តុលាការ​​​ឃុំខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់​​បង្ក​​​ឱ្យ​​ខូច​ខាត​ដល់​ធន​ធាន​ធម្ម​ជាតិ

តុលាការ​ខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិលៀវចំនួន២នាក់ នៅ​ពន្ធ​នាគារ​​ខេត្ត​ជា​​បណ្ដោះ​អាសន្ន ពីបទ កាន់កាប់អាវុធគ្រឿងផ្ទុះ ​និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ ធ្វើឱ្យ​​ខូចខាតដល់ធនធានធម្មជាតិ។

យោងតាមដីកាបង្គាប់ឱ្យ​ឃុំខ្លួនចំនួន២ដាច់ដោយឡែកពីគ្នារបស់​​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​​ខេត្ត​​មណ្ឌលគិរី លោក ទៀង សុថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បាន​សម្រេច​បង្គាប់​​ឱ្យ​ភ្នាក់ងារមានសមត្ថកិច្ច នាំខ្លួន​បុរសជា​ជន​​សង្ស័យ​ ២នាក់​ រួមមាន​ឈ្មោះ មុំ អូម្ជុំ និង​ឈ្មោះ កន មុំ ជា​ជនជាតិ​លៀវ មុខ​របរ​កសិករ​ មាន​ទីលំនៅ​នៅ​ឃុំ​ណងឃីលឹក ស្រុកកោះញែក ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី ជាបណ្តោះអាសន្ន។

ដីកាដដែល បន្តថា ជនសង្ស័យទាំង២នាក់ ត្រូវដាក់ឱ្យស្ថិតក្រោមការ​ពិនិត្យ​​ពីបទ «កាន់កាប់អាវុធគ្រឿងផ្ទុះ ​និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ ធ្វើឱ្យ​​ខូចខាតដល់ធនធានធម្មជាតិ» ប្រព្រឹត្ត​នៅភូមិណងប៊ួរ ឃុំណង​ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបទល្មើស​ព្រហ្មទណ្ឌនេះមានចែង​តាមបញ្ញតិមាត្រា២០ នៃច្បាប់​ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា​៦១​និង​មាត្រា៥៦​នៃ​ច្បាប់​ស្តីពីតំបន់ការ​ពារ​ធម្មជាតិ។

បើតាមការផ្សព្វផ្សាយនៅក្នុងទំព័រហ្វេស​ប៊ុករបស់ក្រសួងបរិស្ថាន ការ​ចុះទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកោះញែកនេះ មន្ត្រីឧទ្យានុរក្ស​​ បានចាប់ឃាត់ជន​សង្ស័យចំនួន០​២នាក់ ដោយ​​រឹប​អូស​វត្ថុតាងមួយចំនួន រួមមាន អាវុធ​ម៉ាក AK 47 (ស្វាយបត់)​ចំនួន​០១ដើម, គ្រាប់AK ចំនួន៣៧គ្រាប់, កាំភ្លើងកែច្នៃ(ឆ្នុកដូង​)ចំនួន០១ដើម, គ្រាប់ប្រដាង​ចំនួន​៥០គ្រាប់, រំសេវផ្ទុះចំនួនកន្លះដប និងម៉ូតូម៉ាក Wave ចំនួន០២គ្រឿង។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកកែវ សុភគ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែកុម្ភៈ​នេះ​ថា មន្ត្រីឧទ្យានុរក្ស​​ បាន​ចាប់​ខ្លួន​​​ជន​​សង្ស័យ​​ទាំង​២នាក់​នោះ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ខណៈ​ពួ​​ក​​គេ​បាន​ប្រើ​ប្រាស់​អាវុធ​ជាតិផ្ទុះ​ ដើម្បី​​បរបាញ់​សត្វ​ព្រៃ នៅដែនជម្រក​សត្វព្រៃ​ស្រែ​ពក ក្នុងស្រុកកោះញែក។ លោកបន្តថា ក្រោយការចាប់ខ្លួន មន្ត្រីជំនាញ បានធ្វើការ​សាក​សួរ និង​​​បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅ​តុលាការ ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួនពួកគេនៅពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃម្សិលមិញ។

ពាក់ព័ន្ធនឹងករណីនេះ លោក កែវ សុភគ៌ បាន​​អំពាវ​នាវ​ថា៖ «ខ្ញុំសូមសំណូមពរដល់ប្រជាជន ដែល​រស់នៅជុំវិញតំបន់ការពារ សូមបញ្ឈប់នូវការបរបាញ់សត្វព្រៃ​​ប្រភេទសត្វ​កម្រ និងជិតផុត​ពូជ បើយើងនៅតែបន្តបរបាញ់សត្វនោះនឹងអស់ហើយ ជាពិសេសការដាក់​អន្ទាក់​ឆក់​ដែលជាប្រភេទមួយ​ដែលគ្រោះថ្នាក់ណាស់ មិនត្រឹមតែគ្រោះថ្នាក់ដល់សត្វទេ តែដល់មនុស្សទៀតផង»។

យោងតាមរបាយការណ៍ដែលផ្តល់ជូនដោយ​រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា កាលពីថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ត្រី​​ឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ​ធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១ ៦១១អន្ទាក់ ពីក្នុង​តំប​ន់ការពារ​ធម្ម​ជាតិទូទាំង​ប្រទេស ក្នុង​នោះ​មាន​ប្រភេទអន្ទាក់ឆក់​ខ្សែភ្លើង អន្ទាក់វាយបំបាក់​ស្មង​ជើង និង​ប្រភេទផ្សេងៗ​ទៀត។

លោក​បន្តថា បរិមាណអន្ទាក់ដែលដោះ​បាននោះ​ ​មាន​ចំនួន​​កើន​​ឡើង​​​ជាង ២០% បើ​​​ធៀប​នឹង​បរិមាណ​អន្ទា​​ក់​​ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០អន្ទាក់។ ក្រៅ​ពីនោះ លោកថា មន្ត្រីឧទ្យានុរក្សក៏បាន​ដក​ហូតកាំភ្លើង​កែច្នៃ​ប្រើប្រាស់​សម្រាប់ការប្រមាញ់​សត្វព្រៃបាន​ចំនួន ៧៥៨ដើម ដែល​​​បរិមាណ​នេះ​មានចំនួន​ប្រហាក់​ប្រហែលនឹង​​ឆ្នាំ​២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ