កញ្ញា សេង ធារី ប្រាប់​តុលាការ​ថា​កញ្ញា​គាំទ្រ​ផែនការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ថ្ងៃ៩វិច្ឆិកា

កញ្ញា សេង ធារី ឈរលើកម្រាមដៃបី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធសវនាការក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កញ្ញា សេង ធារី ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានបង្ហាញ​ការ​គាំទ្រ​សារនិង​​ដំណើរ​ការ​វិល​ត្រលប់របស់​លោក សម រង្ស៊ី ថ្ងៃទី​​៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដោយ​​​ថា សារ​​និង​ការរៀបចំគម្រោងផែនការមួយចំនួនរបស់មេបក្សប្រឆាំងរូបនេះ​មិន​មែន​ជាអំពើ​ខុស​ច្បាប់។

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការសួរដេញ​ដោល​កញ្ញា សេង ធារី ក្នុងសំណុំ​​រឿង «ញុះញង់ ​និង​រួម​គំនិត​ក្បត់»​ ដែលក្នុងសំណុំរឿងនេះមានជនជាប់ចោទជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទជាង៤០នាក់ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ។

សវនាការសួរដេញដោលនៅថ្ងៃនេះ ចៅក្រមជម្រះ​បានសួរទៅកញ្ញា សេង ធារី ពាក់ព័ន្ធនឹងរដ្ឋាភិបាលបច្ចុប្បន្ន ថាតើកញ្ញាចូលចិត្តឬអត់? តើធ្លាប់បង្ហោះសាររិះគន់រដ្ឋាភិបាល និងហេតុអ្វីបានជារិះគន់? ចំណុចដែលរិះគន់មានអ្វីខ្លះដែរ? តើកញ្ញាគាំទ្រសារនិងការវិលត្រលប់លោក សម រង្ស៊ី និងហេតុអ្វីបានជាគាំទ្រ? ជាដើម។

ឈរលើកម្រាមដៃបីនៅរង្វង់ក្រចកសេះ​ក្នុងសម្លៀកបំពាក់បែបជាកសិករចិន ដាក់សក់ក្រង ទឹកមុខ​មាំ កញ្ញា សេង ធារី បានលើកឡើងថា កញ្ញាមិនទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នទេ ដោយ​សារ​ការបោះឆ្នោតឆ្នាំ២០១៨ ធ្វើឡើងដោយ​មិនមានបក្សប្រឆាំងចូលរួម និង​មិនស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

កញ្ញាថា៖ «ខ្ញុំមិននិយាយរឿងចូលចិត្តឬ​មិនចូលចិត្តទេ ខ្ញុំយល់ថា វាមិនស្របនឹងរដ្ឋធម្មនុញ្ញ ហើយ​របបនេះជារបបផ្ដាច់ការ។ ឧទាហរណ៍៖ មុនពេលបោះឆ្នោត គណបក្សសង្គ្រោះជាតិ​ត្រូវបាន​រំលាយ​ទាំង​ខុស​ច្បាប់ បិទ​កាសែត មុនការបោះឆ្នោត២០១៨ ទាំងរដ្ឋធម្មនុញ្ញបានចែងការបោះឆ្នោត​មួយ​ត្រូវមាន​បក្សប្រឆាំងចូលរួមជាក់ស្ដែង តែបក្សប្រឆាំងត្រូវបានរំលាយចោលទៅវិញ។ ភស្តុតាងខ្ញុំបានអានរបាយការណ៍ ទាំង​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ជាដើម ក៏គេមិនទទួលស្គាល់ការបោះឆ្នោត២០១៨ដែរ»។

មួយវិញទៀត ចំពោះការបង្ហោះសារ​រិះគន់រដ្ឋាភិបាលនោះ កញ្ញាថា ខ្លួន​បានបង្ហោះរាល់​ថ្ងៃ​នៅ​លើ​​បណ្ដាញ​ស​ង្គម​​ ក្នុងនោះមាន​សារ​​​ពាក់ព័ន្ធនឹង​ការរំលោភ​សិទ្ធិ​មនុស្ស ផ្នែកសេដ្ឋកិច្ចទាក់​ទង​​នឹង​​យុវជនកម្មករ ផ្នែកនយោបាយរឿងបិទសេរីភាពបញ្ចេញម​តិ និងការដែលរដ្ឋាភិបាល​មិន​​ឱ្យ​ធ្វើកូដកម្ម​ទាមទារសិទ្ធិ ជាដើម។

កញ្ញាបញ្ជាក់ថា បើសិនជារដ្ឋាភិបាលដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ គឺមិនធ្វើបាបប្រជាពលរដ្ឋខ្លួន​ឯង ដោយបើកឱ្យបរទេសចូលមកយកដីធ្លីពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិ រួមទាំងឱ្យបរទេសឈ្លានពានទឹកដីឡើយ។ ជាមួយគ្នានេះ ការលើកម្រាមដៃ៩របស់កញ្ញាបង្ហាញការគាំទ្រចំពោះដំណើរវិលត្រលប់និងគាំទ្រសាររបស់លោក សម រង្ស៊ី ផងដែរ។

កញ្ញា សេង ធារី និយាយថា៖ «អ៊ីចឹងយើងត្រួវតែរិះគន់ដើម្បីស្ថាបនា ហើយខ្ញុំរិះគន់នេះមិន​មែន​តែរដ្ឋាភិបាលទេ CNRP ក៏ខ្ញុំរិះគន់ដែរ»។

មិនមែនតែចៅក្រមទេ តំណាងអយ្យការ​ លោក សេង ហៀង ក៏បានសួរទៅកាន់កញ្ញា សេង ធារី ដែរថា​៖ «តើកញ្ញាអាចបញ្ជាក់បានទេ​ថាគាំ​ទ្រ​សារ និង​ដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ឬអត់? តើការគាំទ្រនេះ កញ្ញា​បាន​ធ្វើស​កម្មភាពអ្វីខ្លះដែរ? តើការបង្ហោះបំផុសពលរដ្ឋ​ងើប​ឡើង អំពាវនាវកងទ័ព​ផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយចូលមកចាប់​លោក ហ៊ុន សែន អី​ហ្នឹង តើសារទាំងអស់នេះត្រឹមត្រូវនិងគាំទ្រទេ? តើកញ្ញាគាំទ្រឱ្យអន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលដែរឬ? តើកញ្ញាមានដឹងទេ ការគាំទ្រនេះ​វាជាការវាយបំបែកឆ្នាំងបាយរបស់ប្រជាពលរដ្ឋ​ទេ?»

កញ្ញា សេង ធារី បានឆ្លើយ​ត​ប​ថា កញ្ញាគាំទ្រសារ​របស់​លោក សម រង្ស៊ី ដែលបាន​លើកឡើង​ពី​ការ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋងើបឡើងដើម្បីទាម​ទារ​យុត្តិធម៌​នោះ ហើយ​ក៏គាំទ្រឱ្យអន្តរជាតិដាក់សម្ពាធមករដ្ឋាភិបាលដែរ ដោយថា ការគាំទ្រនេះមិន​មែន​ជា​ការ​បំបែកឆ្នាំង​បាយ​ប្រជាពល​រដ្ឋ​ទេ តែ​ជាការដាក់សម្ពាធឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ឈប់ធ្វើបាបប្រជាពលរដ្ឋ ជាដើម។ កញ្ញា​ សេង ធារី ក៏បង្ហាញ​ការ​​​គាំទ្រដំណើរវិលត្រលប់​របស់លោក សម រង្ស៊ី ថ្ងៃ​៩​វិច្ឆិកា​ដែរ។

កញ្ញា​​ថា៖ «ខ្ញុំគាំទ្រស្មារតីលោក សម រង្ស៊ី ឱ្យបញ្ឈប់របបផ្ដាច់ការ កុំប្រើប្រាស់អំណាចឱ្យកងកម្លាំងបាញ់ប្រជាពលរដ្ឋ និងធ្វើបាបប្រជាពលរដ្ឋ។ ខ្ញុំមានមិត្តភក្ដិត្រូវបានយោធាបាញ់សម្លាប់ ដូចជាលោក ជា វិជ្ជា។ ខ្ញុំយល់ថា សារនេះជាសារនយោបាយក្នុងការឆ្លើយតបគ្រោះថ្នាក់របស់ប្រទេសជាតិ​ ព្រោះយោធាធ្លាប់បាញ់សម្លាញ់ប្រជាពលរដ្ឋស្លាប់»។

កាលពីឆ្នាំ២០១៩ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បាន​​ប្រកាសពីផែនការ​វិលត្រលប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បី​អ្វី​មួយ​ដែល​លោក​អះ​អាង​ថា​នឹង​ស្ដារ​ប្រជា​​ធិប​តេយ្យ​នៅ​កម្ពុជាឡើងវិញ។ ប៉ុន្តែផែនការនេះបានបរាជ័យ ក្រោយ​រដ្ឋាភិ​បាល​​បាន​ទប់​​ស្កាត់។​

កញ្ញា សេង ធារី បញ្ជាក់ថា ក្នុងដំណើរការវិលត្រលប់លោក សម រង្ស៊ី នោះ ​រូបគាត់បានចូលរួមសកម្ម​ភាពដោយលើកម្រាមដៃ៩ និងចង់ឱ្យប្រជាពលរដ្ឋទៅទទួល​លោក សម រង្ស៊ី ដែរ ខណៈ​តំណាង​​អយ្យការចាត់ទុកការលើកម្រាមដៃ៩នោះ​ ថាជាសញ្ញាបដិវត្តន៍ពណ៌។

ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីបន្ទាប់សវនាការថ្ងៃនេះ កញ្ញា សេង ធារី និយាយថា ខ្លួន​មិន​បាន​​ចូល​រួម​រៀបចំ​ផែន​ការ​ក្បត់ជាតិ​ ដូចការចោទប្រកាន់របស់តុលាការឡើយ។

កញ្ញាថា៖ «​​ការចោទប្រកាន់ខ្ញុំជាការរួមគំនិតក្នុងការក្បត់ជាតិ ខ្ញុំអត់ចូលក្នុងការផែនការក្បត់ជាតិ​ទេ។ ​ខ្ញុំបានចូលផែនការ បើសិនជាប្រើពាក្យទូលំទូលាយ លើសពី៣ទៅ៤នាក់​ ក្នុងការលើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ។ ផែនការមិនមែនមានបញ្ហា​ ខ្ញុំបានចូលរួមផែនការ​ ប៉ុន្តែផែន​ការ​សម្រាប់​អ្វី បើសិនជាផែនការក្បត់ជាតិ អត់ចូលរួមទេ ប្រសិនលើកស្ទួយលទ្ធិប្រជាធិបតេយ្យ​ ខ្ញុំ​គាំទ្រទាំងស្រុង»។

យ៉ាងណាក៏ដោយ បន្ទាប់​សវនាការសួរដេញដោលពេញមួយព្រឹកនៅថ្ងៃនេះ ចៅក្រមជម្រះ លោក រស់ ពិសិដ្ឋ បានផ្អាក ដោយនឹងបន្តសវនាការសួរដេញដោលកញ្ញា សេង ធារី នៅថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២២ ខាងមុខទៀត។

កញ្ញា សេង ធារី គឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក។ ក្រោយមក កញ្ញាបានវិលមកកម្ពុជាវិញ បន្ទាប់ពីរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក​អំឡុង​​ពេល​រត់​ភៀស​ខ្លួន​ចេ​ញ​ពី​របប​ខ្មែរ​ក្រហម។

​កញ្ញា សេង ធារី ធ្លាប់រៀបរាប់ក្នុងសវនាការ​នាពេលកន្លងមក​​ថា ពេលរស់​នៅកម្ពុជា កញ្ញា​បានធ្វើការ​ងារ​សង្គមជាច្រើន ដើម្បីជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងធ្លាប់ធ្វើជាប្រធាន «មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម» ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ