បទយកការណ៍៖ មនុស្ស​ចាស់​បង្កើត​ក្រុមជួយគ្នា​ដើម្បី​បន្ថយ​ភាពឯកោ

ចាស់ៗក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ក្រោយពិភាក្សាពីផែនការជួយចាស់ជរា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រជាសហគមន៍)

មនុស្សចាស់មួយក្រុមនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានចងក្រងជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក ទាំងផ្នែកសេដ្ឋកិច្ច និងពិគ្រោះយោបល់លើបញ្ហាផ្សេងៗ ដើម្បីបន្ថយភាពឯកោ និងបង្កើនក្ដីសង្ឃឹមក្នុងជីវិត។​

ក្រុមមនុស្សចាស់ទាំងនេះភាគច្រើនមានជំងឺ ពិការភាព មានជីវភាពលំបាក ហើយខ្លះទៀតរស់នៅតែម្នាក់ឯង ដោយសារតែកូនចេញទៅប្រកបរបរនៅរាជធានីឬតាមខេត្តផ្សេងៗ។

អ្នកស្រី ព្រីង ហាន ជាអ្នកសម្របសម្រួលក្រុមជួយមនុស្សចាស់ក្នុងឃុំព្រែកស្ដី ឱ្យដឹងថា ពួកគាត់នាំគ្នាបង្កើតឡើងដោយក្រុមមនុស្សវ័យចាប់ពី៦៥ឆ្នាំឡើងទៅ និងមានការជួយជ្រោមជ្រែងពីក្រុមមនុស្សវ័យក្មេងផ្នែកសេដ្ឋកិច្ច។ ស្ត្រីវ័យ៧១ឆ្នាំរូបនេះ បញ្ជាក់ថា ការបង្កើតក្រុមនេះឡើងមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ក្ដីសង្ឃឹម ព្រោះវ័យពួកគាត់កំពុងជួបការលំបាក។​

អ្នកស្រី ព្រីង ហាន៖ «បច្ចុប្បន្ននេះ ដុនដាប ខ្លះក៏ពិការ ខ្លះក៏មេម៉ាយ ខ្លះអត់អីហូប ច្រើនដែរហ្នឹងលោកគ្រូ»។​

អ្នកស្រី ព្រីង ហាន ឱ្យដឹងថា ការបង្កើតក្រុមនេះទើបតែមានរយៈពេល២ខែ ក្រោយពេលមានការប្រជុំគ្នាច្រើនលើក និងបានឧបត្ថម្ភដល់មនុស្សចាស់បាត់បង់សមត្ថភាពរកចំណូលចំនួន៥នាក់ជាលើកដំបូង។​ អ្នកស្រីបន្តថា ចាស់ៗក្នុងភូមិកំពុងពិភាក្សាគ្នាដើម្បីបង្កើតក្រុមផ្សព្វផ្សាយរកជំនួយ និងពង្រីកការជួយដល់មនុស្សចាស់ផ្សេងទៀត។​

អ្នកស្រី ព្រីង ហាន៖ «ចាំមើលខ្ញុំរាប់ចំនួនមនុស្សចាស់សិន គ្រោងបង្កើនចំនួន ព្រោះឃើញអ្នកលំបាកហ្នឹងមានច្រើន»។​

អ្នកស្រីបន្តថា ត្បិតតែការជួយជាលុយត្រឹម២០ ០០០រៀលមិនច្រើនក៏ពិតមែន តែផ្ដល់ភាពកក់ក្ដៅ បង្ហាញពីការយកចិត្តទុកដាក់បន្ថែម ហើយបូករួមទាំងមានការប្រជុំជជែកគ្នា គឺរឿងល្អមួយដែលជួយដល់មនុស្ស អាចកាត់បន្ថយភាពឯកោ។​

ស្ត្រីវ័យ៧១ឆ្នាំរូបនេះដែលកំពុងមានជំងឺឈឺក្បាលជង្គង់ និងជំងឺប្រចាំកាយផ្សេងទៀតនោះ ឱ្យដឹងថា រូបគាត់មានកូនដែរ តែគាត់សម្រេចរៀបចំអាហារឬដាំស្លនៅដាច់ដោយឡែក ព្រោះគាត់ថា អាចបរិភោគអ្វីដែលគាត់ឃ្លាន ដោយមិនខ្លាចចិត្តកូនបង្កើតខ្លួនឯង និងកូនប្រសា។ អ្នកស្រីថា ពេលគាត់វ័យចាស់ ចំណង់នៃការទទួលទានអាហារមានការប្រែប្រួល ហើយពេលខ្លះក៏ឃ្លានញឹកញាប់ មិនត្រូវតាមពេលដែលកូនចៅទូទៅទទួលទានអាហារ។ ចំពោះចំណូលវិញ គាត់ថាបានពីការលក់បន្លែផ្លែឈើក្បែរផ្ទះខ្លះ និងបានពីកូនចៅជូនខ្លះ។​

អ្នកស្រីបន្តថា មិនថារូបគាត់ឬមនុស្សចាស់ក្នុងភូមិផ្សេងទៀតនោះទេ សុទ្ធតែត្រូវការការជួយនិងយកចិត្តទុកដាក់បន្ថែម។

អ្នកស្រី ព្រីង ហាន៖ «ចង់ឱ្យជួយចាស់ៗហ្នឹងឱ្យគាត់មានហូប មានចាយ ព្រោះគាត់ចាស់ហើយ គាត់រកអ្វីមិនបាន ឱ្យតែមានការជួយមក គាត់អរគុណហើយ ព្រោះគាត់រកអីលែងបាន នេះតាមដែលខ្ញុំពិនិត្យឃើញសព្វថ្ងៃ»។​

លោក សៅ ជី ដែលមានវ័យ៧៦ឆ្នាំ ហើយបច្ចុប្បន្នពិការភ្នែកម្ខាង និងរស់នៅម្នាក់ឯង ដោយសារកូនចៅត្រូវទៅរកការងារធ្វើនៅស្រុកផ្សេងៗ។ លោកថា ក្នុងការរស់នៅជួបការលំបាកច្រើន ហើយមិនសូវមានអ្នកយកចិត្តទុកដាក់ ធ្វើឱ្យលោកមានអារម្មណ៍ឯកោ។​ លោក សៅ ជី ចង់ឱ្យមានក្រុមជួយដល់មនុស្សចាស់នេះកើនឡើងថែមទៀត ត្បិតអ្នកដែលមានស្ថានភាពលំបាកប្រហាក់ប្រហែលលោកនៅមានច្រើនទៀត។​

លោក សៅ ជី៖ «ចាស់ៗលំបាក់នៅម្នាក់ឯង ហើយគ្នាអត់មានកូនមានចៅអីនៅជាមួយ អ៊ីចឹងពិបាក»។​

លោក សៅ ជី ដែលប្រពន្ធលោកស្លាប់ជិត១០ឆ្នាំមកនេះ ក្រៅពិការភ្នែកម្ខាង លោកក៏មានជំងឺប្រចាំកាយផ្សេងទៀត ធ្វើឱ្យលោកមិនមានកម្លាំងក្នុងការធ្វើការងាររកចំណូលនោះទេ មានតែរង់ចាំលុយជួយពីកូនដែលរស់នៅផ្ទះផ្សេងឬរស់នៅខេត្តផ្សេងៗ។ ​បុរសចំណាស់រូបនេះ ​រស់នៅម្នាក់ឯងក្នុងកូនផ្ទះតូចមួយដែលមានទំហំប្រមាណ៣គុណ៤ម៉ែត្រ ដំបូលនិងជញ្ជាំងប្រើស័ង្កសីដើម្បីបិទបាំង។​

នៅក្នុងឃុំព្រែកស្ដី បច្ចុប្បន្នមានភូមិចំនួន​១៥ មានប្រជាជនជិត២០ ០០០នាក់ (ពីរម៉ឺននាក់)។ អ្នកស្រី ព្រីង ហាន ឱ្យដឹងថា រូបគាត់កំពុងប្រមូលទិន្នន័យ រួមទាំងស្ថានភាពជីវភាពមនុស្សពីភូមិផ្សេងៗ ដើម្បីពិគ្រោះយោបល់រៀបផែនការបន្ត ហើយចំណែកការជួយបានទំហំប៉ុណ្ណានោះ អាស្រ័យលើជំនួយពីមនុស្សវ័យដែលរកចំណូលបាន ទាំងនៅក្នុងភូមិ និងសប្បុរសជនមួយចំនួនទៀតនៅភ្នំពេញ។​

យុវជន ផល្លា ផាន្និត មានស្រុកកំណើតនៅក្នុងឃុំព្រែកស្ដីនេះ ហើយក៏ជាអ្នកជួយដល់ក្រុមមនុស្សចាស់ជរាទាំងនេះដែរ ​លើកឡើងថា មនុស្សចាស់កំពុងជួបការលំបាក ហើយត្រូវការការជួយពីមនុស្សពេញកម្លាំង។

យុវជន ផល្លា ផាន្និត៖ «ល្អបំផុត និយាយឱ្យចំ គឺល្អតែម្ដង។ ចាស់ៗភាគច្រើនដូចខ្ញុំនិយាយអ៊ីចឹង ត្រូវការទិញម្ហូប ទិញអីអ៊ីចឹងទៅ ហើយពួកគាត់រកលុយអត់បានទេ ចាស់ៗនោះ មិនដឹងរកលុយឯណាបានទេ»។​

យុវជន​វ័យ២៧ឆ្នាំរូបនេះ បង្ហាញការយល់ពីការលំបាករបស់មនុស្សចាស់ ហើយមានអារម្មណ៍រីករាយ ពេលដែលបានរួមចំណែកខ្លះក្នុងការបន្ថយការលំបាករបស់មនុស្សចាស់។

យុវជន ផល្លា ផាន្និត៖ «មានអារម្មណ៍អរសប្បាយចិត្ត។ និយាយរួម ពេលយកអីទៅជូនគាត់អ៊ីចឹងទៅ គាត់ញញឹមសប្បាយចិត្ត ចង់ឃើញស្នាមញញឹមរបស់គាត់ ធ្វើឱ្យការរស់នៅសប្បាយរីករាយ»។​

ក្រៅពីការបង្កើតក្រុមជួយខ្លួនឯងនេះ ក្រុមមនុស្សចាស់ក៏ចង់ឱ្យមានគោលនយោបាយជួយពួកគាត់បន្ថែមផ្នែកសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ផ្សេងៗពីស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល និងអាជ្ញាធរដែនដី។​

ជុំវិញករណីនេះ លោក ឃុយ គា មេឃុំព្រែកស្ដី មិនបកស្រាយទេ ដោយបង្ហាញការព្រួយបារម្ភថា អ្នកព័ត៌មានកាត់យកតែផ្នែកណាមួយនៃការសម្ភាសយកទៅផ្សាយ ធ្វើឱ្យបាត់បង់ខ្លឹមសារដើម។​

លោក ឃុយ គា៖ «កន្លងមក អ្នកព័ត៌មានសម្ភាសច្រើន ហើយតែងតែយកចំណុចតូចមួយទៅចុះផ្សាយ ខ្ញុំមិនចូលចិត្ត។ សុំទោស ខ្ញុំជាប់ប្រជុំ»។​

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ថា មនុស្សចាស់ដែលរដ្ឋាភិបាលកំណត់ គឺចាប់ពីអ្នកមានអាយុ៦០ឆ្នាំឡើងទៅ បច្ចុប្បន្នមានប្រមាណ១លាន២សែននាក់។ លោកបន្តថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ហើយមានបង្កើតជាសៀវភៅគោលនយោបាយមនុស្សចាស់។ លោក តូច ចាន់នី បន្តថា បច្ចុប្បន្ន កម្មវិធីដែលដំណើរការសកម្មនោះ គឺសមាគមមនុស្សចាស់បង្កើតគ្រប់កន្លែងនៅទូទាំងប្រទេស។​

លោក តូច ចាន់នី៖ «សមាគមជួយដល់អ្នកស្លាប់បានប៉ុន្មាន! អ្នកជួបការលំបាកបានប៉ុន្មានអីអ៊ីចឹងទៅ! មានតែសមាគមទេ ឥលូវដើរតួនាទីសំខាន់ ហើយយើងបានបង្កើតសមាគមគ្រប់ឃុំ-សង្កាត់ទាំងអស់»។​

សៀវភៅគោលនយោបាយជាតិសម្រាប់មនុស្សចាស់របស់រដ្ឋាភិបាល អនុវត្តពីឆ្នាំ២០១៧ ដល់២០៣០ មានកម្រាស់ជិត១០០ទំព័រ បានចែងលម្អិតច្រើនពីស្ថានភាពមនុស្សនិងក្រុមការងារត្រូវជួយ។​

លោក តូច ចាន់នី បញ្ជាក់ថា សមាគមដែលរដ្ឋាភិបាលបង្កើតឡើង គឺជួយទៅតាមស្ថានភាពជាក់ស្ដែង ដោយកន្លែងខ្លះជួយជាស្បៀងអាហារដល់មនុស្សចាស់ក្រីក្រ និងកន្លែងខ្លះទៀតជួយឧបត្ថម្ភដល់គ្រួសារនៅពេល​ស្លាប់។​

ចំណុចទី៤៥ នៃសៀវភៅគោលនយោបាយរបស់មនុស្សចាស់នេះ ក៏លើកឡើងពីការយកចិត្តទុកដាក់ ជំរុញឱ្យមានការទំនាក់ទំនងរវាងមនុស្សវ័យចាស់និងវ័យផ្សេងៗទៀត។

សៀវភៅគោលនយោបាយ៖ «វិធានការនានាដែលលើកទឹកចិត្តដល់អន្តរទំនាក់ទំនងរវាងមនុស្សមានវ័យផ្សេងគ្នា ដើម្បីលើកទឹកចិត្តដល់ទំនាក់ទំនង អន្តរជំនាន់ ត្រូវចាត់ទុកជាការងារអាទិភាព។ ផ្អែកតាមប្រពៃណីជាតិរឹងមាំ ប្រព័ន្ធគ្រួសារដែលមានការរស់ជុំគ្នានៃមនុស្សច្រើនជំនាន់ដែលចាក់ឫសគល់ក្នុងទូទាំងសង្គម ផ្ដល់នូវមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងភាពសុខដុមអន្តរជំនាន់»

ងាកមកឃុំព្រែកស្ដីវិញ លោក សៅ ជី បញ្ជាក់ថា សមាគមដែលអាជ្ញាធរផ្សព្វផ្សាយ គឺត្រូវឱ្យមនុស្សចាស់ឬគ្រួសារមនុស្សចាស់បង់២ ០០០រៀលរាល់ខែ ហើយដល់ពេលស្លាប់ សមាគមបង្វិលលុយមកជួយឧបត្ថម្ភដល់គ្រួសារវិញ។​

លោក សៅ ជី៖ «គេទើបបង្កើតសមាគមគេឥលូវ បង់១ខែ ២០០០រៀល។ សមាគមចាស់ៗទើបតែគេប្រាប់ សម្រាប់ខ្មោច សម្រាប់ស្លាប់ បង់១ខែ ២០០០ទុក។ បើស្លាប់ទើបបានលុយ បើមិនស្លាប់ទុកនៅហ្នឹងទៅ»។

លោក សៅ ជី មិនជំទាស់នឹងការត្រៀមលុយសម្រាប់មនុស្សចាស់ស្លាប់នេះទេ តែលោកស្នើឱ្យមានកម្មវិធីបន្ថែមទៀត ដើម្បីជួយដល់មនុស្សនៅរស់ដែលកំពុងមានតម្រូវការនិងជួបការលំបាកច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ