អាជ្ញាធរ​ប្រកាស​ផាកពិន័យ​កូដករ​ណាហ្គា​ពី១លាន​ទៅ​៥លានរៀល ដោយសារ​ល្មើស​វិធាន​សុខាភិបាល

ក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ក្រោយសមត្ថកិច្ចចាប់បញ្ជូនមកនៅពេលដែលពួកគេចេញតវ៉ាជាថ្មី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ប៉ា សុខេង)

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស​អនុវត្តការ​​ផាកពិន័យអន្តរការណ៍ពី១លានរៀលទៅ៥លាន​រៀល​លើ​កូដករ​​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ដោយ​លើកហេតុផលថា ពួក​គេ​រឹង​រូស​បន្ត​ធ្វើ​កូដ​កម្មល្មើស​នឹង​វិធាន​សុខាភិបាល រួមទាំងបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បាន​លើក​ឡើង​​ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រុម​កូដករដែលជាអតីតបុគ្គលិក និងបុគ្គលិក​​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​ បានប្រមូលផ្ដុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពី​​វិធាន​សុខាភិបាល ព្រមទាំង​មិន​បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៥ ខែកុម្ភៈ។

សេចក្ដីជូនដំណឹងនោះបន្តថា ករណីនេះ សមត្ថកិច្ច​គ្មាន​ជម្រើសអ្វីក្រៅពីការអនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បានអញ្ជើញក្រុមកូដករចំនួន៦៤នាក់ទៅមជ្ឈ​មណ្ឌលចត្តាឡីស័ក​រាជធានីភ្នំពេញ ដើម្បី​ធ្វើ​តេស្តរកវីរុស​កូវីដ-១៩ ហើយ​ជាលទ្ធផលបានរកឃើញវិជ្ជមាន២នាក់។ ក្រោយការរកឃើញ អាជ្ញាធរបានបញ្ជូនពួកគេទៅមណ្ឌលព្យាបាល​ ដោយបានធ្វើការអប់រំនិងធ្វើកិច្ច​សន្យា​ឱ្យ​បញ្ឈប់​កា​រ​ធ្វើសកម្មភាព​ខុសច្បាប់ ខណៈកូដករ៦២នាក់​ផ្សេង​ទៀត​ត្រូវបានអនុញ្ញាតឱ្យ​ត្រលប់ទៅ​ផ្ទះ ដើម្បី​តាមដានសុខភាពបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បន្តទៀតថា បើទោះជាអាជ្ញាធរ​បានអំពាវនាវឱ្យ​ក្រុមកូដករបញ្ឈប់ការ​ធ្វើសកម្ម​ភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏មានកូដករ​មួយចំនួននៅបន្ត​ប្រមូលផ្ដុំនៅ​តាមបណ្ដោយ​​វិថី​សុធា​រស មុខ​សាកលវិទ្យាល័យបៀលប្រាយ ​ដោយល្មើសនឹងវិធានសុខាភិបាល ទើបអាជ្ញាធរបញ្ជូនពួកគេទាំង៣៩នាក់ ទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ព្រមទាំងសម្រេច​អនុ​វត្ត​វិធានការ​​ផាកពិន័យអន្តរការណ៍ ចាប់ពី១លានរៀលទៅ៥លានរៀល​ ស្រប​តាម​អនុ​ក្រឹត្យស្ដីពីវិធាន​ចត្តា​ឡី​ស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បី​ឱ្យមានការរាងចាល។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានអំពាវនាវទៅក្រុមកូដករណាហ្គាវើលដ៍ដទៃ​ទៀតឱ្យ​បញ្ឈប់​​សកម្មភាពប្រមូលផ្ដុំខុសច្បាប់ ផ្ទុយនឹង​វិធាន​សុខាភិ​បាល ទោះក្នុងរូបភាពណាក៏ដោយ ហើយ​​ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ក្នុងការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាសុខភាពសាធារណៈ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ បញ្ចៀសការកកស្ទះចរាចរណ៍ និង​រំខានដល់អាជីវកម្ម​និង​ការ​ងារ​របស់ពលរដ្ឋ​ដទៃ​ទៀត​។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ព្រំ ស្រីណាង បានលើកឡើងថា គាត់ត្រូវបានអាជ្ញាធរចាប់​បញ្ជូន​​​ខ្លួន​ពួកគាត់ចំនួន៣៩នាក់ទៅដាក់ចោលនៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ​ តាំង​ពីរសៀល​ថ្ងៃអង្គារ​ម្សិល​មិញ រហូតមកដល់ថ្ងៃពុធនេះ នៅ​មិនទាន់មានការ​​ដោះលែង​នៅ​ឡើយ។

កញ្ញាចាត់ទុកសកម្មភាពរបស់អាជ្ញាធរដែលធ្វើទៅលើពួកគាត់ថាជា​រឿង​អយុត្តិធម៌។

កញ្ញាបន្ត​ថា៖ «ទោះបីជាផាក ក៏ពួកខ្ញុំអត់បង់ដែរ ព្រោះអីពួកខ្ញុំអត់បានធ្វើអ្វីខុសច្បាប់ទេ ពួកខ្ញុំអត់ព្រម អត់សុខចិត្ត គេ[អាជ្ញាធរ]ចេញច្បាប់មកថាឱ្យផាកពិន័យពួកខ្ញុំ ព្រោះអីពួកខ្ញុំជាកូដករ គឺបាន​ធ្វើស្របច្បាប់ទាំងអស់ មុននឹងពួកខ្ញុំដើរដល់ដំណាក់កាលនេះ»។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ទៀត លោក ស៊ីណាត ម៉ាច បានឱ្យដឹងថា នៅរសៀល​​ថ្ងៃពុធ​នេះ សមត្ថ​​កិច្ច​​បាន​បន្តចាប់ខ្លួនក្រុមកូដករបន្ថែម២៩នាក់បន្ថែម​ទៀត នៅក្បែរស្ថានទូតរ៉ុស្ស៊ី បញ្ជូន​​ទៅ​មណ្ឌល​​ចត្តា​ឡី​ស័ក​ក្នុង​ខណ្ឌ​​ព្រែក​​ព្នៅ ខណៈពួកគេត្រៀមជួបជុំគ្នាក្បែរ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឱ្យមានដំណោះស្រាយវិវាទការ​ងារ​ និង​​​​ដោះលែង​ថ្នាក់ដឹក​នាំនិ​ង​​សមាជិក​សហជីពចំនួន​១១នាក់ដែលកំពុង​ជាប់ឃុំនៅពន្ធនាគារ។

អាជ្ញាធរមានសមត្ថកិច្ចដាក់របាំងផ្អាកចរាចរបណ្ដោះអាសន្ននៅម្ដុំស្ថានទូតរុស្ស៊ី ខណៈកូដករត្រៀមជួបជុំគ្នាក្បែរ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ទាមទារ​ឱ្យមានដំណោះស្រាយវិវាទការ​ងារ​ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
អាជ្ញាធរមានសមត្ថកិច្ចដាក់របាំងផ្អាកចរាចរបណ្ដោះអាសន្ននៅម្ដុំស្ថានទូតរុស្ស៊ី ខណៈកូដករត្រៀមជួបជុំគ្នាក្បែរ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ទាមទារ​ឱ្យមានដំណោះស្រាយវិវាទការ​ងារ​ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកបន្តថា ទោះបីជាអាជ្ញាធរចាប់ពួកគាត់ និងក្រុមកូដករផ្សេងទៀត រួចធ្វើការផាកពិន័យដូចការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដោយ ក៏ពួកគាត់មិនខ្លាចដែរ ពោលគឺ​នៅតែបន្តធ្វើកូដកម្មរ​ហូត​មានដំណោះស្រាយ។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំនៅតែតស៊ូទៅមុខទៀត ទោះមានការគំរាមពីអាជ្ញាធរ ឬមានការចាប់ខ្លួនអីក៏ដោយ គឺពួកខ្ញុំនៅតែដើរទៅមុខទៀត ព្រោះពួកខ្ញុំត្រឹមតែជាកូដករធម្មតា អត់មានធ្វើអ្វីខុសច្បាប់ទេ។ ពួកខ្ញុំគ្រាន់តែតវ៉ាដើម្បីឆ្នាំងបាយរបស់ពួកខ្ញុំទេ អត់មានធ្វើអ្វីប៉ះពាល់ដល់អ្នកណាទាំងអស់»។

លោក​ ឃុន ថារ៉ូ ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សង់​ត្រាល់) យល់ថា ក្រុមកូដករបានធ្វើកូដកម្ម​ដោយ​​​គោរពតាម​វិធាន​សុខាភិបាល​ត្រឹម​ត្រូវ ពោល​គឺ​មិន​បានធ្វើខុសច្បាប់​ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ។

លោកចាត់ទុកការចាប់ខ្លួនក្រុមកូដករជាបន្តបន្ទាប់ ហើយ​​បញ្ជូនទៅមណ្ឌលចត្តាឡីស័ក​ និងធ្វើការ​ពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ទៅ​លើ​ពួក​គេនោះ ថាជាការធ្វើទុក្ខបុកម្នេញ និងជាសារគំរាមកំហែងឱ្យ​ពួកគេ​បញ្ឈប់​សកម្ម​ភាពតវ៉ា។

លោកមានប្រសាសន៍ថា៖ «វាបង្ហាញរូបភាពមួយអាក្រក់ណាស់សម្រាប់រដ្ឋអំណាច អាជ្ញាធរដែលមានការអនុវត្តច្បាប់មានលក្ខណៈស្ដង់ដារពីរ ការប្រើប្រាស់នូវវិធានកូវីដ ហើយនិងការចោទប្រកាន់ ហើយនិងការពិន័យជាហូរហែនេះ»។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាជាគោលដៅមួយក្នុងការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កូដករ របស់បុគ្គលិកកម្មករនិយោជិត ដែលគាត់ព្យាយាមនៅក្នុងការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន ការធ្វើកូដកម្មដោយសន្តិវិធីជំរុញឱ្យមាននូវដំណោះស្រាយ។ អ៊ីចឹង​យើង​មើល​ឃើញថា ទម្រង់​បែបនេះ​ រាជរដ្ឋាភិបាល អាជ្ញាធរកំពុងតែប្រើប្រាស់ទៅក្នុងការទប់ស្កាត់នូវការជួបជុំ នូវការប្រមូលផ្ដុំ ការតវ៉ា ការទាមទារដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ»។

មន្ត្រីសង្គមស៊ីវិលរូបនោះបញ្ជាក់ថា បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់វិវាទជូនកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ទេ នោះបញ្ហាប្រឈមនៅតែបន្តកើតមាន និង​កាន់តែធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងម្ដងរួចមក​ហើយ​​ ដោយ​ហាម​ដាច់​ខាត មិន​ឱ្យមានការប្រមូលផ្ដុំធ្វើ​បាតុកម្ម​ខុស​ច្បាប់​របស់​​កូដករ​ណាហ្គាវើលដ៍ នៅក្នុ​ង​​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការ​មន​ទៀត​ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ការ​មិន​​អ​នុ​​ញ្ញាត​នេះ គឺ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ