តុលាការ​បន្ត​សួរដេញដោល​លើ​ភស្តុតាង​ដោះ​បន្ទុក​សហមេធាវី​ការពារក្ដី​ឱ្យ​លោក កឹម សុខា

សហមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើភស្តុតាងដោះ​បន្ទុ​ក​ជា​ថ្មី​​ទៀត នៅព្រឹកថ្ងៃ​​ពុធ​​សប្ដាហ៍នេះ ជុំវិញបទចោទ «សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ឬចង់ផ្ដួលរំលំរដ្ឋាភិបាល» ទៅលើ​​លោក កឹម សុខា ប្រធាន​គ​ណ​​បក្ស​​​​សង្រ្គោះជាតិដែលតុលាការរំលាយ ខណៈអង្គការ​​សង្គម​​ស៊ីវិលដែល​​ឃ្លាំ​​មើ​​លសវនាការ​នេះ លើកឡើងថា ការជំនុំ​​ជម្រះ​​​នេះ​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​តានតឹង និង​​យក​​​ត្រូវរៀងៗខ្លួន ទាំង​​ភាគី​​​តំណាង​​អយ្យ​​ការ និងសហ​​មេធាវី​​ការ​ពារ​ក្ដីឱ្យ​ជន​ត្រូវ​ចោទ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ លោក ផែង ហេង សហ​មេធាវី​ការ​ពារក្ដីរបស់លោក កឹម សុខា លើក​ឡើង​ថា ការ​សួរ​ដេញ​ដោល​​​​នៅ​ក្នុង​​អង្គ​​ជំនុំជម្រះ នា​ព្រឹកថ្ងៃពុធសប្ដាហ៍​​នេះ គឺ​តុលាការបានបញ្ចប់រួចហើយ ត្រឹម​វីដេអូឃ្លីបទី១៧។ ប៉ុន្តែ​លោកថា តុលាការ​បាន​​បន្តនីតិវិធីថ្មីទៀតទៅលើភស្តុតាងដោះបន្ទុកជាសំណុំឯកសារលេខរៀងទី​​២០វិញម្ដង។​​

បើតាម​លោក ផែង ហេង ភស្តុតាងដោះបន្ទុកដែលជាសំ​​ណុំ​​​​ឯកសារនេះ គឺគណបក្សសង្រ្គោះជាតិ បានលើកយកអំពីសេចក្ដីថ្លែងការណ៍មួយត្រង់មាត្រា១៦ថ្មី ស្ដីពីច្បាប់បោះឆ្នោត ដែលរកឃើញថា គ.ជ.ប អនុវត្តការងារមិនត្រឹមត្រូវទៅតាមនីតិវិធីនេះ។ លោកបន្តថា ឯកសារ​​ដែលពន្យល់​​​តុ​លា​ការ​នេះ​ទៀត​សោត ក៏ដូចគ្នាដែរទៅនឹងការរកឃើញ​របស់អង្គការតម្លាភាពកម្ពុជា អំពីភាព​​មិន​​​​ត្រឹម​ត្រូវ​របស់​ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ។

លោកបន្តថា៖ «មិនមែនតែគណបក្សសង្រ្គោះជាតិនោះទេដែលមើលឃើញនិងចាប់កំហុស​​ដំណើរ​​​ការ​នីតិវិធីហ្នឹងខុស ហើយលទ្ធផលបោះឆ្នោតហ្នឹង​​មិនប្រក្រតី គឺអង្គការតម្លាភាព​​កម្ពុជាក៏​​គេរក​ឃើញ​​​ដែរ។ អ៊ីចឹងហើយយើងចង់​បង្ហាញតុលាការថា យើង​តវ៉ានៅត្រឹមក្របខណ្ឌច្បាប់​​។ យើង​​មិន​​មែន​​ទៅសន្និដ្ឋិភាពជាមួយបរទេស ឬធ្វើបដិវត្តន៍​ពណ៍​ ដូច​ស្អី​ដែល​តំណាង​អយ្យការ​លើក​ឡើង ឬ​​​ក៏ដីកាដំណោះស្រាយបញ្ជូនរឿងមកជម្រះនោះទេ»។

លោក ផែង ហេង ឱ្យដឹងទៀត​​ថា នៅក្នុងអង្គជំនុំជម្រះ តំណាងអយ្យការ​ ទាំងលោក ប្លង់ សុផល និង​​​លោក ឆាយ ហុង បានព្យាយាមសួរដេញដោល​ទៅលើផ្នែកច្ចេកទេស​នៃកិច្ចការរបស់គ.ជ.ប​​។​ ប៉ុន្តែ​​​​ត្រូវ​បានបដិសេធម្ដងហើយម្ដងទៀតពីសហមេធាវីការពារក្ដីរបស់លោក កឹម សុខា។

​​តែយ៉ាងណា លោកថា​ លោកមិនស៊ីជម្រៅទៅលើផ្នែកបច្ចេកទេសនោះទេ អ្វីដែលសហ​​មេធាវី​​ដាក់​​ភស្តុ​​​តាង​​នេះគ្រាន់តែចង់បង្ហាញពីភាពត្រឹមត្រូវរបស់​កូនក្ដីរបស់ខ្លួន និងគណបក្សសង្រ្គោះ​​ជាតិ​តែ​ប៉ុណ្ណោះ​​។

វីអូឌី មិនអាចសុំការបញ្ជាក់​បានទេពីតំណាងអយ្យការ​​ លោក ប្លង់ សុផល និង​អ្នកនាំពាក្យ​​​សាលា​ដំបូង​រាជធានីភ្នំពេញ លោក អ៊ី រិន្ទ នៅថ្ងៃពុធនេះ។

យ៉ាង​នេះក្ដី សហមេធាវីការពារក្ដីឱ្យ​​លោក កឹម សុខា គឺលោក ផែង ហេង បញ្ជាក់ថា ភាគី​​តំ​ណា​​ង​​​អយ្យការបានព្យាយាមសួរផ្ចាញ់ផ្ចាល ខុសនីតិវិធី​ដែលអង្គសវនាការ​កំពុងដំណើរការនៅ​​ក្នុងអង្គ​​ជំនុំ​​​ជម្រះនេះ។

ប្រធានគណបក្សសង្រ្គោះជាតិ​ដែលតុលាការរំលាយ លោក កឹម សុខា ត្រូវបានអាជ្ញាធ​​រចាប់​​ខ្លួន​​ទាំងពាក់កណ្ដាលអធ្រាត្រ កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ពោលមុន​៣ខែដែល​​តុលា​​ការ​​​​កំ​​ពូល​បានរំលាយគណបក្សសង្គ្រោះជាតិ​​។ មេបក្សជំទាស់​រូប​នេះត្រូវរងការចោទប្រកាន់ពីបទ «សន្និដ្ឋិភាព​ជាមួយរដ្ឋបរទេស ឬចង់ផ្ដួលរំលំរដ្ឋាភិបាល »។

សំណុំរឿង​ព្រហ្មទណ្ឌមួយនេះបាន​រងការរិះគន់ពីសហគមន៍​ជាតិនិងអន្តរជាតិថា នេះ​ជាវិ​ធី​សាស្រ្ត​​​​​​របស់​​បក្ស​កាន់​អំណាច ដើម្បី​ឈាន​ទៅកម្ទេចបក្សប្រឆាំងនៅមុនការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ​តែ​​​​​ប៉ុណ្ណោះ។

បើទោះបែបណា ទាំងមន្រ្តីរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ធ្លាប់ថ្លែងការពារថា ការរំលាយ​​បក្ស​​ប្រ​​ឆាំង​​​​​នេះ គឺដើម្បីរក្សាសន្តិភាពសម្រាប់ពលរដ្ឋកម្ពុជារាប់លាននាក់។ ម្យ៉ាងវិញទៀត មានភស្តុតាង​​ដាក់​​​​បន្ទុកជាច្រើន រកឃើញថា គណបក្ស​​សង្រ្គោះ​ជាតិ ពិត​ជាបាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ចង់​​​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ជុំវិញសវនាការដែលប្រព្រឹត្តទៅនៅ​ព្រឹកថ្ងៃពុធសប្ដាហ៍នេះ លោក ស៊ឹង សែនករុណា មន្រ្តីស៊ើប​​អង្កេត​ជាន់​ខ្ពស់​នៃសមាគមការពារសិទ្ធិមនុស្ស​អាដ​ហុក ដែល​ឃ្លាំមើល​​​ការជំនុំជម្រះដោយ​ផ្ទាល់ ថ្លែង​​​ថា ក្នុង​នីតិវិធី​នៃការ​សួរ​ដេញ​ដោល ទាំងព្រះរាជអាជ្ញា និងសហមេធាវីការ​ពារក្ដីឱ្យ​​ជន​​ត្រូវចោទ ហាក់​​ប្រើ​​​ប្រាស់​​​តួនាទីនៅក្នុងការជំនុំជម្រះទៅជារឿងទំនាស់បុគ្គលទៅវិញ។ លោកបន្តថា ភាពតាន​តឹង​​​នេះ​​​​​​ក៏​​​បាន​​​​កើត​​ឡើងភ្លាមដែរ រវាងភាគីទាំងពីរ​​នៅ​​ក្នុង​​អង្គជំនុំជម្រះ ហើយពេលខ្លះ ការ​​ទាស់​​ពាក្យ​​សម្ដី​ដាក់គ្នា ដោយមិនបានឆ្លងការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាជំនុំជម្រះថែមទៀតផង។

លោកបន្តថា៖ «ជាគោលការណ៍សវនាការត្រូវស្ដាប់ចៅក្រមប្រឹក្សា ចៅក្រមប្រឹក្សាអនុញ្ញាត ចាំភាគីក្នុងការនិយាយឬលើកឡើងអំពីអ្វីដែលខ្លួនចង់និយាយ ឬក៏លើកដៃសិនចាំនិយាយ។ ប៉ុន្តែដោយសារមានភាពចម្រូងចម្រាសខ្លាំងហ្នឹង រហូតដល់មានការជជែកគ្នាដោយមិនទាំងបានស្ដាប់ចៅក្រមប្រឹក្សាអនុញ្ញាតផង នេះគឺជាកាយវិការមួយដែលយើងគិតថាមិនសមរម្យទេនៅក្នុងសវនាការ»។

នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា នេះ​​ តុលាការនឹង​​បន្ត​​​​​​​​​​សវនាការជាថ្មីទៀតនៅថ្ងៃទី​២ ខែមីនា។ តុលាការនឹង​​​បន្តស្ដាប់ការលើក​​ឡើងលើភស្តុតាង​​ជា​​ឯក​​​សារដោះបន្ទុកទៀត ពីភាគី​សហ​មេធាវី​ការ​ពារក្ដីឱ្យលោក កឹម សុខា។ ចំណែក​នៅខាងក្រៅបរិវេណ​តុ​លា​​ការឯណេះវិញ គេសង្កេតឃើញថា មានអ្នកគាំទ្រ​លោក កឹម សុខា តិច​តួច​ប៉ុណ្ណោះ ខណៈ​​កម្លាំង​​​សមត្ថកិច្ចក៏ត្រូវបានគេដាក់ពង្រាយក្នុងកម្រិតធម្មតាដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ