តុលាការ​បន្ត​សវនាការ​សួរ​ដេញដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​ដំណើរ​វិល​ត្រលប់​លោក សម រង្ស៊ី

កញ្ញា សេង ធារី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធសវនាការក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការសួរដេញដោលលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កញ្ញា សេង ធារី ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធដំណើរការវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា។

សវនាការនាថ្ងៃអង្គារនេះ មេធាវីការពារក្ដីកញ្ញា សេង ធារី គឺលោក ជូង ជូងី បាន​សួរកូនក្ដីជុំវិញឯកសារដែលនគរបាលនិងតំណាងអយ្យការបានដកស្រង់ពីហ្វេសប៊ុករបស់កញ្ញា ទាំងឈ្មោះជាភាសាខ្មែរ និងភាសាអង់គ្លេស យកមកចោទប្រកាន់លើកញ្ញា។

លោក ជូង ជូងី បានសួរបញ្ជាក់អំពីសារ រូបភាព ហើយខ្លឹមសារដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកទាំងពីរនោះជារបស់កញ្ញាប្រាកដឬយ៉ាងណា។ តើរដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលស្របច្បាប់ឬទេ? ហេតុអ្វី? បើស្របច្បាប់ហេតុអ្វី? និងមិនស្របច្បាប់ហេតុអ្វីដែរ? ជាដើម។

កញ្ញា សេង ធារី បានប្រាប់ទៅតុលាការថា រូបភាពជារបស់គាត់ តែខ្លឹមសារនៃអត្ថបទដែលកញ្ញាបានបង្ហោះលើហ្វេសប៊ុក​មិនមែនជារបស់កញ្ញាទាំងស្រុងទេ ដោយថា កញ្ញា​បានស្រង់ឬចែករំលែកពីហ្វេសប៊ុកលោក សម រង្ស៊ី។

កញ្ញាបន្តថា រដ្ឋាភិបាលបច្ចុប្បន្នដឹកនាំតាមរបបផ្ដាច់ការ​ ហើយថារដ្ឋាភិបាលសព្វថ្ងៃនេះមិនស្របច្បាប់ឡើយ ដោយសារការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ មិនមានតម្លាភាព និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ អ្វីដែលកញ្ញាថាផ្ទុយនោះ មកពីការបោះឆ្នោតអំឡុងពេលឆ្នាំ២០១៧ និង២០១៨ មិនមានបក្សប្រឆាំងចូលរួម។

បើទោះបីជាលោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ​ធារី បានចោទសួរកូនក្ដីដើម្បីដោះបន្ទុកក៏ដោយ ប៉ុន្តែតំណាងអយ្យការនិងចៅក្រមបានចាត់ទុកការលើកឡើងរបស់កញ្ញា សេង ធារី លើបណ្ដាញសង្គមអំពាវនាវឱ្យប្រជាពលរដ្ឋទទួលលោក សម រង្ស៊ី និងលើកម្រាមដៃ៩នោះ ជាការបំផុសបំផុលឱ្យប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាលក្នុងគោលបំណងផ្ដួលរំលំបែបហិង្សា។

តែយ៉ាងណា កញ្ញា សេង ធារី បានលើកឡើងថា សារអំពាវនាវរបស់កញ្ញាដែលបានបង្ហោះនោះ ដើម្បីទាញអារម្មណ៍ប្រជាពលរដ្ឋឱ្យចូលរួមទៅទទួលលោក សម រង្ស៊ី ​ ប៉ុន្តែធ្វើឡើងដោយសន្តិវិធីប៉ុណ្ណោះ។

ក្រោយពីសវនាការសួរដេញដោលពេញមួយព្រឹក ចៅក្រមជំនុំជម្រះសម្រេចផ្អាក ហើយប្រកាសបន្តសវនាការនៅថ្ងៃទី១០ ខែមីនា ខាងមុខ ដោយនឹងសួរដេញដោលនគរបាលយុត្តិធម៌ម្ដង។

ក្នុងសំណុំ​​រឿង «ញុះញង់ ​និង​រួម​គំនិត​ក្បត់»​ ដែលសាលាដំបូងរាជធានីភ្នំពេញបើកសវនាការនាថ្ងៃទី១ ខែមីនានេះ មានជនជាប់ចោទជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ