ក្រសួង​បន្ត​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​អូមីក្រុង​ជាង​៣៥០នាក់​បន្ថែម​ទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាលបានប្រកាស​ពីការរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែង​ថ្មី «អូមីក្រុង» ជាង៣៥០នាក់បន្ថែមទៀត​ ខណៈករណីស្លាប់មិនមានទេ កាលពីថ្ងៃម្សិលមិញ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយផ្អែក​តា​ម​លទ្ធ​ផល​​បញ្ជាក់​​ដោយ PCR test កាលពីថ្ងៃ​ម្សិល​មិញ រក​ឃើញករណី​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចំនួន៣៥៦ករណីបន្ថែមទៀត​ ខណៈករណី​ជា​សះស្បើយសរុបមានចំនួន៤១៩ករណី និងគ្មានករណីស្លាប់នោះទេ។

ក្រសួងបាន​បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៥៦នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន១៤នាក់ និងឆ្លងក្នុងសហគមន៍ចំនួន៣៤២នាក់ ដែលសុទ្ធតែជាវីរុសបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) ទាំងអស់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទ​​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣០ ២៧៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២៣ ៧៧២នាក់ និងអ្នកស្លាប់​ចំនួន​៣ ០៣២នាក់។ ​រីឯករណីឆ្លង «អូមីក្រុង» ក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនឡើងដល់៨ ៩៥៦នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ