រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ថា​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​ប្រទេស​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ

លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ (ធ្វីតទ័រ៖ Dmytro Kuleba)

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឱ្យដឹងតាមរយៈបណ្ដាញសង្គម​​ធ្វីត​ធ័រ​ (Twitter) នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីបានបើកការឈ្លានពានយ៉ាងពេញទំហឹង​លើប្រទេស​របស់​ខ្លួន​ហើយ ដោយពួកគេកំពុងតែកំណត់គោលដៅទៅកាន់ទីក្រុងនានា​ជាមួយនឹងការវាយប្រហារដោយអាវុធ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយក៏បានរាយការណ៍ពីការវាយប្រហារដោយគ្រាប់​រ៉ុក្កែតលើមូលដ្ឋានយោធានានានៅទូទាំងប្រទេសអ៊ុយក្រែនផងដែរ ខណៈដែលទាហានរុស្ស៊ីបានចូលទៅកាន់ភាគខាងត្បូងនៃទីក្រុង Odessa និង Mariupol។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដែលបានថ្លែងថា៖ «លោក ពូទីន [ប្រធានាធិបតីរុស្ស៊ី] បានចាប់ផ្ដើម​បើក​ការ​ឈ្លានពាន​មួយលើអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំហើយ ខណៈដែលទីក្រុង​​នានារបស់ប្រទេសនេះ បច្ចុប្បន្នកំពុងតែ​ស្ថិតនៅ​ក្រោម​ការ​វាយ​ប្រហារ»។

លោក Dmytro Kuleba​ បន្ថែមថា៖ «នេះគឺជាសង្រ្គាមនៃការឈ្លានពានមួយ។ អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងទទួលបានជ័យជម្នះលើករណីនេះ។ ពិភពលោកអាចនឹងត្រូវតែបញ្ឈប់លោក ពូទីន។ វាគឺជាពេលវេលាក្នុងការធ្វើសកម្មភាពនាពេលឥលូវនេះ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន​ ក្នុងរយៈពេលចុងក្រោយនេះ​ បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែនតាមរយៈចលនា​ទ័ពរបស់ខ្លួននៅក្បែរព្រំដែនរបស់ប្រទេសមួយនេះ។

ទាក់ទិននឹងករណីនេះ បណ្តាប្រទេសលោកខាងលិចមួយចំនួនក៏បានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ ពោលគឺបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានប្រកាសទទួលស្គាល់តំបន់​ផ្តាច់​ខ្លួន​ចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនជា​រដ្ឋ​ឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ