ក្រសួងមហាផ្ទៃ នឹងរៀបចំសេចក្ដីព្រាងស្ដីពីការគ្រប់គ្រងសណ្ដាប់ធ្នាប់បុរីនិងខុនដូ ដើម្បីទប់ស្កាត់ការលាក់ទុកនិងចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅក្នុងទីតាំងទាំងនោះ។
ក្នុងពិធីបូកសរុបលទ្ធផលការងារនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា តាមការវាយតម្លៃជាទូទៅ និងនិន្នាការផលិត ការចរាចរគ្រឿងញៀនខុសច្បាប់ជាសកលឃើញថា ករណីគ្រឿងញៀនកាន់តែមានការកើនឡើង ហើយបានជះឥទ្ធិពលទៅលើប្រទេសក្នុងតំបន់ ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរ។
លោកថ្លែងបញ្ជាក់ថា កន្លងមក កម្លាំងជំនាញបានបង្រ្កាបនិងប្រមូលគ្រឿងញៀននៅក្នុងទីតាំងសំខាន់ៗ រួមមាន ផ្ទះក្នុងបុរី ខុនដូ និងអាផាតមិន (Apartment) ជាដើម ដែលក្រុមឧក្រិដ្ឋជនបានយកទៅលាក់ទុកសម្រាប់ជួញដូរនៅកម្ពុជា។ ករណីនេះ លោកថា ក្រសួងនឹងរៀបចំបង្កើតសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងទីតាំងទាំងនោះ ទើបអាចទប់ស្កាត់ការរក្សាទុកនិងចែកចាយគ្រឿងញៀនបានប្រសិទ្ធភាពខ្ពស់។
លោកថ្លែងថា៖ «យើងក៏ត្រូវជំរុញការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការស្នាក់នៅក្នុងបុរី អគារខុនដូរ និង Apartment ដើម្បីបង្កើនការគ្រប់គ្រង ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមទីតាំងទាំងនោះ»។
បន្ថែមពីនេះ លោក ស ខេង សង្កេតឃើញថា កន្លងមកនេះ ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្ដូររូបភាពនៃសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងបរិបទសម័យបច្ចេកវិទ្យា។ ករណីនេះ លោកជំរុញទៅមន្ត្រីជំនាញនៅស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង លើកកម្ពស់ និងបង្កើនសមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ឱ្យទាន់ពេលវេលា ដើម្បីឈានទៅរកការកាត់ផ្ដាច់ចរន្តគ្រឿងញៀនផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់ លោក ស ខេង ប្រាប់ទៅកងកម្លាំងនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចៀសឱ្យឆ្ងាយពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នោះទើបអាចរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀននេះមានប្រសិទ្ធភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលមិនចាំបាច់បង្កើតអនុក្រឹត្យគ្រប់គ្រងខុនដូនិងបុរីនោះទេ ពីព្រោះកម្ពុជាមានច្បាប់សម្រាប់អនុវត្តទៅលើជនល្មើសគ្រឿងញៀនរួចហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាអត់មានអ្វីចម្លែកទេ យើងយកច្បាប់មកអនុវត្តបានដូចតែគ្នា ទោះបីជាបុរីនិងខុនដូក៏ស្ថិតនៅក្នុងភូមិមួយរបស់រាជធានី ក្រុង ស្រុក ខណ្ឌ ភូមិ សង្កាត់ ហើយក្រុមដូចតែគ្នា។ អ៊ីចឹង មានអ្វីដែលត្រូវពិបាកអនុវត្តច្បាប់»។
លោកបន្ថែមថា៖ «ចំពោះខ្ញុំ មិនលើកទឹកចិត្តឱ្យមានការបង្កើតអនុក្រឹត្យដែលធ្វើឱ្យពិបាកយល់ ដែលសាំញ៉ាំ ហើយធ្វើឱ្យមានចម្ងល់ពីសាធារណជនទៅវិញទេ ថាខុនដូ និងបុរី វាខុសអ្វីពីភូមិដ្ឋានរបស់ប្រជាជនធម្មតា វាលក្ខណៈពិសេសម៉េច? ឬទាល់តែមានអនុក្រឹត្យបានអនុវត្តបាន? អត់អនុក្រឹត្យយកច្បាប់មកអនុវត្តទៅលើពួកគាត់មិនបាន? ចំណុចនេះ ខ្ញុំមិនយល់ស្របចំពោះការបង្កើតអនុក្រឹត្យដើម្បីយកទៅគ្រប់គ្រងទេ»។
របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា ការបង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២១ រឹបអូសបានគ្រឿងញៀនជាង៨០តោន និងម៉ាស៊ីនផលិតកែច្នៃគ្រឿងញៀនទំនើបៗជាច្រើនគ្រឿងទៀត។ ចំណែកនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចជំនាញក៏បានបង្ក្រាបករណីនាំចូលសារធាតុញៀនចំនួនជាង១០០តោនចូលកម្ពុជាផងដែរ ៕