កសិករ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃ​វត្ថុធាតុដើម​ចិញ្ចឹមជ្រូក ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​​ជ្រូក​នាំចូល

កសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកភូមិម្នាក់ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាព៖ ហួត វុទ្ធី

កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួនស្នើ​​​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃវត្ថុធាតុ​ដើម​ចិញ្ចឹម​ជ្រូក​ ដូចជា ពូជ ចំណី ថ្លៃទឹក និងភ្លើង ជាដើម ដើម្បី​ឱ្យពួកគេ​មាន​លទ្ធភាពចិញ្ចឹម និងអាចប្រកួតប្រជែងជាមួយ​តម្លៃជ្រូកនាំចូលពីក្រៅប្រទេសបាន។

កសិករចិញ្ចឹមជ្រូកនៅខេត្តពោធិ៍សាត់ លោក ស៊្រុន តារាពង្ស លើកឡើងថា នៅកម្ពុជា​ កសិករចិញ្ចឹមជ្រូកជួបបញ្ហាច្រើន ដូចជា វត្ថុធាតុដើមមានតម្លៃថ្លៃគ្រប់មុខ ជំនាញ​ចិញ្ចឹម​ជ្រូកនៅមានកម្រិត​ និង​មាន​ហានិភ័យ​នៃបំណុល ខណៈ​រដ្ឋាភិបាលពុំទាន់មានយន្តការច្បាស់លាស់​ ក្នុងការពង្រឹងបច្ចេកទេសចិញ្ចឹមដល់កសិករក្នុងស្រុកនៅឡើយ។

លោកបន្ថែមថា ការដែលប្រមុខរដ្ឋាភិបាលទាមទារឱ្យមានការដាក់ដេញថ្លៃនាំចូលជ្រូករស់​ដើម្បីបញ្ចៀស​អតិផរណា ដោយពុំបានថ្លឹងថ្លែងពីការលើកទឹកចិត្ត​កសិករក្នុងស្រុកឱ្យមានជំហរមាំទាំជាមុននោះ​ កំពុង​ធ្វើឱ្យកសិករក្នុងស្រុកប្រឈមនឹងការខាតបង់និងដួលរលំ។

លោកថា បើរដ្ឋាភិបាលមិនបានជួយសម្រួលថ្លៃវត្ថុធាតុដើម ដូចជា ពូជ ចំណី និងថ្លៃទឹក​​ថ្លៃ​ភ្លើង ព្រម​ទាំង​​មិន​បាន​គាំទ្រ​បច្ចេកទេសដល់កសិករ ហើយបើកឱ្យមានការនាំចូលជ្រូកពីបរទេស​ចូល​មក​ទីផ្សារកម្ពុជា​លឿន​ទៀត​នោះ នឹងធ្វើ​ឱ្យ​កសិករក្នុងស្រុកអស់​សង្ឃឹមក្នុងការចិញ្ចឹមបន្តទៀតជា​មិន​ខាន។

លោកថា៖ «និយាយរួមទៅ ថ្លៃដើមផលិតនៅប្រទេសគេហ្នឹង គឺថោកណាស់ ថោកជាងយើងសឹងតែពីរទៅបីដង។ អ៊ឹចឹងបើសិនជាគេនាំចូល គឺច្បាស់ណាស់ថាយើងប្រកួតប្រជែងអត់ឈ្នះជាមួយប្រទេសជិតខាង។ ទោះជានាំចូលពីប្រទេសណាក៏ដោយ ក៏យើងនៅតែពិបាកនឹងការប្រកួតប្រជែង ពីព្រោះអី? ថ្លៃដើម​ផលិតរបស់កសិករ គឺថ្លៃៗតាំងពីពូជ តាំងពីកូនជ្រូក តាំងពីចំណី តាំងពីភ្លើងអគ្គិសនី»។

កសិករចិញ្ចឹមសត្វ​ជ្រូក​នៅខេត្តកំពង់ឆ្នាំង លោក សួង វាសនា ដែលបានប្រកបរបរនេះរយៈពេល​៧ឆ្នាំ​មក​ហើយ បាន​និយាយថា កសិករចិញ្ចឹមជ្រូកក្នុងស្រុក ពិបាកនឹងប្រកួតប្រជែងជាមួយជ្រូក​នាំចូលណាស់ ដោយសារ​តែកម្លាំងពលកម្ម តម្លៃទឹក ភ្លើង ថ្នាំសង្កូវថែទាំជ្រូក និងវត្ថុធាតុដើមដូចជាចំណីសត្វនៅក្នុងស្រុក មានតម្លៃខ្ពស់ បើធៀបប្រទេសជិតខាងដែលនិយមនាំជ្រូកចូល។ ជាក់ស្ដែង លោក​ថា នៅ​ប្រទេស​វៀត​ណាម វត្ថុធាតុដើម​ទាំងនោះមាន​តម្លៃ​ថោកជាង​នៅ​កម្ពុជាច្រើនដង ខណៈកម្ពុជានាំចូលសម្ភារនិងវត្ថុធាតុ​ដើម​ស្ទើរ​តែ​គ្រប់​យ៉ាងពីប្រទេសជិតខាង ដែលធ្វើឱ្យតម្លៃកើនឡើង ហើយកសិករ​ពុំអាចលក់​តម្លៃជ្រូករស់បាន​ថោក​ដូចជ្រូកនាំចូលទេ ព្រោះនាំឱ្យខាតបង់ធ្ងន់ធ្ងរ។

យ៉ាងណា លោកថា បើសិនរដ្ឋាភិបាលនៅតែចង់នាំជ្រូកចូល គួរធ្វើយ៉ាងណាឱ្យ​ប្រាកដថាការនាំចូលក្នុង​ចំនួន​សមរម្យនិងច្បាស់លាស់ ចៀសវាងនាំចូលជ្រូកមានជំងឺ ហើយពិចារណាលើតម្លៃនាំចូលឱ្យដូចទីផ្សារ​​​ក្នុងស្រុក ដើម្បីឱ្យពលរដ្ឋមានជម្រើសនៅតែបន្តគាំទ្រផលិតផលក្នុងស្រុក ដែលផ្ដល់សុខភាពល្អដល់​ពួក​គេ។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ លើកឡើងថា ការដែលរដ្ឋាភិបាលចង់បើកការ​នាំ​ចូល​ជ្រូក​ពីប្រទេសជិតខាងវិញ គឺជារឿងងាយបំផុត។ យ៉ាងណា លោកថា កសិករក្នុងស្រុកមានបញ្ហា​​​ប្រឈម​​ខ្ពស់ ដែល​ពិបាកនឹងប្រកួតជាមួយផលិតផលនាំចូលណាស់ ​ដោយសារតែថ្លៃដើមផលិតរបស់អ្នក​ចិញ្ចឹមអស់ថវិកាច្រើន មិនថាថ្លៃអគ្គិសនី ថ្លៃផលិតចំណីសត្វ​ ដែលតម្រូវឱ្យពួកគាត់លក់ជ្រូករស់ថ្លៃជាង​ប្រទេសជិតខាង។

លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយកាត់​បន្ថយ​ថ្លៃភ្លើង ថ្លៃអ្វីទាំងអស់ ដូចជា​ថ្លៃការនាំចូលវត្ថុផលិតចំណីសត្វអ៊ីចឹងទៅ ហ្នឹងហើយឱ្យវាចុះថ្លៃ ចុះពន្ធ ចុះអីមកវិញឱ្យអស់មក គឺយើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានហើយ។ ហើយ [ជ្រូក] ខ្វះគឺដាច់ខាតត្រូវតែនាំចូល បើប្រទេសកម្ពុជាផលិត [ជ្រូក] គ្រប់​ គឺដាច់ខាតមិនឱ្យនាំចូល»។

យ៉ាងណា លោកមានសុទិដ្ឋិនិយមថារដ្ឋាភិបាលនឹងមិនផ្តាច់ដង្ហើមកសិករចិញ្ចឹមជ្រូកក្នុងស្រុកទេ។

អគ្គលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី សុំមិនធ្វើអត្ថាធិប្បាយដោយនិយាយថាលោកជាប់ប្រជុំ។ លោកបានឱ្យអ្នកសារព័ត៌មាន​ទាក់ទងទៅ​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃ​ក្រសួងកសិកម្មវិញ។

តែយ៉ាងណា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហុង ប៉ុណ្ណាកា បដិសេធបកស្រាយ​​ដោយ​​ថា នេះជាតួនាទី​របស់​អ្នក​នាំពាក្យក្រសួងកសិកម្ម។

ការស្នើនេះ ធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បាន​ស្ដីបន្ទោសខ្លាំងៗទៅរដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេង សាខុន កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នផ្សេង ដែល​អញ្ជើញឱ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួង​មិន​ចូល​រួម។ លោក​បាន​រិះគន់ថា ការដែលរដ្ឋមន្រ្តីកសិកម្មមិនព្រមទៅប្រជុំដោះស្រាយតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច ជាហេតុធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា កម្ពុជា​ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក សមាជិកតំបន់​ពាណិជ្ជកម្មសេរីអាស្តា និងជា​សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ខណៈ​បច្ចុប្បន្ន​ជាសមាជិកក្នុងកិច្ចព្រមព្រាងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិបក្នុងតំបន់។ លោកថា ដូច្នេះ ​កម្ពុជា​មិនអាចយកវិធានការដាច់ដោយឡែក ឬបិទព្រំដែនលើទំនិញចេញ-ចូលនោះទេ។

លោក ហ៊ុន សែន ថាពាក់ព័ន្ធបញ្ហាសាច់ជ្រូក គឺមិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់​នោះទេ គឺ​ត្រូវគ្រប់គ្រង​អតិផរណាតម្លៃលើទីផ្សារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ