ពលរដ្ឋ​ខ្លះ​នៅ​តែ​យល់ថា​អ្នក​ដែល​ធ្លាប់​ឆ្លង​ជំងឺកូវីដ-១៩​ម្ដង​ហើយ នឹង​មិន​អាច​ឆ្លង​ទៀត​ទេ

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា អ្នក​ណាដែល​ធ្លាប់​​ឆ្លង​​ជំងឺ​​កូវីដ-១៩ម្ដង​​ហើយ នឹង​មិន​​​​អាច​ឆ្លង​​ម្ដង​​ទៀត​​បាន​​នោះ​ទេ ប៉ុន្តែការលើកឡើងនេះត្រូវបាន​មន្ត្រីរដ្ឋាភិបាល​បដិសេធ។

លោកស្រី ឡុញ  វណ្ណា អាយុ៣៩ឆ្នាំ រស់នៅកំពង់តាឡុង ឃុំ​បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងថា កន្លងមក គាត់ធ្លាប់ឮគេនិយាយតគ្នា​ថា អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩​ម្ដង​ហើយ នឹងមិនអាចឆ្លងបានទៀតទេ។

លោកស្រីបន្ត​ថា៖ «ព្រោះអីបានព្យាបាលជារួចមកហើយ អ៊ីចឹងវាមិនកើតឡើងម្ដងទៀតបាននោះទេ ជាពិសេសបានចាក់វ៉ាក់សាំងគ្រប់ដូសទៅទៀត គឺរឹតតែមិនអាចឆ្លងបានទេ»។

ចំណែកលោកស្រី អឿង សារី អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋ​​ម្នាក់​ទៀត រស់នៅភូមិប្រា​សាទ ឃុំ​​ព្រែក​ស្លែង ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល មាន​ប្រសាសន៍ថា អ្នកស្រីមិន​​ហ៊ាន​​អះ​អាង​ថា ​អ្នកដែលឆ្លងជំងឺនេះរួច មិនឆ្លងទៀតនោះទេ។ តែបើតាមការយល់ឃើញរបស់លោក​ស្រី គឺនៅតែអាចឆ្លងបាន គ្រាន់តែវាស្រាលឬក៏​ធ្ងន់តែប៉ុណ្ណោះ។

លោកស្រីបន្ថែមថា៖ «ឱ្យ​តែយើងចេះការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺវាមិនអាចកើតម្ដងទៀតនោះទេ។ គ្រាន់តែពេលចាក់វ៉ាក់សាំងហើយ យើងអាចមានអង់ទីករ ឬអាវក្រោះការពារ ដើម្បីកុំឱ្យ​ជំងឺមួយនេះឆ្លងមកទៀតប៉ុណ្ណោះ»។

ចំណែកលោក ភោគ ផាន់នី អាយុ៥២ឆ្នាំ​ រស់នៅភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ បានលើកឡើងដែរថា ពីមុនមក លោកក៏​គិតថា អ្នកដែលបានព្យាបាល​ឬក៏​ចាក់វ៉ាក់សាំង​ហើយ គឺមិនអាច​ឆ្លងម្ដងទៀតនោះទេ។ ប៉ុន្តែ​លោកថា ក្រោយមក លោកក៏បានឆ្លងម្ដងទៀត ទើបលោកដឹងថា មិនដូចការគិតរបស់លោកឡើយ។

លោកបន្ថែមថា៖ «បើយើងមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ គឺយើងនៅតែបន្ដឆ្លងដដែល»។

លោកបានអំពាវនាវដល់​​ប្រជាពលរដ្ឋកុំឱ្យ​មានការព្រួយបារម្ភខ្លាំងពេក ឬក៏មានការរើសអើងចំពោះអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន ដែលធ្លាប់ចុះពន្យល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានថ្លែងថា ការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះ មិនត្រឹមត្រូវនោះទេ។ លោក​ថា បើទោះបីជាយើងទទួលបានការព្យាបាលរួចហើយក៏​ដោយ ក៏មិនប្រាកដថាមិនឆ្លង​ទៀត​នោះ​ដែរ បើ​ពួកគាត់នៅតែមិនព្រមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្ដថា កន្លងមក លោកក៏ធ្លាប់់ឮពីប្រជាពលរដ្ឋនិយាយបែបនេះដែរ ហើយលោកក៏បានបកស្រាយចំពោះ​ព័ត៌មានមិនពិតនេះ​ខ្លះហើយដែរ។ តែយ៉ាងណា លោកអំពាវនា​វ​ដល់​ប្រជា​ពលរដ្ឋបន្ដអនុវត្ដតាម​អនុសាសន៍ប្រមុខរដ្ឋាភិបាល​ឱ្យ​​បានគ្រប់ៗ​គ្នា ជាពិសេស​​ពេល​ទៅណាមកណា ត្រូវតែម៉ាស់ជានិច្ច​​ ឧស្សាហ៍​លាង​អាល់​ដៃ​នឹង​អាល់​កុល​ឬ​ជែល និងត្រូវរក្សាគម្លាតសុវត្ថិភាព។

លោកថ្លែងថា៖ «កុំគិតថាជំងឺកូរ៉ូណាជាជំងឺធម្មតា គឺមិនអ៊ីចឹងទេ! ការបាត់បង់ជីវិតលឿនណាស់ ដោយសារជំងឺនេះ»។

យ៉ាងណាក៏ដោយ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត​កណ្ដាល លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានថ្លែង​​ថា ថ្មីៗនេះ មានករណីជាច្រើនដែលបង្ហាញថា អ្នកដែលបានឆ្លងជំងឺកូវីដ-១៩​ម្ដងហើយ ​នៅតែអាចឆ្លងបានទៀត​ដដែល បើពួកគេ​មិនអនុវត្ត​តាមវិធានសុខាភិ​បាល។

លោកបញ្ជាក់ថា៖ «កាលពីមុន មានអ្នកឆ្លងវីរុសកូវីដ-១៩ ប្រភេទ​ ដែលតា [Delta] បានទទួល​ការ​ព្យាបាលជាសះស្បើយហើយ តែក្រោយមកក៏​នៅតែឆ្លងដដែល។ រហូត​មក​ដល់ពេល​នេះ ជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ក៏ដូចគ្នា គឺនៅតែបន្ដឆ្លង បើប្រជាពលរដ្ឋមិនអនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ»។

លោកបន្ថែមថា៖ «សុំកុំឱ្យ​ប្រជាពលរដ្ឋមានការយល់ច្រឡំថា ព្យាបាលហើយមិនអាចកើតវិញ គឺនៅតែកើតដដែល»។

គួររម្លឹកដែរថា ជំងឺកូវីដ-១៩នេះបានឆ្លងចូលមកក្នុងប្រទេសកម្ពុជាលើកដំបូងតាមរយៈបុរស​ជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្ន ជំងឺ​នេះបានឆ្លងចូលក្នុងសហគមន៍កម្ពុជា ដែលគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានអ្នកឆ្លងសរុប១២៨ ៥៩៩នាក់​ ស្លាប់៣ ០២៦នាក់ និងជាសះស្បើយចំនួន១២១ ៨៧៧នាក់៕


អត្ថបទ៖ ឃាង សុខមាន ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។