ជនជាតិដើមភាគតិច​ខេត្តមណ្ឌលគិរី ប្ដឹង​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យ​ជនអនាមិក​ធ្វើ​របង​ព័ទ្ធ​ដីកប់សព​ពួកគេ

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋជនជាតិ​ដើម​ភាគតិចពូនង ៦០គ្រួសារ បាននាំគ្នាចោទអាជ្ញាធរមូលដ្ឋានថាមិនអើពើដោះ​ស្រាយ​បញ្ហាជូន​ពួកគេ ដោយបណ្ដោយឱ្យ​ជនមិនស្គាល់មុខ​ទៅ​​ហ៊ុមព័ទ្ធយក​ដី​ព្រៃ​ជាង១០ហិក​តា ស្ថិតនៅ​ភូមិ​អូរស្ពាន សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ដែលពួកគេទុកសម្រាប់​​កប់​សព​ជាកម្មសិទ្ធិ។

កាលពីថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២២ តំណាងជនជាតិដើមភាគតិច ៥​នាក់ បាន​នាំគ្នា​យក​ពាក្យបណ្ដឹង​ដាក់​ទៅ​កាន់​សាលាដំបូងខេត្តមណ្ឌលគិរី ដោយប្ដឹងមេភូមិអូរស្ពាន លោកស្រី ជិន ស៊ីលាប និងចៅសង្កាត់ស្ពានមានជ័យ លោក គុជ ម៉េងធូ ដោយចោទថា​បាន​​បណ្ដោយ​ឱ្យមានការធ្វើរបង​ហ៊ុមព័ទ្ធប៉ះពាល់​ដល់ដីព្រៃទំហំ១១ហិកតា​សម្រាប់កប់សពរបស់ពួកគេ។

ក្នុងពាក្យបណ្ដឹងនោះ ក្រុមជនជាតិដើមភាគតិចបានស្នើទៅតុលាការឱ្យបើកការស៊ើបអង្កេតនិង​ផ្ដន្ទាទោសអ្នកដែលធ្វើខុសច្បាប់ ដោយទាមទារសំណង១០​ម៉ឺន​ដុល្លារ ហើយ​ដកហូត​ដីកប់​សព​មក​ឱ្យប្រជាពលរដ្ឋដើម្បីប្រើប្រាស់វិញ។

តំណាងជនជាតិដើមភាគតិចពូនង អ្នកស្រី ក្រេះ សុរ៉ា ប្រាប់ វីអូឌី នៅថ្ងៃសុក្រ​នេះ​ថា មូល​ហេតុដែល​ពួក​គាត់​ដាក់​បណ្ដឹងទៅតុលាការ​ ដោយសារអស់ជម្រើស។ អ្នកស្រីបន្តថា កាលពីខែកញ្ញា ឆ្នាំ២​០២១ មាន​​កម្មករជាច្រើននាក់បាននាំគ្នាទៅដកបង្គោលរបងរបស់ពលរដ្ឋ​​ចេញ និងបាន​ដាំបង្គោលរបងថ្មីរំលោភលើដីព្រៃកប់សពទំហំ​​១១ហិកតានោះ ទាំងដែល​​ពួកគាត់មិន​ដែល​បាន​លក់ដូរដីនោះ​ទៅឱ្យបុគ្គលណាម្នាក់ឡើយ។

ជនជាតិដើមភាគតិចពូនងរូបនេះបន្តទៀត​ថា កម្មករដែលចុះ​ដាំ​បង្គោលមិនបាន​បញ្ជាក់​ប្រាប់ឈ្មោះ​ម្ចាស់​ឡើយ ខណៈ​អាជ្ញាធរ​ភូមិនិង​ឃុំ មិនបានចុះហាមឃាត់ឡើយ។ ករណីនេះ អ្នកស្រីបារម្ភខ្លាចគេយកដីសម្រាប់កប់សពដែលពួកគាត់បានរក្សាទុកតាំងពីដូនតាមកនោះ។

អ្នកស្រីថា៖ «ពួកខ្ញុំអត់ដឹងអ្នកណាអ្នកលក់ទេ អ៊ីចឹងបានខ្ញុំឱ្យភូមិឃុំដោះស្រាយ​រកអ្នកចាក់ដីហ្នឹង តែគាត់អត់រក​ឱ្យ! អ៊ីចឹង​បានពួកខ្ញុំថាបើសិនជាភូមិឃុំមិនចុះហត្ថលេខា ក៏គេមិនហ៊ាន​យក​ដែរ​ដីហ្នឹង! មានតែភូមិឃុំចុះហត្ថលេខា បានគេហ៊ានយក​​ បើមិនអ៊ីចឹង គេមិនហ៊ានយកទេ។ អ៊ីចឹងបានពួកខ្ញុំប្ដឹងភូមិឃុំឱ្យគាត់ចាប់រក[ដំណោះស្រាយ]ឱ្យពួកខ្ញុំ»។

តំណាងសហគមន៍ជនជាតិដើមភាគតិចពូនង លោក គ្រើង តុលា លើក​ឡើង​ថា កន្លង​មក ប្រជា​ពលរដ្ឋ​បានដាក់បណ្ដឹង​ទៅអាជ្ញាធរ តែអាជ្ញាធរ​មិនទទួល ហើយ​នៅពេល​ទៅ​រក​កិច្ចអន្ត​រា​គមន៍​​ម្តងៗ អាជ្ញាធរតែង​គេចវេះមិនដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដែល​ករ​ណីនេះ​ បាន​ជំរុ​ញ​ឱ្យពួកគាត់​នាំគ្នាដាក់បណ្ដឹងបរិហារទៅតុលាការតែម្តង។ លោកបន្តថា ការដាក់ពាក្យ​បណ្ដឹង​នេះ ដើម្បីបញ្ជាក់ផងដែរថា អាជ្ញាធរមិនបម្រើប្រជាពលរដ្ឋឡើយ។

លោកថា៖ «អាជ្ញាធរនៅភូមិអូរស្ពាន និងអាជ្ញាធរឃុំ​ស្ពានមានជ័យហ្នឹង អសកម្មក្នុងការបម្រើប្រជាពលរដ្ឋ នៅពេលដែលក្រសួងមហាផ្ទៃផ្ដល់សេចក្ដីទុកចិត្តឱ្យគាត់ ដើម្បីឱ្យគាត់បម្រើប្រជាពលរដ្ឋ បែរជាគាត់មិនបម្រើប្រជាពលរដ្ឋ។ អ៊ីចឹងអាជ្ញាធរបែបហ្នឹង គួរណាស់តែផ្លាស់ប្ដូរ រកអ្នកសកម្មបម្រើប្រជាពលរដ្ឋ កុំឱ្យប្រជាពលរដ្ឋកាប់ចាក់ ទឹកភ្នែក ដោយសារ​រឿងដីធ្លី រឿងអាជ្ញាធរពុករលួយ ដើម្បីបញ្ចៀសបញ្ហាអាក្រក់ៗ»។

ចៅសង្កាត់​ស្ពាន​មានជ័យ លោក គុជ ម៉េងធូ បានបដិសេធចំពោះការចោទប្រកាន់ដែល​ថាអាជ្ញាធរ​មិន​អើ​ពើ​ដោះស្រាយ។ លោកបន្តថា ការដែលអាជ្ញាធរមិនទាន់ដោះស្រាយ ដោយ​សារ​បច្ចុប្បន្នកំពុងផ្ទុះជំងឺកូវីដ-១៩ ខណៈអាជ្ញាធរកំពុងរៀបចំឯកសារ​បូកសរុបការងារប្រចាំឆ្នាំ។

លោកថា៖ «ទ្រព្យហ្នឹងជា​ដីកេរដូនតាគាត់ មិនអ៊ីចឹង? គាត់ដាក់ពាក្យបណ្ដឹង ខ្ញុំបានឃើញហើយពាក្យបណ្ដឹងនោះ ក៏ប៉ុន្តែគាត់ជាម្ចាស់ទ្រព្យម្ចាស់ដី គាត់មិនការពារ​​ ឱ្យអាជ្ញាធរណាទៅដេកការពារឱ្យគាត់។ គាត់ទៅការពារ គាត់ទៅធ្វើ គាត់ទៅថែទាំ ប្រើប្រាស់ទៅ អាជ្ញាធរគេចាំដោះស្រាយសម្របសម្រួលជូនទេ។ អាជ្ញាធរមានពេលទៅអង្គុយយាមដីឱ្យគាត់? អត់ត្រូវទេ»។

មន្ត្រីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក តឿ​ សង្ហា ចាត់​ទុកការលើកឡើងរបស់អាជ្ញាធរថាជាការគេចវេះការដោះស្រាយជូនប្រជាពលរដ្ឋ។

លោកថា៖ «អាជ្ញាធរមិនដោះស្រាយ មិនបម្រើប្រជាពលរដ្ឋដែលគាត់ចង់បានការដោះស្រាយ ក្នុងនាមអាជ្ញាធរគាត់ជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ៊ីចឹងបើយើងមិនអើពើបញ្ហារបស់ប្រជាពលរដ្ឋ អាជ្ញាធរខ្លួនឯងជាអ្នកទទួលខុសត្រូវ»។​

តំណាងជនជាតិដើមភាគតិចពូនង អ្នកស្រី ក្រេះ សុរ៉ា អះអាងថា ដីព្រៃទំហំ​១១​ហិកតា ពួកគាត់រក្សាទុកសម្រាប់កប់សព និងធ្វើពិធីសែនព្រេន​តាំងពីឆ្នាំ១៩៨០មកម៉្លេះ ហើយ​កន្លង​មក​ក៏​មិនដែល​​មាន​អ្នកណា​ទៅប៉ះពាល់ដីនោះឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ