លោក សម រង្ស៊ី ថា​មិនបាន​និយាយ​រឿង​ផ្ទាល់ខ្លួន​របស់​គ្រួសារ​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ស្ថា​​បនិ​កគ​ណបក្សសង្គ្រោះ​ជាតិ​ដែ​ល​តុ​លាការ​រំ​លាយ លោក ​សម​ រ​ង្ស៊ី ​​ប​ដិ​សេ​ធថា ខ្លួន​​មិន​ធ្លាប់​និ​​យា​យ​រឿ​ង​ផ្ទា​ល់ខ្លួន​​នាយ​ករ​ដ្ឋមន្ត្រី ​និ​​ងក្រុមគ្រួសាររបស់គាត់​​​​ម្ដងណា​នោះទេ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនៅរាជធា​នី​ភ្នំ​ពេ​​ញ កាលពីថ្ងៃអង្គារម្សិលមិញ បានផ្ញើសារនយោបាយជា​ថ្មី​ទៀត​​លើ​យន្ត​ការបន្ត​​បិទ​ខ្ទប់​ការ​វិល​ត្រ​​លប់​មក​ប្រឡូក​ក្នុ​ង​​ឆាក​នយោ​បាយ​​វិញ​​របស់​​លោក សម រង្ស៊ី បើគ្មានការ«ប៉ះប៉ូវ»ណាមួយត្រូវបានធ្វើឡើង ​ដើ​ម្បី​​ស្ដារកិ​ត្តិ​យ​ស​គ្រួ​សារ​លោកទេនោះ។

លោកថា​​ ​​ការ​​ប្រមាថ​ភរិយា​​និង​កូនរបស់​លោក ដោយការប្រើពាក្យថាជាភរិយានិងជាកូន​មេដឹក​នាំ​វៀត​ណាមមួយរូប​​ ​នា​​ពេល​កន្លងមក​នោះ​ ជា​ការ​ឈឺចាប់មួយដែល​​មិន​​អាច​​​សន្ទ​​នា​នយោបាយ​​ឡើង​​វិញ​បាន​ទេ​។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​​ថា៖ ​«ខ្ញុំ​បា​នប្រាប់​មេដឹ​ក​នាំប្រ​ទេស​មួ​យ​ចំនួ​នថា​ ខ្ញុំអ​ត់​ទ​ទួលយកបានទេអាហ្នឹង រឿងចង់ទៅជាស្អីទៅៗ តែរឿងកន្លែងហ្នឹងមួយ បើអ្នកឯងមិនប៉ះប៉ូវឱ្យខ្ញុំ ទោះបីជាតិក្រោយចាំជាតិ​ ក៏ត្រូវតែប្រយុទ្ធគ្នានៅពេល​នោះ […] ខ្មែរក៏ដោយ បរទេសក៏ដោយ កុំនិយាយជាមួយខ្ញុំ ចលនា​ឱ្យខ្ញុំប​ង្រួបបង្រួម​ជាមួ​យអា​ក្រុមប្រ​មាថ​​ប្រពន្ធនិងកូនខ្ញុំឱ្យសោះ»។

ប៉ុន្មានម៉ោងក្រោយ លោក សម រង្ស៊ី បង្ហោះសារលើហ្វេសប៊ុករបស់លោកឆ្លើយតបថា លោកមិនដែលនិយាយពីរឿងផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ទេ។

លោកថា៖ «ខ្ញុំមិនដែលបានចាប់អារម្មណ៍ទាល់តែសោះ ហើយមិនដែលនិយាយម្ដង​ណាឡើយពីរឿងផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ តែលោក ហ៊ុន សែន នៅតែចោទប្រកាន់ដដែលៗមកលើ​រូបខ្ញុំ […] សូមលោក ហ៊ុន សែន បញ្ចេញភស្តុតាងមកថា ពេលណា នៅទីកន្លែងណា មាននរណាខ្លះជាសាក្សី ដែលបញ្ជាក់ថាខ្ញុំបានលើកឡើងពីពាក្យចចាមអារ៉ាមទាក់ទងនឹងរឿងផ្ទៃក្នុងក្រុមគ្រួសារគាត់»។ 

លោក សម រង្ស៊ី ចាត់ទុកការលើកឡើងរបស់​មេដឹកនាំបក្សកាន់អំណាច​ ថាជាលេស​ដើម្បីគេចចេញពីការរកដំ​​ណោះ​ស្រាយ​វិបត្តិនយោ​បាយ​នៅ​កម្ពុជាតាមសំណើសហគមន៍អន្តរជាតិ។

តែយ៉ាងណា នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់​គំនិត លោក​បណ្ឌិ​ត ​សេក សុ​ជាតិ​ ផ្តល់យោបល់ថា អ្នកនយោបាយខ្មែរគួរណាស់​ងាក​មកប​ង្កើតវប្បធម៌សន្ទនារក​ផល​ប្រយោជន៍​ជូ​ន​ជាតិ​ ​ប្រសើរជាង​​ប​ង្កើត​​​​យុ​​ទ្ធ​សាស្ត្រជា​ន់ព​ន្លិចគ្នាដែ​ល​នាំឱ្យ​កិត្តិ​យសជាតិ​​ធ្លាក់ចុះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ