លោក ​ពូទីន៖ រុស្ស៊ី​បើក​ទូលាយ​ចំពោះ​ដំណោះស្រាយ​ការទូត​ទាក់ទង​នឹង​វិបត្តិ​ជាមួយ​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ហ្វេសប៊ុក៖ Vladimir Putin)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញ​ថា រុស្ស៊ី​​​តែង​​​តែ​បើក​​ចំហ​ចំពោះដំណោះស្រាយ​​ការ​ទូត ប៉ុន្តែ​ក្នុង​​លក្ខខណ្ឌគិត​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់ខ្លួន​​ជាធំ ហើយនឹង​បន្តពង្រឹងវិស័យយោធារបស់ខ្លួន ដើម្បីប្រឈមមុខនឹងអ្វីដែលលោកហៅថាជាស្ថានភាពអន្តរជាតិដ៏លំបាកមួយ។

ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះមិនបានលើកឡើងអំពីករណីដែលប្រទេស​លោកខា​ង​លិចសម្រេច​ដាក់​ទណ្ឌកម្មលើប្រទេសរបស់ខ្លួន បន្ទាប់ពីលោកទទួលស្គាល់តំបន់​ផ្ដាច់​ខ្លួន​ចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន​ជា​រដ្ឋ​ឯករាជ្យនោះទេ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក ​វ្លាឌីមៀរ ពូទីន ដែលបានថ្លែងជាសារទៅកាន់​លោក​ខាង​លិច​ថា៖ «ប្រទេសរបស់យើងតែងតែបើកចំហជានិច្ចសម្រាប់ការសន្ទនាដោយផ្ទាល់និងស្មោះត្រង់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហាដ៏ស្មុគស្មាញបំផុតនេះ»។

ប្រធានាធិបតីដដែលនេះបន្ថែម​ថា៖ «ប៉ុន្តែខ្ញុំចង់ធ្វើការបញ្ជាក់សាជាថ្មីម្ដងទៀតថា ផលប្រយោជន៍រប​ស់រុស្ស៊ី និងសន្តិសុខរបស់ប្រជាជនរបស់យើង គឺជាអាទិភាពដ៏សំខាន់។ ដូច្នេះហើយ យើងនឹងបន្តពង្រឹង និងធ្វើទំនើបកម្មវិស័យកងទ័ពរបស់យើង»។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ​ បាន​ចាប់ផ្ដើម​ឡើង​​កម្ដៅខ្លាំ​ង ខណៈ​រុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន​តាមរយៈចលនា​ទ័ពរបស់ខ្លួននៅ​ក្បែរព្រំដែនរបស់ប្រទេសមួយនេះ។

ទោះជាយ៉ាងណា រុស្ស៊ី​ កាលពីពេលកន្លងទៅ​ ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយលើអ៊ុយក្រែន ខណៈដែលពួកគេបានលើកឡើងថា កងទ័ពទាំងឡាយរបស់ពួកគេ គឺមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ