នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២ថ្ងៃ​តប​តាម​សំណើ​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ថ្លែងក្នុងកម្មវិធីមួយ នាខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Ismail Sabri Yaakob)

នាយក​រដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ផាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប នឹង​ដឹកនាំ​គណៈប្រតិ​ភូ​មកបំពេញ​​​​​​​​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា រយៈ​ពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួង​​​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី​​២១ ខែ​កុម្ភៈ ឱ្យដឹងថា ដំណើរ​​​​​ទស្សនកិច្ច​នេះធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្រសួងបន្តថា ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច លោក ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងចូលថ្វាយ​បង្គំ​​គាល់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង ព្រម​ទាំងចូល​​ជួប​សម្ដែង​ការ​គួរ​សម​ចំពោះ​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន។

បើតាមក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹង​មាន​ជំនួប​ពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការ​ពារ​ជាតិ​និង​សន្តិសុខ និង​ការ​ស្ដារ​សង្គម-សេដ្ឋ​កិច្ច ឡើង​វិញ​ក្រោយ​វិបត្តិ​នៃជំ​ងឺ​កូវីដ-១៩។

ក្រសួងការបរទេសកម្ពុជា បន្តថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី​​ នឹងផ្លាស់​ប្ដូរទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរ​ជាតិ​នានា ដែល​ជាផលប្រយោជន៍ និងក្ដីបារម្ភរួមផងដែរ។

លោក ដាតុ ស៊ី អ៊ីស្មាអែល សាប៊្រី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញ​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម​សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រផង​ដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បន្ថែម​ថា ឆ្នាំ២០២២ ជាឆ្នាំរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍​ដ៏​មានសារៈសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់​ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស​ទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ