អ៊ុយក្រែន និងរុស្ស៊ី យល់ព្រម​ចរចា​ដោយ​គ្មាន​កំណត់​លក្ខខណ្ឌ​ជាមុន

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ (ធ្វីតទ័រ៖ Володимир Зеленський)

ការិយាល័យប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញ​ថា មន្ត្រីរបស់​ខ្លួន និងភាគីរុស្ស៊ី នឹងជួបពិភាក្សាគ្នានៅទីតាំងមួយកន្លែងនៅព្រំដែនប្រទេសបេឡារុស ដែលជាជំនួបលើកដំបូងបន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ប្រធានាធិបតី​​អ៊ុយក្រែនរូបនេះបន្ត​ថា កិច្ច​ពិភាក្សា​ដែល​ជា​ជំនួប​លើក​ដំបូង ​គិតចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានក្នុងទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីសប្ដាហ៍មុននេះ នឹងត្រូវធ្វើឡើងដោយគ្មានការកំណត់លក្ខខណ្ឌជាមុននោះទេ និងបន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងខ្លួននិងប្រធានា​ធិបតីបេឡារុស។

លោក Volodymyr Zelenskiy បានបន្ថែមឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងបានយល់ព្រមក្នុងការឱ្យគណៈប្រតិភូអ៊ុយក្រែន ជួបជាមួយគណៈប្រតិភូរុស្ស៊ី ដោយគ្មានការកំណត់លក្ខខណ្ឌជាមុន ដែលជំនួបនេះនឹងធ្វើឡើងនៅព្រំដែនអ៊ុយក្រែន-បេឡារុស ជិតទន្លេ Pripyat»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​របស់​ខ្លួនមក​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ពោល​គឺ​បន្ទាប់​​​ពី​មាន​​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សរាប់រយនាក់ក៏ត្រូវបានរាយ​ការណ៍ថាបាន​រង​របួស និងស្លាប់បាត់បង់ជីវិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ