយនយោបាយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​មេដឹ​ក​នាំ​ប​ក្ស​កា​ន់​អំណាច បង្ហា​​ញជំ​ហ​រជា​ថ្មី​ទៀត​​លើ​យន្ត​ការបន្ត​​បិទ​ខ្ទប់​ការ​វិល​ត្រលប់​មក​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​​វិញ​​របស់​​លោក សម រង្ស៊ី បើគ្មានការ«ប៉ះប៉ូវ»ណាមួយត្រូវបានធ្វើឡើង​ដើ​ម្បី​ស្ដារកិត្តិ​យស​គ្រួ​សារ​លោកទេនោះ។

​ការ​ថ្លែង​រ​បស់លោ​ក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន​ បែ​ប​នេះ​ ​ធ្វើ​ឡើង​​ក្នុ​ងពិ​ធីបើ​កការដ្ឋា​ន​សាងស​ង់ស្ថានីយទឹក​កខ្វក់មួយកន្លែង ក្នុងរាជធា​នី​ភ្នំពេញ​ នា​ព្រឹកថ្ងៃ​អង្គារ​នេះ។​

លោ​កនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​​ថា​ ​ក​ន្លង​ទៅ ​​មានមិត្តបរទេសមួយចំនួ​នធ្លា​ប់លើ​ក​ឡើងពីការសម្របសម្រួលឱ្យមានការសន្ទនា​នយោ​បាយ ដើ​ម្បីប​ង្រួបប​ង្រួម​ជា​តិ។ ប៉ុ​ន្តែលោកថា​​ ​​ការ​​ប្រមាថ​ភរិយា​​និង​កូនរបស់​លោក​នា​​ពេល​កន្លងមក​ ជា​ការ​ឈឺចាប់មួយដែល​​មិន​​អាច​​​សន្ទ​​នា​នយោបាយ​​ឡើង​​វិញ​បាន​ទេ​ បើគ្មាន​ការប៉ះប៉ូវ​ណាមួយទេនោះ។

លោ​​​កថា៖ ​«ខ្ញុំ​បា​នប្រាប់​មេដឹ​ក​នាំប្រ​ទេស​មួ​យ​ចំនួ​នថា​ ខ្ញុំអ​ត់​ទ​ទួលយកបានទេអាហ្នឹង រឿងចង់ទៅជាស្អីទៅៗ តែរឿងកន្លែងហ្នឹងមួយ បើអ្នកឯងមិនប៉ះប៉ូវឱ្យខ្ញុំ ទោះបីជាតិក្រោយចាំជាតិ​ ក៏ត្រូវតែប្រយុទ្ធគ្នានៅពេល​នោះ […] ខ្មែរក៏ដោយ បរទេសក៏ដោយ កុំនិយាយជាមួយខ្ញុំ ចលនា​ឱ្យខ្ញុំប​ង្រួបបង្រួម​ជាមួ​យអា​ក្រុមប្រ​មាថ​​ប្រពន្ធនិងកូនខ្ញុំឱ្យសោះ»។

បើទោះ​បីជាការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ មិនបាន​បញ្ចេញឈ្មោះអ្នកប្រមាថ​ភរិយានិង​កូន​របស់​​លោក​ក៏ដោយ ប៉ុន្តែលោក​ទំនងជាសំដៅដល់ស្ថា​ប​និក​​គណបក្សសង្គ្រោះ​​​ជាតិ លោក សម រង្ស៊ី ដែលកំពុង​និរទេស ​ដោយ​លោកព្រលយពាក្យ​ថា ​នៅក​ម្ពុជាមិនទាំង​​ហ៊ា​នធ្វើ​អីផ​ង​ ទ​ម្រាំ​​ទៅដ​ល់ក្រៅ​ប្រទេសទៀត​ច​​ង់នាំ​កម្លាំងមកចាប់អ្នកកំពុងគ្រប់គ្រងអំណាច។

VOD​ មិនអាចសុំការបញ្ជាក់ពីលោក សម រង្ស៊ី បានទេ នៅថ្ងៃអង្គារនេះ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុងខែឧសភា ឆ្នាំ២០១៦ ពោលគឺ​មុនគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ​ ធ្លា​ប់​​ប្រ​​តិកម្ម​ខ្លាំងៗ​ទៅ​ក​រ​ណីនេះ​ម្ដង​ហើយ ដោយព្រមានថា នឹងមិនឱ្យគណបក្សប្រឆាំង ​បាន​​សុខ​​នោះទេ​ ​ហើយប្រកាសពេលនោះថានឹងកំដរ​បក្សប្រឆាំង​ដល់ទីបញ្ចប់។

លោកថា៖ «នេះជារឿងអាណោចអាធ័ម ប៉ុន្តែខ្ញុំអត់នឹក​ថាអាចធ្វើអំពើថោកទាបបែបនេះបាន អត់នឹក​ដល់! ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយ ព្រោះខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឱ្យខ្ញុំសុខ ខ្ញុំក៏មិនឱ្យអ្នកឯងសុខដែរ»។

​អ្នក​វិភាគសង្គម ​លោក ​គឹម​ សុខ​ មើ​លឃើញថា សាររម្លឹករឿងចាស់​​រប​​ស់មេ​ដឹកនាំ​បក្ស​កាន់អំណាចនេះ ​ជា ល្បែ​​ងន​យោបា​យ ​យក​បុព្វហេតុជាតិធ្វើជាឧបករណ៍ការពារអំណាចបុគ្គល។ លោកថា មួយវិញទៀត សារនេះក៏​ជា​យុទ្ធសាស្ត្របង្វែរការចាប់អារម្មណ៍រឿង​លោក កឹម សុខា ដែលអន្តរជាតិ​កំពុងជំរុញឱ្យផ្ដល់សេរីភាព​ពេញលេញឡើងវិញ ខណៈការបោះឆ្នោតជិតមកដល់។

លោកថា៖ «ជ្រុងមួយទៀត ទំនងជា​លោក ហ៊ុន សែន ប្រឹងឆ្លើយនឹងតំណាងប្រទេសសេរី ប្រជាធិបតេយ្យ​នា​នាដែ​​លជំរុញយ៉ាងខ្លាំង ចង់ឃើញឱ្យមានការប្រកួតប្រជែងសមរម្យមួយ​សម្រាប់ការបោះឆ្នោតឆ្នាំ​២០​២២ និង​ឆ្នាំ២០២៣ ដែលមានការចូលរួមពីពួកអ្នកនយោបាយប្រឆាំងដែលមានសក្ដានុពលនៅកម្ពុជា»។ 

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់​គំនិត លោក​បណ្ឌិ​ត ​សេក សុ​ជាតិ​ មើ​លឃើ​ញថា​ ​តាមរយៈ​សារនយោ​បាយ​នេះ​ ​ពាក្យ​ថា ​«ប៉ះប៉ូវ​» អា​​ចជាការបោះដៃទៅ​ក្រុម​លោក សម រង្ស៊ី ឱ្យឆ្លើយតបជាវិជ្ជមាន​នូវ​​​​លក្ខ​ខណ្ឌណា​​មួយ​ ដែ​លលោ​កគិតថា​ ជា​សិល្បៈនយោបាយ​ ដើម្បី​កេង​ចំណេញ​ពី​គ្នាទៅវិ​ញទៅមក​។

​ប៉ុន្តែ​លោ​កថា​ សិល្បៈនយោបាយបែប​នេះ​បា​នផ្ដល់គំ​រូមិ​នល្អ​​ដ​ល់ក្មេងជំនាន់​ក្រោយ ព្រោះ​បា​ន​ភ្ជាប់ប​ញ្ហា​​ក្រុមគ្រួសា​រធំជាង​ប្រយោជន៍ជាតិ ដែលលោក​ថា បញ្ហានេះបានធ្វើឱ្យប្រទេសជាតិមិនអាចរើខ្លួនរួចពីអំពើពុក​រលួយ ការរំលោភដីធ្លី និង​បញ្ហាសិទ្ធិមនុស្ស ដូចប៉ុន្មានឆ្នាំមកនេះ។

លោកផ្ដល់ជាយោបល់ថា អ្នកនយោបាយខ្មែរគួរណាស់​ងាក​មកប​ង្កើតវប្បធម៌សន្ទនារក​ផល​ប្រយោជន៍​ជូ​ន​ជាតិ​ ​ប្រសើរជាង​​ប​ង្កើត​​​​យុ​​ទ្ធ​សាស្ត្រជា​ន់ព​ន្លិចគ្នា ដែ​ល​នាំឱ្យ​កិត្តិ​យសជាតិ​​ធ្លាក់ចុះ​ ប​ង្កឱ្យ​មាន​អយុត្តិធ​ម៌ស​ង្គម និង​​បង្កជាបញ្ហាគ្មាន​​ទីបញ្ចប់​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ