ពលរដ្ឋ​៨០គ្រួសារ​នៅ​ជាប់​បឹងតាមោក​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​រំលោភ​យកដី​របស់​ពួកគេ

ពលរដ្ឋដែលអះអាងថាមានបញ្ហាដីធ្លីនៅតំបន់បឹងតាមោក មកតវ៉ាការចាក់ដីលុបចំដីជាកម្មសិទ្ធិរបស់ពួកគេ។ (ផ្ដល់ឱ្យ)

ពលរដ្ឋ៨០គ្រួសារនៅជាប់បឹងតាមោក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ចោទ​​​ក្រុមហ៊ុន​ឯកជនមួយ​ថា​បានប្រើប្រាស់គ្រឿងចក្រនិងរថយន្ត​ចាក់ដីរំលោភយក​ដីធ្លីរបស់ពួកគេ។

លោក ជ័រ សារិន ដែលអះអាងថា​ជាតំណាងប្រជាពលរដ្ឋ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ដី៧៩ហិកតា​របស់អ្នក​ភូមិ​៨០គ្រួសារ ដែលនៅ​ជាប់បឹងកប់​ស្រូវ ឬបឹងតាមោក ស្ថិតក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ត្រូវ​បានក្រុម​ហ៊ុន​ឯកជនមួយដែលមិនស្គាល់ឈ្មោះ បាន​ធ្វើសកម្មភាពដឹក​ដីចាក់លុប​យក​ធ្វើ​កម្ម​សិទ្ធិ តាំង​ពី​ចុង​ឆ្នាំ២០២១ ដោយមិនបានដោះស្រាយផលប៉ះពាល់។ លោកបន្តថា កន្លងមក ពួកគាត់​​បានរក​កិច្ច​អន្តរាគមន៍​ពីអាជ្ញាធរ​​ឱ្យ​​ជួយដោះ​ស្រាយដែរ​ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់​មាន​ចំណាត់ការណាមួយនៅឡើយ។

លោក​​អះអាងថា ដីនោះ​ ពួក​គាត់​បាន​ចូល​កាន់​កាប់និង​អាស្រ័យផល​ធ្វើ​ស្រែប្រាំង ដាំ​ឈូក និងបន្លែបង្ការផ្សេងៗ​ចាប់​តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្ប​ន្ន។ លោកឱ្យដឹងថា គ្រួសារលោកមានដីទំហំជាង​១០ហិកតា សម្រាប់បែងចែកឱ្យកូនៗ៩នាក់សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។

លោកបន្ថែមថា៖ «ឥលូវមិនដឹង​ជាក្រុមហ៊ុនមកពីណាទេ បានចាក់ដីលុបដីរបស់​យើង គ្រាន់​តែ​ប្រជាជនគាត់​ជិះម៉ូតូចូល គេហាមឃាត់មិនឱ្យចូលផងហ្នឹង។ អ៊ីចឹង​ខ្ញុំសូម​អំពាវ​នាវ​ដល់​សម្ដេច ហ៊ុន សែន ឱ្យ​គាត់​​ជួយ​ដោះ​ស្រាយ​ជូន​ពួក​ខ្ញុំ​ផង។ បើ​ក្រុមហ៊ុនចង់បានដីពួកខ្ញុំហើយ សុំជួយដោះស្រាយជាគោលនយោ​បាយ​ដល់​ពួក​ខ្ញុំ​ផង បើ​មិន​អ៊ីចឹង​ពួកខ្ញុំទាមទារ​យក​ដី​ខ្ញុំមកវិញហើយ ដើម្បីសង់លំនៅឋាន​ ព្រោះក្រុមហ៊ុនបាន​ចាក់ដីពេញហើយ»

ពលរដ្ឋម្នាក់ទៀត​​រស់នៅភូមិកប់ស្រូវធំ លោក អៀវ ចំរើន និយាយ​ថា ដី​ប្រហែល៤០អារបស់​គ្រួសារ​លោកត្រូវបានក្រុមហ៊ុនចាក់លុបជាបណ្ដើរៗហើយ និង​ពុំទាន់មានការដោះស្រាយសំណងផលប៉ះពាល់ឡើយ។ លោកថា ដីនោះ គ្រួសារលោកបានធ្វើកសិកម្មដោយដាំបន្លែផ្សេងៗនៅរដូវទឹកស្រក។

លោក ចំរើន បន្ត​​​ថា គ្រួសារ​លោក និ​ង​ពលរដ្ឋភាគច្រើននៅក្នុង​ភូមិកប់ស្រូវ ពុំមានមុខ​របរ​អ្វីផ្សេងក្រៅពីនេសាទ​ត្រី និងធ្វើកសិកម្មដាំ​បន្លែបង្ការផ្សេងៗ​សម្រាប់​ចិញ្ចឹម​ជីវិ​តនោះទេ​។ លោកថា ប្រសិនបើដីនោះត្រូវបាន​ក្រុមហ៊ុនរំលោភយកអស់ និង​ធ្វើឱ្យប៉ះពាល់​ជីវភាព​រស់នៅរបស់​ពួក​គាត់ ដោយ​សារតែការបាត់បង់មុខរបរ និងគ្មានដីសម្រាប់បង្កបង្កើនផល។

លោកបន្ថែមថា៖ «បើច្បាប់អត់រកដំណោះស្រាយ រកយុត្តិធម៌ឱ្យ មានតែនៅនាំគ្នាតវ៉ាទៀតទៅ។ ហើយការតវ៉ា វាប៉ះពារ​គ្នាហើយ បើមិនអ៊ីចឹង​ម៉េច​ឮដល់សម្ដេច។ សម្ដេចគាត់ថាហើយ ដីដែលប្រជាពលរដ្ឋអាស្រ័យផល ត្រូវដោះស្រាយឱ្យប្រជាពលរដ្ឋ។ ឥលូវក្រុមហ៊ុនចាក់លុបជិតអស់ហើយ ម៉េច​​អត់ឃើញដោះស្រាយជូន​ពលរដ្ឋ ឃើញតែដោះស្រាយជូនបក្ខពួកគេ»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋបានចូលទៅអាស្រ័យផលយូរឆ្នាំ ដូចការអះអាងមែននោះ គឺរដ្ឋត្រូវតែដោះស្រាយសំណងណាមួយជូនពលរដ្ឋ ដើម្បីធានាពីសិទ្ធិទទួលបានជីវភាពសមរម្យរបស់ពួកគេ។
លោកបន្ថែមថា៖ «ព្រោះយើងបានសន្យាជាមួយអង្គការសហប្រជាជាតិ និងកិច្ចសន្យាជាមួយប្រជាពលរដ្ឋតាមរយៈរដ្ឋធម្មនុញ្ញហ្នឹង ដោយយើងបានធានាឱ្យប្រជាពលរដ្ឋហ្នឹងមានជីវភាពសមរម្យ តែផ្ទុយទៅវិញពេលដែលពួកគាត់អាស្រ័យផលលើបឹងធម្មជាតិរបស់រដ្ឋអីចឹង ហើយពេលរដ្ឋត្រូវការយកវិញ បែរជាបោះបង់ពលរដ្ឋចោល អាហ្នឹងវាគឺជាការរំលោភទៅលើកិច្ចសន្យាហ្នឹង អីចឹងមានន័យថា វាក៏បានរំលោភទៅលើសិទ្ធិមនុស្សដែរ»។

ចៅសង្កាត់គោករកា លោក សន ស៊ីន អះអាងថា តំបន់ដី​ដែលកំពុងរងការចាក់លុប​នោះ គឺជាដី​របស់​រដ្ឋ ដែល​រដ្ឋាភិបាល​បានចេញអនុក្រឹត្យ​​ផ្ដល់​ជូន​ទៅ​ក្រសួង​មួយ​ចំនួន ដើម្បីសាងសង់និងអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ។ លោកថា សកម្មភាពចាក់លុបបច្ចុប្បន្ននេះ មិនមែន​ជាក្រុមហ៊ុនឯក​ជន​នោះទេ គឺរដ្ឋជាអ្នកចាក់​លុប។

ចៅសង្កាត់រូបនេះ​បន្តថា ការផ្ដល់សំណង ឬផ្ដល់ជាគោលនយោបាយយ៉ាងណាទៅឱ្យពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់នោះ គឺលោកមិនដឹងនោះទេ។

លោកបន្ថែមថា៖ «រដ្ឋាភិបាលបានចេញ ស.ជ.ណ ផ្ដល់ដីហ្នឹងទៅឱ្យក្រសួងនីមួយៗ​ ដូចជា ក្រសួងការពារជាតិ អគ្គស្នងការ និងក្រសួងសុខាភិបាលជាដើមហ្នឹង។ ពេលចាក់ដីរួច គេបែងចែកទៅក្រសួងប៉ុន្មានហិកតា​​ម្នាក់​ ដើម្បីអភិវឌ្ឍធ្វើអីអ៊ីចឹងទៅ។ អាហ្នឹងវាស្ថិតនៅគណៈរដ្ឋមន្ត្រីទាំង​អស់ មិនស្ថិតនៅលើខ្ញុំទេ។ ខ្ញុំគ្រាន់​តែជាអាជ្ញាធរមូលដ្ឋាន។ ការចាក់លុបហ្នឹងមិនមែនជាក្រុមហ៊ុនទិញលក់ទេ»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋបានចូលទៅអាស្រ័យផលយូរឆ្នាំ ដូចការអះអាងមែននោះ គឺរដ្ឋត្រូវតែដោះស្រាយសំណងណាមួយជូនពលរដ្ឋ ដើម្បីធានាពីសិទ្ធិទទួលបានជីវភាពសមរម្យរបស់ពួកគេ។

លោកបន្ថែមថា៖ «ព្រោះយើងបានសន្យាជាមួយអង្គការសហប្រជាជាតិ និងកិច្ចសន្យាជាមួយប្រជាពលរដ្ឋតាមរយៈរដ្ឋធម្មនុញ្ញហ្នឹង ដោយយើងបានធានាឱ្យប្រជាពលរដ្ឋហ្នឹងមានជីវភាពសមរម្យ តែផ្ទុយទៅវិញ ពេលដែលពួកគាត់អាស្រ័យផលលើបឹងធម្មជាតិរបស់រដ្ឋអ៊ីចឹង ហើយពេលរដ្ឋត្រូវការយកវិញ បែរជាបោះបង់ពលរដ្ឋចោល អាហ្នឹងវាគឺជាការរំលោភទៅលើកិច្ចសន្យាហ្នឹង អ៊ីចឹងមានន័យថា វាក៏បានរំលោភទៅលើសិទ្ធិមនុស្សដែរ»។

ផ្ទៃ​បឹងតាមោក ឬ​បឹងកប់ស្រូវមានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​បឹ​ងនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួន ដែលគេដឹងថា ជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ