កូដករ​ណាហ្គា​រិះគន់​ចំណាត់​ការ​សមត្ថកិច្ច​ដែល​ចាប់​ពួកគេ​យក​ទៅ​ទុកចោល​នៅ​សមាគម​មួយ​ក្នុង​ខណ្ឌព្រែកព្នៅ

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់ពួកគេដាក់ក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កូដកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ រិះគន់ចំណាត់ការ​សមត្ថកិច្ចដែល​​បាន​ចាប់ប​ញ្ជូន​ពួក​គេជិ​ត​៤០នាក់យកទៅ​ទុកចោល​នៅសមាគមមួយ​​ក្នុង​ខណ្ឌ​ព្រែក​​ព្នៅ រាជ​ធានី​ភ្នំ​ពេញ អស់​រយៈ​ពេល​មួយ​យប់​​មក​​ហើយ ដោយមិនបញ្ជាក់ពីមូល​ហេតុ និងមិន​ដោះលែងពួកគេឱ្យត្រលប់​ទៅផ្ទះ​វិញ​ទេ។

កូដករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់​វីអូឌី​នៅថ្ងៃពុធនេះថា កាលពីរសៀល​ថ្ងៃម្សិល​មិញ​ សមត្ថកិច្ច​ខ្លះស្លៀកឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល បានទាត់និងចាប់សែង​ក្រុមកូដ​ករចំនួន៣៩នាក់​បោះចូលរថយន្តក្រុង ដឹក​យក​ទៅដាក់​នៅ​សមា​គម​​នារី​​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ ក្នុងខណ្ឌ​ព្រែក​ព្នៅ ខណៈដែលពួកគេកំពុងឈរត្រៀមទៅធ្វើកូដកម្ម​នៅក្បែរក្រុមហ៊ុន ដើម្បី​ទាមទារ​ឱ្យមានដំណោះស្រាយវិវាទការ​ងារ​ និង​​​​ដោះលែង​ថ្នាក់ដឹក​នាំនិ​ង​​សមាជិក​សហជីពចំនួន​១១នាក់ដែលកំពុង​ជាប់ឃុំនៅពន្ធនាគារ។

កូដកររូបនោះបន្តថា ក្រោយពីសមត្ថកិច្ចបញ្ជូនក្រុមកូដករដល់សមាគម​នោះ​ រហូត​ដល់​ព្រឹកថ្ងៃពុធ​នេះ គ្រូពេទ្យនៅ​មិនទាន់ទៅធ្វើ​តេស្តរកវីរុស​​កូវីដ-១៩ឱ្យ​ពួកគេ​​នៅ​ឡើយ ដោយ​ទុក​ពួក​គាត់​ចោល​នៅទីនោះឱ្យ​សម្រាក​ហាលទឹកសន្សើម​អស់​មួយ​យប់​ទៅវិញ​។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអគ្គស្នងការ​រង និងជា​ស្នងការនគរបាល​រាជធានីភ្នំពេញ លោក ស ថេត និង​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោក សាន សុខសីហា បានទេ ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ។

កាលពីរសៀលថ្ងៃចន្ទ អំឡុងពេលដែលក្រុមកូដករណាហ្គាវើលដ៍ទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជា​ថ្មី​​​ទៀត​នៅ​ក្បែរ​ក្រុម​ហ៊ុន​ក្នុងខណ្ឌចំការមននោះ សមត្ថ​កិច្ច​​បាន​​ចាប់​​បង្ខំ​​កូដករ​៦៤នាក់ ឱ្យ​ឡើង​​​​រថយន្តក្រុង​ចំនួន២ ហើយ​ដឹក​ទៅ​កាន់មណ្ឌល​ចត្តាឡីស័កនៅ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បីធ្វើតេស្តរក​កូវីដ-១៩។ ក្រោយពី​ធ្វើ​តេស្ត​នោះ គ្រូពេទ្យ​បាន​រកឃើញកូដករ២នាក់មាន​វិជ្ជមានវីរុស​កូវីដ-១៩ ខណៈ៦២នាក់ទៀត​អវិជ្ជមាន ហើយ​​ត្រូវ​​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យត្រលប់ទៅផ្ទះវិញ ក្រោមលក្ខខណ្ឌបង្ខំឱ្យពួកគេធ្វើកិច្ចសន្យា បន្តអនុវ​ត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងបញ្ឈប់សកម្មភាពប្រមូលផ្ដុំធ្វើបាតុកម្មខុសច្បាប់។

នៅថ្ងៃអង្គារ​ម្សិលមិញ កូដករ​ណាហ្គាទាំងនោះក៏បាននាំគ្នាទៅប្រមូល​ផ្ដុំជាថ្មីទៀតនៅក្បែរក្រុម​ហ៊ុន ហើយ​ក៏ត្រូវសមត្ថកិច្ច​ចាប់​សែងនិងបញ្ជូន​ខ្លួន​ពួកគេទៅកាន់​​សមា​គម​​នារី​​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ជាថ្មីទៀត រហូត​មកដល់​ម៉ោងជាង១០ព្រឹកនេះ ដោយពុំទាន់មានចំណាត់ការ​ណាមួយ​លើពួកគេ​នៅឡើយ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយហាមដាច់ខាត មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំធ្វើ​បាតុកម្ម​ខុស​ច្បាប់របស់​កូដករ​ណាហ្គាវើលដ៍ នៅក្នុ​ង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការ​មន​ទៀត​ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការមិន​អ​នុ​ញ្ញាតនេះ គឺ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

អាជ្ញាធរក៏បាន​ព្រមាន​ដែរ​ថា ក្នុង​ករ​ណី​ក្រុមអ្នកតវ៉ារឹងរូសបន្តសកម្មភាពខុសច្បាប់ទៀតនោះ នឹងចាត់​វិធានការច្បាប់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ