សហភាពអឺរ៉ុប​ថា​លោក ពូទីន នឹង​បរាជ័យ ខណៈ​ដែល​ខ្លួន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។ (ធ្វីតទ័រ៖ Ursula von der Leyen)

មេដឹកនាំកំពូលនានារបស់សហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលបរាជ័យ ខណៈដែលពួកគេបានអនុម័តលើការដាក់ទណ្ឌកម្មថ្មីៗជាបន្តបន្ទាប់ចំពោះ​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​របស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​​ កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍​ បន្ទាប់​​​ពីមា​ន​​ការ​​ប្រកាស​​សង្រ្គាម​​មួយ​ដោយ​ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សរាប់សិបនាក់ក៏ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតផងដែរ។

ទាក់ទិននឹងករណី​នេះ មេដឹកនាំនានា​នៃសហភាពមួយនេះក៏បានយល់ព្រមជាគោលការណ៍នៅក្នុង​កិច្ចប្រជុំកំពូលបន្ទាន់មួយ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត ដោយចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ក្នុងការចាត់វិធានការនានាលើរុស្ស៊ី។

ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏នឹងបង្កកទ្រព្យសម្បត្តិរុស្ស៊ីនៅក្នុងប្លុករបស់ខ្លួន និងបញ្ឈប់ការចូលដំណើរការ​ធនាគារ​របស់ប្រទេសមួយនេះទៅកាន់ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបផងដែរ ខណៈ​ដែលសកម្ម​ភាព​នេះ​ត្រូវបានចាត់ទុកដោយប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell ថាជាកញ្ចប់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានពីមុនមក។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen ដែលបានឱ្យដឹងតាមរយៈបណ្ដាញសង្គម​ ​ធ្វីតទ័រ​ (Twitter) ផងដែរថា៖ «កញ្ចប់ទណ្ឌកម្មនេះ រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដោយកំណត់គោលដៅដល់៧០​ភាគរយ​នៃ​ទីផ្សារ​ធនាគារ​រុស្ស៊ី និងក្រុមហ៊ុនរដ្ឋសំខាន់ៗផ្សេងទៀត»។

ប្រធាន​គណៈកម្មការ​អឺរ៉ុបដដែល​នេះបន្ត​ថា ទណ្ឌកម្មដែលកំណត់នូវការចូលរបស់រុស្ស៊ីទៅកាន់ទីផ្សារហិរញ្ញវត្ថុនេះ ក៏នឹងបង្កើនប្រាក់កម្ចីរបស់រុស្ស៊ី និងអតិផរណាសម្រាប់ពួកគេផងដែរ។

លោកស្រី Ursula Von der Leyen ក៏បានបន្ថែមឱ្យដឹងទៀតថា ការទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យប្រេងរបស់ប្រទេសនេះ ដោយបញ្ឈប់ការ​ទទួល​បានសម្ភារដែល​ខ្លួន​ត្រូវការចាំបាច់ពីសហភាពអឺរ៉ុ​ប​សម្រាប់រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន ហើយករណីនេះនឹង​បង្ក​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​ចំណូល​ពី​ការ​ចម្រាញ់​ប្រេង​របស់​ប្រទេស​រុ​ស្ស៊ី។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ​ បាន​ចាប់ផ្តើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន​តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ