បក្សនយោបាយ​និង​អ្នកវិភាគ​ថា កម្ពុជា​គួរ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ជាជាង​លើក​ពី​បញ្ហា​នៅ​អ៊ុយក្រែន

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

គណបក្សនយោបាយ​ដែលនៅក្រៅរដ្ឋាភិបាល និង​អ្នក​វិភាគ​ពី​បញ្ហា​សង្គម យល់​ស្រប​គ្នា​ថា រដ្ឋាភិបាល​គួរ​ផ្ដួចផ្ដើម​ឱ្យ​មានកិច្ចសន្ទនា​ជាមួយ​បក្សដទៃទៀត ដើម្បី​ដោះស្រាយ​វិបត្តិដែលបានអូសប​ន្លា​​​​យ​​ជាច្រើនឆ្នាំមកនេះ ជាពិសេសបញ្ហាសង្គមដែលកំពុងកើតឡើងចាក់ស្រេះដោះស្រាយ​​មិនចេញ ជាជាងផ្ដល់យោបល់ពីដំ​ណោះ​​ស្រាយលើបញ្ហា​​អ៊ុយក្រែន។

ការរិះគន់នេះធ្វើឡើងក្នុងពេលដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី​២៧ ខែកុម្ភៈ បាន​ផ្ដល់​ជា​ដំណោះ​ស្រាយ​លើវិបត្តិនៅអ៊ុយក្រែន។ បើតាមលោក ហ៊ុន សែន ដើម្បីបញ្ចប់ជម្លោះនេះបាន គឺមិនមែនយកសង្រ្គាមបញ្ចប់ដោយសង្រ្គាមទេ។ ក្នុងន័យនេះ លោកបញ្ជាក់ថា មានតែការចរចា​ប៉ុណ្ណោះទើបអាចរកដំណោះស្រាយ​វិបត្តិនៅអ៊ុយក្រែននេះបាន។

លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម ឱ្យដឹងនៅថ្ងៃ​ចន្ទ​នេះថា​ លោក​ទទួល​ស្គាល់និង​ឯកភាព​ពី​នយោ​​​បាយ​​ការ​បរទេសដូចអ្វីដែលលោក ហ៊ុន សែន លើកឡើង។ ប៉ុន្តែទន្ទឹម​នឹងយក​​​ពេល​​​​វេលាទៅគិតគូរពីបញ្ហាតំបន់និងសកលលោកនេះ លោកថា កម្ពុជា​គួរបើកផ្លូវឱ្យមានដំណោះ​ស្រាយ​ផ្ទៃក្នុង​ដែលកំពុងតែប្រឈម​អស់ពេលជាច្រើនឆ្នាំណាស់មកហើយ។

លោក​ យ៉ែម បុញ្ញឬទ្ធិ បន្តថា ប្រសិនបើលោកនាយករដ្ឋមន្រ្តីគិតគូរពីវិបត្តិផ្ទៃក្នុងដែលកម្ពុជាកំពុងតែ​មាន ដូច​​​ដែល​​​លោកបានផ្ដល់ជាដំណោះស្រាយ​សម្រាប់ប្រទេសនៅក្នុងតំបន់និងសកលលោក​នេះ ប្រ​​ហែល​​​កម្ពុជាមិនរងនូវការរិះគន់​ថាជារដ្ឋាភិបាលល្មោភអំណាច និង​ព្យាយាម​ងាកចេញ​ពី​គន្លង​​ប្រជាធិបតេយ្យនោះទេ។

លោកបន្តថា៖ «យើងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយពីរឿងវិបត្តិនយោបាយ ពីរឿងការរំ​លា​​យ​​​​គណបក្សប្រឆាំង និងពីរឿងសកម្មជនមួយចំនួនដែលលោករងគ្រោះ មានជាប់ពាក់ព័ន្ធនឹង​ប្រ​ការ​ផ្សេង​ជាមួយរឿងនយោបាយជាដើម។ ហេតុផលទាំងអស់នេះ កិច្ចការទាំងអស់នេះ គួរ​មាន​​ដំ​​ណោះ​ស្រាយដោយសន្តិវិធីនិងអហិង្សា​ ដោយការពិនិត្យឱ្យបានច្បាស់លាស់ពីផ្លូវច្បាប់ និង​​ពីអ្វី​​ដែល​ជាមូលហេតុចម្បង»។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ក៏ឯកភាពដែរថា ទាំងបញ្ហានយោបាយនិង​​​បញ្ហា​​សង្គម​ដែល​កំពុង​តែ​កើតឡើងនៅកម្ពុជានេះ រដ្ឋាភិបាលមិនបានខ្វល់ខ្វាយនិងយកចិត្ត​​ទុក​​ដាក់​​​ដើម្បី​​ដោះស្រាយទេ។

តែយ៉ាងណា លោកគាំទ្រ​សាររបស់​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​លើកឡើងថាមាន​តែ​ច្រក​មួយ​ប៉ុណ្ណោះ ដើម្បី​អាចឈានទៅបញ្ចប់វិវាទ​ទៅបាន នោះគឺការចរចា។ ប៉ុន្តែសម្រាប់អ្នកន​យោបាយ​​រូប​​នេះចាត់​​ទុកថា សារនយោ​​​បាយ​​ដែល​​លោកនាយករដ្ឋមន្រ្តី​លើកឡើងនេះ ថា​គ្រាន់​តែ​ដើម្បី​ពិរោះ​ស្ដាប់​​ និង​​​​មិន​​បានឆ្លុះបញ្ចាំងពីស្ថានភាពនៅកម្ពុជា។

លោកបន្តថា ធាតុពិត​​ ភាគី​​​​ជម្លោះ ជា​​ពិសេស​ក្នុង​រឿង​​​នយោបាយជាមួយបក្សប្រឆាំង គឺរដ្ឋាភិបាល​​បាន​បិទផ្លូវជានិច្ច បើ​ទោះ​​​ជា​​ស​ហ​​គ​មន៍​ជាតិនិងអន្តរជាតិចាត់ទុកថា កម្ពុជា​​​កំពុង​​តែជួបវិបត្តិ​​ផ្នែក​​ន​​យោ​បាយ​យ៉ាង​​​ណា​​​​​ក្ដី។

លោកបន្តថា៖ «អ៊ីចឹង​ចំណុច​ដែល​សម្ដេច​នាយក​រដ្ឋមន្រ្តី​ ដែល​គាត់​លើក​ឡើង​ថា គ្មានអ្វីដែល​សំខាន់​ជាង​ការ​ចរចា បើយើងស្ដាប់ទៅដូចជាត្រឹមត្រូវ​។ ប៉ុន្តែ​នៅក្នុងការអនុវត្ត​ជាក់ស្ដែង សម្រាប់​​ស្ថាន​​ភាព​​​របស់ប្រទេសយើង គឺកម្ពុជាហ្នឹង យើងឃើញវិបត្តិរបស់​ប្រទេសកម្ពុជាហ្នឹង មិន​​ត្រូវ​បាន​ដោះ​​ស្រាយ​​​ដោយ​ការចរចា​រវាងភាគីខ្មែរនិងខ្មែរទេ»។

ជានិច្ចជាកាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងខ្វាយខ្វល់មិនថាបញ្ហានៅក្នុងតំបន់និងពិភព​​លោក​​​​​ទេ។ ក្នុងពេលដែលភូមា ឬមីយ៉ាន់ម៉ា ប្រឈមមុខវិបត្តិនយោបាយផ្ទៃក្នុង ប្រមុខរដ្ឋាភិបាល​​កម្ពុជាបាន​ប្រើ​​​​ប្រាស់​​ពេលវេលារបស់លោក ដើម្បីបើកផ្លូវឱ្យមានដំណោះស្រាយនយោបាយនៅ​​ក្នុង​​​​​ប្រ​​ទេស​​រដ្ឋសហព័ន្ធមួយនេះ។ ប៉ុន្តែយុទ្ធសាស្រ្តដែលលោក ហ៊ុន សែន ដាក់ចេញនេះ ហាក់​មិន​​​​​ត្រូវ​​បាន​​មីយ៉ាន់ម៉ាអនុវត្តឡើយ។

ជាថ្មីទៀត បញ្ហាវិបត្តិយោធានៅ​អ៊ុយក្រែន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដល់ជា​​ដំណោះ​​ស្រាយ​​​​បន្ថែមទៀត។ បើតាមលោកនាយករដ្ឋមន្រ្តី មានតែការចរចា​មួយទេដែលអាចឈាន​​ទៅ​​បញ្ចប់​​​​ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែននេះបាន។

ទាំងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំ​​ពាក្យ​​រដ្ឋា​​ភិបាល និងលោក សុខ ឥសាន អ្នកនាំ​​ពាក្យ​​គណបក្សកាន់អំណាច មិនអាចសុំការឆ្លើយតបបន្ថែមបានទេ នៅថ្ងៃចន្ទនេះ។

ចំណែកអ្នកនយោបាយ​នៅក្រៅរដ្ឋាភិបាល និងអ្នកវិភាគពីបញ្ហាសង្គម យល់ឃើញថា ប្រសិន​​បើ​​ពេល​​នេះ លោកនាយករដ្ឋមន្រ្តីយកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាកំពុងតែកើតឡើង ដូចជាបើកផ្លូវឱ្យ​​មាន​​ការ​ចរចារវាងបក្សកាន់អំណាចនិងបក្សប្រឆាំង ដូចអ្វីដែលលោក ហ៊ុន សែន បានផ្ដល់ជា​ដំណោះ​​ស្រា​​យ​ទៅលើជម្លោះនៅ​អ៊ុយក្រែន ប្រហែលកម្ពុជាត្រូវគេចាត់ទុកថានឹង​ក្លាយ​ជា​រដ្ឋ​​គំរូ​ខាង​​​ផ្សះ​​​ផ្សា​​​ជាតិ និងគោរព​​សិទ្ធិ​​នយោបាយពីបក្សផ្សេងដោយពេញលេញ។

លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត មានប្រសាសន៍ថា ជា​​ទម្លាប់​​របស់មនុស្ស​​ គឺ​កម្រ​ទទួលស្គាល់ថា ខ្លួនមានកំហុសណាស់ ហើយ​ការសម្រេចចិត្តក្នុង​ការ​ដោះ​​​ស្រាយ​​ទំនាស់នេះទៀតសោត ផ្អែកលើគំនិតរបស់មេដឹកនាំប៉ុណ្ណោះ។ បើតាមលោកបណ្ឌិត សេក សុជាតិ អ្នកនយោបាយកម្ពុជាល្មមដល់ពេល​មានភាពចាស់ទុំ ចេះសម្រប​សម្រួល និង​អត់​ឱន ហើយ​​អធ្យាស្រ័យឱ្យ​គ្នា ដើម្បី​ជាគំរូសម្រាប់មនុស្សជំនាន់ក្រោយផង។

លោកបន្តថា៖ «ដូចខ្ញុំបានបញ្ជាក់មុនហ្នឹងអ៊ីចឹងថា កំហុសខ្លួនឯងមើលមិនសូវឃើញទេ ប៉ុន្តែមិន​​មាន​​ន័យថា​​គាត់មិនដឹងទេ ប៉ុន្តែគ្រាន់តែថាឆន្ទៈក្នុងការដោះ​ស្រាយបញ្ហាផ្ទៃ​ក្នុងនយោបាយជាតិ​​ហ្នឹង ​​​ព្រម​​​​ធ្វើឬមិនព្រមធ្វើ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់មេដឹកនាំគណបក្សកាន់អំណាច និង​​គណបក្សប្រឆាំង ហើយកុំឱ្យនាំគ្នាគិតតែពីផលប្រយោជន៍បក្សពួក គួរតែគិតទៅ​​ដល់​ផល​​ប្រយោ​​ជន៍​​​ជាតិ និងប្រជាពលរដ្ឋជាធំវិញ»។

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ អះអាងថា លោក​នឹង​មិនបើកផ្លូវឱ្យមាន​ការចរចា​ណាមួយជាមួយ​ស្ថាបនិកគណបក្សសង្រ្គោះជាតិដែល​​តុ​លា​​ការ​​​រំ​​លាយ គឺលោក សម រង្ស៊ី នោះទេ។

លោក ហ៊ុន សែន ក៏បង្ហាញពីជំហរបិទខ្ទប់ការប៉ុនប៉ង​​វិល​​ចូល​​កម្ពុជាវិញរបស់លោក សម រង្ស៊ី ដែរ ប្រសិនបើមេបក្សប្រឆាំងរូបនេះគ្មានការប៉ះប៉ូវណាមួយ ដែលលោក ហ៊ុន សែន ហៅថា បាន​​ធ្វើ​​ឱ្យ​​កិត្តិយសគ្រួសាររបស់លោកត្រូវធ្លាក់ចុះ ព្រោះ​​តែការ​​ប្រមាថ​​ភរិយានិងកូនប្រុសរបស់លោក ដែល​​ជា​ការ​​ឈឺចាប់មួយ។ ប៉ុន្តែលោក សម រង្ស៊ី បានអះអាងម្ដងហើយម្ដងទៀតថា លោកមិនដែល​បាន​​ថ្លែង​​​សារនយោបាយដូចអ្វីដែលលោក ហ៊ុន សែន ចោទប្រកាន់ម្ដងណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ