មន្ត្រីថា រដ្ឋាភិបាល​មិនខ្វះខាត​បរិមាណ​ឱសថ​ព្យាបាល​កូវីដ-១៩​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ប្រទេសទេ

ពលរដ្ឋចូលទិញឱសថនៅឱសថស្ថានមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហេង វិចិត្រ)

មន្ត្រីជាន់ខ្ពស់ក្រសួង​សុខាភិបាល អះអាង​ថា រដ្ឋាភិបាល​​មិន​ខ្វះប​រិមាណ​​ឱសថ​​​សម្រាប់ផ្គត់ផ្គង់​ការ​​ព្យាបាល​​ជំងឺ​កូវីដ​-១៩​ ខណៈ​មាន​​ពាក្យ​ចចាម​អារ៉ាម​ថា កម្ពុជាអាចនឹងដាច់ស្តុកឱសថព្យាបាលជំងឺ​កូវីដ-១៩ ដោយ​សារតែអត្រាអ្នកឆ្លងកើនឡើង និងពលរដ្ឋ​ខ្លះ​​សម្រុកទិញ​ទុក បើទោះមិនឆ្លងជំងឺនេះ។

អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ប្រាប់​វីអូឌីនៅថ្ងៃពុធនេះ​ថា ក្រុមការងារចំពោះកិច្ចសម្រាប់ការផ្គត់ផ្គង់ឱសថ​យុទ្ធសាស្ត្រ បានទទួលកា​រអ​នុញ្ញាតពីរដ្ឋាភិបាល​នៅក្នុងការបញ្ជាទិញឱសថសំខាន់ៗសម្រាប់ការព្យាបាលបន្ថែមទៀត។

លោកបន្ត​ថា៖ «ឱសថហ្នឹង គឺគេកំពុងតែធ្វើការបញ្ជាទិញ ហើយនឹងដឹកជញ្ជូនមកដល់​[កម្ពុជា] ក្នុងពេល​ខាង​ឆាប់ៗ។  [អ៊ីចឹង រដ្ឋាភិបាលមិនបារម្ភពីការខ្វះខាតបរិមាណឱសថ​ព្យាបាល​កូវីដ-១៩​សម្រាប់ផ្គត់​ផ្គង់​ទេ?] បាទ! គឺខ្ញុំគិតថាមិនខ្វះទេ ដោយ​សារ​ថាបងប្អូនប្រជាពលរដ្ឋយើងក៏មានការត្រៀមខ្លះ ហើយ​ក៏មានការត្រូវការហ្នឹងខ្លះ។ អ៊ីចឹង​ហើយ​កាលណាការត្រៀមលក្ខណៈហ្នឹង​វាមាន​ច្រើន អ៊ីចឹង​វា[គ្រាន់តែអាច]ធ្វើឱ្យខ្វះខាតទៅលើអ្នកត្រូវការភ្លាមៗ»។

លោក ហុក គឹមចេង បន្តថា រដ្ឋាភិបាលមានយន្តការនៃការចែកចាយ​ឱសថ​ព្យាបាលកូវីដ-១៩ តាមរយៈក្រសួងប្រៃសណីយ៍ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យ​ឱសថ​នៅលើទីផ្សារមាន​តម្លៃច្បាស់លាស់ និងចៀស​វាង​កុំឱ្យអ្នកលក់ឱសថដំឡើងថ្លៃតាមចិត្ត។

ពលរដ្ឋរស់នៅខេត្តតាកែវ កញ្ញា លី ឡៃហួយ បានលើកឡើងថា តម្លៃឱសថ​ព្យាបាលកូវីដ-១៩​លក់​នៅខាង​ក្រៅ ថ្លៃជាងតម្លៃលក់នៅ​ក្រសួងប្រៃសណីយ៍។ តែយ៉ាងណា កញ្ញាថា ឱសថនេះ​មិន​ពិបាក​រក​ទិញ​នៅតាម​ឱសថ​ស្ថានទេ។

កញ្ញា លី ឡៃហួយ ថា៖ « [តម្លៃក្រសួងប្រៃសណីយ៍ និងលក់នៅតាមហ្វាម៉ាស៊ី] អត់ដូចទេ! សម្រាប់ទិញតាមប្រៃសណីយ៍ វារាងយូរតិចហើយ យើងឈរតម្រង់ជួរអ៊ីចឹងណា តែតម្លែវាគឺ ៥៥ [ដុល្លារអាមេរិក] ស្តង់ដារហើយ។ តែសំខាន់អ្នកដែលគេចង់បានលឿន គេចំណាយទៅ។ តាមហ្វាម៉ាស៊ីមួយៗហ្នឹង បងជ្រែទៅ វា៧០ជាង ៦០ជាង [ដុល្លារ] អីហ្នឹង វាតាមប្រភេទថ្នាំគេ ឬតាមគេអ្នកលក់ ហាងឆេងរបស់ឈ្មួញគេមួយៗ អាហ្នឹងយើងអត់អាចថាម៉េចបានទេ។ អត់ពិបាករក[ទិញ]ទេនៅនេះ [ខេត្តតាកែវ] នៅហ្វាម៉ាស៊ីមាន [លក់]។ គ្រាន់តែខុសគ្នាត្រង់តម្លៃអ៊ីចឹង តែឥលូវម្នាក់ៗគាត់សុខចិត្តចំណាយហើយ សំខាន់កុំឱ្យវាលើសលួសច្រើនពេក»។

ប្រធាន​សមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី យល់ថា ឱសថសម្រាប់ព្យាបាលកូវីដ-១៩​នឹងមិន​ខ្វះខា​ត​ទេ ដោយ​សារមានក្រុមហ៊ុនធំៗនៅលើពិភពលោកបានផលិតជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជា​នឹងបញ្ជាការ​ទិញចូលដែរ។ យ៉ាងណា លោកថា អ្វីដែលលោកបារម្ភ គឺ​ជន​ក្រីក្រដែលគ្មានលទ្ធភាព​ទិញ​ឱសថ និងសម្ភារប្រើប្រាស់​​​ពាក់ព័ន្ធកូវីដ-១៩​ ដូចជា ឧបករណ៍តេស្តរហ័ស ជាដើម ដោយ​សារ​​វា​មានតម្លៃ​ថ្លៃ។

ករណីនេះ លោក​ជំរុញដល់​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា នាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ នាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច សហការគ្នាធ្វើយ៉ាង​ណា​ទប់​​ស្កាត់​ការដំឡើង​​ថ្លៃឱសថ និងសម្ភារពេទ្យ​តាម​​អំពើ​ចិត្ត​ពី​សំណាក់ក្រុមហ៊ុន និង​​អ្នក​លក់ឱសថ។

លោកថា៖ «ក្រសួងពាក់ព័ន្ធទាំងអស់ហ្នឹងគួរណាតែមានឆន្ទៈទាំងអស់គ្នា ត្រូវជួយប្រជាពលរដ្ឋយើង។ កុំគិតថា​ពេលនេះយើងយកចំណេញដើម្បីគ្រួសារ យើងមានបានរស់តែយើង យើងត្រូវចុះមើលទាំងអស់គ្នា។ សូម​ឱ្យមន្ត្រីៗពាក់ព័ន្ធហ្នឹងឱ្យគាត់ចុះជួយ ចុះមើល ហើយតាមដានកន្លែងហ្វាម៉ាស៊ី កន្លែងឱសថស្ថាន តើមាន​ឈ្មួញឆ្លៀតឱកាសប៉ុន្មានដែលគាត់បង្កប់នៅក្នុងហ្នឹង? អាហ្នឹងតែយើងរក ឃើញហើយ!»។

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ ក្នុងខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ ​នាព្រឹក​ថ្ងៃទី២២ ​ខែកុម្ភៈ​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានស្នើអ្នក​លក់ថ្នាំព្យាបាល​​ជំងឺកូវីដ-១៩​ កុំដំឡើងថ្លៃថ្នាំតាមចិត្ត។​ ក្នុងនោះ លោកបាន​បញ្ជា​ឱ្យក្រសួង​សុខាភិបាល​ពិនិត្យ​មើលនូវឱសថ​​ព្យាបាលជំងឺ​​កូវីដ-១៩នៅលើទីផ្សារ ដើម្បីចៀសវាង​បញ្ហា​ថ្នាំក្លែងក្លាយ​ដែលបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាពប្រជាពលរដ្ឋ​​។​

លោកថា៖ «សូមអំពាវនាវចំពោះអ្នកលក់ថ្នាំទាំងឡាយ យើងត្រូវបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ថ្នាំមកបន្ថែមទៀត។ ប៉ុន្តែសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុច២​យ៉ាងអំពីបញ្ហាថ្នាំព្យាបាលនោះ ទី១ តម្លៃថ្នាំ កុំបង្កើនទៅតាមចិត្តចង់ […] ទី២ ផ្នែកសុខាភិបាល ត្រូវតែពិនិត្យមើល​ថាថ្នាំ​ហ្នឹង វា​សុទ្ធឬមិនសុទ្ធ ព្រោះអា​ក្លែងក្លាយនេះវាកើត​ឡើងច្រើនណាស់ សូម្បីតែអាល់កុលក៏វាក្លែងក្លាយ អាជែលហ្នឹងក៏វាក្លែងក្លាយ ស្អីដាក់​មក​គឺវាក្លែងក្លាយទាំងអស់»។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង​មួយ​ដោយ​​​លើកឡើង​ថា ស្រប​ពេល​កំពុង​មានការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ក្នុងសហគមន៍ ក្រសួងបានពិនិត្យឃើញមានការ​ចែកចាយនិងផ្សព្វផ្សាយលក់ឱសថ​ប្រឆាំង​វីរុសកូវីដ-១៩ Molnupiravir មួយចំនួន ដូច​ជា MERIPIR 200mg, MERIPIR 400mg, MOLUZEN 800, MOLAZ, MOLUZIR ជាដើម ដែលពុំមានលេខ​ទិដ្ឋាការ ឬបញ្ជិកាពីក្រសួងឡើយ​​ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈនេះ។

ក្រសួង​បាន​អំពាវនាវឱ្យពលរដ្ឋពិនិត្យមើលលតាបត្រ​បញ្ជិកា​ដែល​មាន​បិទ​លើសំបក​វេច​ខ្ចប់មុន​នឹង​ទិញឱសថគ្រប់ប្រភេទ ខណៈលតាបត្រដែ​លត្រឹ​មត្រូវ គឺមាន២ផ្នែក ក្នុងនោះផ្នែកខាងលើមានឈ្មោះគ្រឹះ​ស្ថាន​អាហរ័ណនីហរ៍ណឱសថ ចំណែកផ្នែកខាងក្រោមមានលេខបញ្ជិកា។

ក្រសួងសុខាភិបាលបានប្រាប់ដល់​​ពលរដ្ឋទាំងអស់ឈប់ទិញនិងប្រើប្រាស់ឱសថ Molnupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាទៀត ពីព្រោះឱសថទាំងនេះ​មិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្ដាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ករណីនេះ ក្រសួង​ក៏បាន​ព្រមាន​ចាត់​វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់​ចំពោះជនណាដែល​នៅតែ​​បន្ត​នាំ​ចូល ​​​​​ចែក​ចាយ និងផ្សព្វ​ផ្សាយលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀត ទៅ​តាមច្បាប់​ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ